បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នកគាំទ្រដែលតាមរំខាន Jungkook ក្រុម BTS ត្រូវតុលាកាសម្រេចព្យួរទោសជាប់ពន្ធនាគារ និងប្រឈម​ការបណ្តេញចេញពីប្រទេសកូរ៉េ

អ្នកគាំទ្រដែលតាមរំខាន Jungkook ក្រុម BTS ត្រូវតុលាកាសម្រេចព្យួរទោសជាប់ពន្ធនាគារ និងប្រឈម​ការបណ្តេញចេញពីប្រទេសកូរ៉េ

អ្នកគាំទ្រជនជាតិប្រេស៊ីលម្នាក់ ដែលបានធ្វើសកម្មភាពតាមរំខាន (Stalk) សមាជិកក្រុម BTS Jungkook ជាច្រើនលើកច្រើនសា ដោយបានចុចកណ្ដឹងទ្វារផ្ទះរបស់លោកចំនួន ១៣៣ ដងក្នុងមួយយប់ និងបានលបចូលទៅក្នុងបរិវេណផ្ទះរបស់លោកដោយលួចដើរតាមក្រោយបុគ្គលិកដឹកជញ្ជូន ពេលនេះត្រូវបានតុលាការសម្រេចព្យួរទោស និងរំពឹងថានឹងត្រូវបណ្តេញចេញពីប្រទេសកូរ៉េខាងត្បូង។

Advertisement

យោងតាមសាលក្រមរបស់តុលាការ ចៅក្រម Park Ji Won នៃតុលាការ​ Seoul Western District Court បានកាត់ទោសស្ត្រីជនជាតិប្រេស៊ីលម្នាក់ ដែលត្រូវបានកំណត់អត្តសញ្ញាណត្រឹមអក្សរ «A» ឱ្យជាប់ពន្ធនាគាររយៈពេល ១ ឆ្នាំ ប៉ុន្តែត្រូវព្យួរទោសទុកក្នុងរយៈពេល ២ ឆ្នាំ។ នាងត្រូវបានឃាត់ខ្លួន និងចោទប្រកាន់ពីបទរំលោភលើច្បាប់ប្រឆាំងការតាមរំខាន និងការចូលលំនៅឋានរបស់អ្នកដទៃដោយខុសច្បាប់នៅក្នុងប្រទេសកូរ៉េខាងត្បូង។

ចុចកណ្ដឹងទ្វារផ្ទះ ១៣៣ ដងក្នុងមួយយប់

ហេតុការណ៍នេះបានចាប់ផ្តើមឡើងនៅក្នុងខែធ្នូ ឆ្នាំមុន។ ឯកសារតុលាការបានបង្ហាញថា ជនជាប់ចោទ «A» បានធ្វើដំណើរទៅកាន់លំនៅឋានរបស់ Jungkook នៅក្នុងសង្កាត់ Yongsan ទីក្រុងសេអ៊ូល ចំនួន ២២ ដង ក្នុងរយៈពេលប្រហែលមួយខែ ដោយចាប់ផ្តើមតាំងពីថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២០២៥។

សេចក្ដីរាយការណ៍បានឱ្យដឹងថា នាងបានដើរក្រវែលជុំវិញបរិវេណផ្ទះដើម្បីរង់ចាំតារាចម្រៀងរូបនេះ ព្រមទាំងបានគប់របស់របរចូលតាមរបង និងបានញាត់សំបុត្រតាមប្រហោងទ្វារថែមទៀត។ គ្រាន់តែនៅក្នុងថ្ងៃទី ១២ ខែធ្នូ តែមួយថ្ងៃប៉ុណ្ណោះ នាងបានចុចកណ្ដឹងទ្វារផ្ទះរបស់លោកចំនួន ១៣៣ ដង ចន្លោះពីពេលល្ងាចរហូតដល់យប់ជ្រៅ ដែលស្តែងឱ្យឃើញពីកម្រិតនៃការឈ្លក់វង្វេងយ៉ាងខ្លាំង ដូចដែលតុលាការបានពិពណ៌នា។

សកម្មភាពរបស់នាងកាន់តែឈានទៅមុខខ្លាំងជាងនេះនៅថ្ងៃបន្ទាប់។ នៅល្ងាចថ្ងៃទី ១៣ ខែធ្នូ ជនជាប់ចោទ «A» បានកត់សម្គាល់ឃើញបុគ្គលិកដឹកជញ្ជូនអាហារម្នាក់កំពុងដើរចូលទៅក្នុងបរិវេណផ្ទះតាមទ្វារចំហៀង។ នាងបានរង់ចាំនៅខាងក្រៅ ហើយក៏បានលបលួចដើរចូលតាមទ្វារចំហៀងដែលមិនទាន់បិទ បន្ទាប់ពីបុគ្គលិកដឹកជញ្ជូននោះដើរចេញមកវិញ ដែលជាការចូលលំនៅឋានរបស់ Jungkook ដោយខុសច្បាប់។

