ទិន្នន័យពីរដ្ឋាភិបាលកូរ៉េខាងត្បូង បានបង្ហាញថា ភ្ញៀវទេសចរបរទេសដែលបានធ្វើដំណើរមកកាន់ប្រទេសកូរ៉េ ដើម្បីចូលរួមការប្រគំតន្ត្រី BTS បានស្នាក់នៅក្នុងប្រទេសរយៈពេលយូរជាង និងចំណាយប្រាក់ច្រើនជាងភ្ញៀវទេសចរទូទៅ។

ទិន្នន័យពីរដ្ឋាភិបាលកូរ៉េខាងត្បូង បានបង្ហាញថា ភ្ញៀវទេសចរបរទេសដែលបានធ្វើដំណើរមកកាន់ប្រទេសកូរ៉េ ដើម្បីចូលរួមការប្រគំតន្ត្រី BTS បានស្នាក់នៅក្នុងប្រទេសរយៈពេលយូរជាង និងចំណាយប្រាក់ច្រើនជាងភ្ញៀវទេសចរទូទៅ។

នៅថ្ងៃទី២៨ ខែមេសា នេះ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ រួមជាមួយវិទ្យាស្ថានវប្បធម៌ និងទេសចរណ៍កូរ៉េ និងអង្គការទេសចរណ៍កូរ៉េ បានចេញផ្សាយលទ្ធផលនៃការសិក្សាទៅលើការប្រគំតន្ត្រីវិលត្រឡប់មកវិញរបស់ក្រុមចម្រៀងខេប៉ុបបុរស BTS នៅទីតាំងចំនួន ២ រួមមាន ទីក្រុងសេអ៊ូល និងទីក្រុង Goyang។
លទ្ធផលបានបង្ហាញថា ភ្ញៀវទេសចរបរទេសដែលបានមកចូលរួមការប្រគំតន្ត្រីនៅតំបន់ Gwanghwamun ទីក្រុងសេអ៊ូល កាលពីថ្ងៃទី ២១ ខែមីនា កន្លងទៅ បានស្នាក់នៅជាមធ្យម ៨.៧ ថ្ងៃ និងចំណាយប្រាក់អស់ជាង ៣.៥៣ លានវ៉ុន ឬប្រមាណ ២ ៣៧០ ដុល្លារអាមេរិក។
បើប្រៀបធៀបនឹងភ្ញៀវទេសចរទូទៅក្នុងត្រីមាសទីមួយនាឆ្នាំ ២០២៦ ក្រុមអ្នកគាំទ្រ ARMY ទាំងនេះស្នាក់នៅយូរជាងភ្ញៀវទូទៅ ២.៦ ថ្ងៃ និងចំណាយប្រាក់ច្រើនជាង ១.០៨លានវ៉ុន ឬប្រមាណ ៧៣០ដុល្លារអាមេរិក។

ដោយឡែកសម្រាប់ការប្រគំតន្ត្រីរយៈពេល ៣ថ្ងៃ នៅទីក្រុង Goyang វិញ ទិន្នន័យបានបង្ហាញថា ភ្ញៀវទេសចរបរទេសស្នាក់នៅជាមធ្យម ៧.៤ ថ្ងៃ និងចំណាយប្រាក់ ២.៩១ លានវ៉ុន ល្បាក់ ១ ៩៧០ ដុល្លារអាមេរិក។ ការប្រគំតន្ត្រីនេះ ក៏បានជះឥទ្ធិពលល្អដល់សេដ្ឋកិច្ចនៅក្នុងតំបន់ពហុកីឡដ្ឋាន Goyang ផងដែរ ដោយចំនួនភ្ញៀវបរទេសបានកើនឡើង ៣៥ ដង ជាមួយនឹងការចំណាយកើនឡើង ៣៨ ដង បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
បច្ចុប្បន្ន រដ្ឋាភិបាលកូរ៉េខាងត្បូងកំពុងស្វែងរកវិធីសាស្រ្តទាញយកផលប្រយោជន៍ពីប្រជាប្រិយភាពវប្បធម៌ប៉ុបរបស់កូរ៉េលើឆាកអន្តរជាតិ រួមមានតន្ត្រីខេប៉ុប រឿងភាគ ភាពយន្ត និងហ្គេម ដើម្បីជំរុញវិស័យទេសចរណ៍ឱ្យរីកសាយភាយលើសពីទីក្រុងសេអ៊ូល ទៅកាន់តំបន់ផ្សេងៗទៀត។

ស្របគ្នានឹងគោលបំណងនេះ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍គ្រោងនឹងរៀបចំព្រឹត្តិការណ៍ស្វាគមន៍រយៈពេល ២ សប្តាហ៍ក្នុងខែមិថុនា ខាងមុខ ដែលផ្សារភ្ជាប់ទៅនឹងការប្រគំតន្ត្រីរបស់ BTS នៅឯទីក្រុង Busan ក្នុងគោលបំណងលើកទឹកចិត្តឱ្យភ្ញៀវទេសចរបរទេសបានទៅទស្សនាតំបន់ផ្សេងទៀតនៃប្រទេស មិនមែនតែត្រឹមទីក្រុងសេអ៊ូល។
តំណាងពីក្រសួងខាងលើនេះក៏បានបញ្ជាក់ដែរថា រដ្ឋាភិបាលនឹងផ្ដោតទៅលើទេសចរណ៍វប្បធម៌ចំពោះភ្ញៀវបរទេស ជាយុទ្ធសាស្ត្រមួយជំរុញឱ្យអ្នកទេសចរទាំងនោះ ស្នាក់នៅក្នុងប្រទេសឱ្យបានយូរជាងមុន៕