នៅតែបន្តតាមរំខាន ទោះបីជាមានការព្រមានពីប៉ូលីស

ជនជាប់ចោទ «A» ត្រូវបានចាប់ខ្លួននៅនឹងកន្លែងកើតហេតុ ហើយត្រូវបានដោះលែងវិញនៅថ្ងៃបន្ទាប់ បន្ទាប់ពីទទួលបានការព្រមានយ៉ាងម៉ឺងម៉ាត់ពីប៉ូលីសមិនឱ្យចូលទៅជិតលំនៅឋាននោះទៀតឡើយ។ ទោះជាយ៉ាងណាក៏ដោយ រដ្ឋអាជ្ញាបាននិយាយថា នាងនៅតែបន្តទៅកាន់ទីនោះបន្ទាប់ពីត្រូវបានដោះលែង ដោយបានចុចកណ្ដឹងទ្វារ និងបន្សល់ទុកសំបុត្រ ក៏ដូចជារបស់របរផ្សេងៗ។

នៅថ្ងៃទី ២៨ ខែធ្នូ ប៉ូលីសបានចេញដីកាការពារជាបន្ទាន់ ដោយហាមឃាត់នាងមិនឱ្យចូលទៅជិតក្នុងរង្វង់ ១០០ ម៉ែត្រពីលំនៅឋានរបស់ Jungkook ឡើយ ដែលដីកានេះត្រូវបានអនុម័តដោយតុលាការនៅពេលក្រោយ។ ទោះបីជាមានការរឹតបន្តឹងក៏ដោយ ក៏ជនជាប់ចោទ A ត្រូវបានចោទប្រកាន់ថាបានត្រឡប់មកវិញម្តងទៀតនៅថ្ងៃទី ៤ ខែមករា ហើយបានបន្សល់ទុករូបថត និងឯកសារមួយចំនួននៅជិតបរិវេណផ្ទះ ដែលបណ្តាលឱ្យមានការចោទប្រកាន់បន្ថែម។

តុលាការលើកឡើងពីការខ្វះចេតនាបង្កគ្រោះថ្នាក់ និងការបណ្តេញចេញពីប្រទេសក្នុងពេលឆាប់ៗ

នៅក្នុងការប្រកាសសាលក្រម តុលាការបានទទួលស្គាល់ពីភាពធ្ងន់ធ្ងរនៃបទល្មើស ដោយកត់សម្គាល់ថា ជនជាប់ចោទ A នៅតែបន្តអាកប្បកិរិយារបស់នាង ទោះបីជាមានការព្រមានពីប៉ូលីស និងបានរំលោភលើដីកាការពារជាបន្ទាន់ក៏ដោយ។ ម្យ៉ាងវិញទៀត ជនរងគ្រោះក៏បានស្នើសុំឱ្យមានការផ្តន្ទាទោសធ្ងន់ធ្ងរផងដែរ។

ទោះជាយ៉ាងណាក៏ដោយ តុលាការបានពិចារណាលើកត្តាបន្ធូរបន្ថយទោសមួយចំនួន ដោយបានលើកឡើងថា៖

«ចុងចោទហាក់បីដូចជាបានប្រព្រឹត្តបទល្មើសក្នុងបំណងចង់បង្ហាញពីអារម្មណ៍របស់ខ្លួនទៅកាន់ជនរងគ្រោះ ហើយមិនមានចេតនាបង្កគ្រោះថ្នាក់​រាងកាយឡើយ»។

តុលាការក៏បានកត់សម្គាល់ផងដែរថា Jungkook មិនបានដឹងផ្ទាល់ភ្លាមៗអំពីការចុចកណ្ដឹងទ្វារដដែលៗនៅពេលនោះទេ ហើយជនជាប់ចោទ «A» ក៏មិនបានចូលទៅជ្រៅដល់តំបន់រស់នៅផ្ទាល់ខ្លួនក្នុងផ្ទះនោះដែរ ខណៈការរំលោភលើដីកាបន្ទាន់គឺមានកម្រិតស្រាល។

តុលាការបានលើកឡើងបន្ថែមទៀតថា ការបណ្តេញចេញពីប្រទេសគឺជាកត្តាគន្លឹះក្នុងការសម្រេចចិត្តរបស់ខ្លួន។ យោងតាមសាលក្រម ជនជាប់ចោទ «A» បានចំណាយពេលប្រហែល ៣ ខែរួចមកហើយនៅក្នុងការឃុំឃាំង ហើយនៅពេលដែលសាលក្រមនេះចូលជាស្ថាពរ នាងត្រូវបានគេរំពឹងថានឹងត្រូវបង្ខំឱ្យបណ្តេញចេញពីប្រទេសកូរ៉េខាងត្បូង។ ហេតុដូច្នេះ តុលាការបានសន្និដ្ឋានថា លទ្ធភាពដែលនាងនឹងប្រព្រឹត្តបទល្មើសម្តងទៀតប្រឆាំងនឹង Jungkook គឺមានកម្រិតទាប ៕

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

មានបទពិសោធន៍ច្រើនឆ្នាំ ក្នុងការងារជាអ្នកផលិតមាតិកា និងការីនិពន្ធនៅក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករួមមានវិបសាយ ទូរទស្សន៍ ទស្សនាវដ្ដី និងមាតិកាបណ្ដាញសង្គមនានា។ បច្ចុប្បន្ន វ៉ាន់ថន ជាការីនិពន្ធនៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា