យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Korea Times កាលពីថ្ងៃទី១៦ ខែមេសា បានឱ្យដឹងថា ការប្រគំតន្ត្រីរបស់ក្រុម BTS នៅក្នុងប្រទេសកូរ៉េនាពេលថ្មីៗនេះ បានធ្វើឱ្យមានការកើនឡើងយ៉ាងខ្លាំងនូវការចំណាយពីសំណាក់អ្នកគាំទ្របរទេស ដោយការទូទាត់តាមកាតឥណទានមានចំនួនលើសពី ៥៥.៥ ពាន់លានវ៉ុន (ប្រមាណ ៣៧.៦ លានដុល្លារអាមេរិក) និងបានផ្លាស់ប្តូរមុខមាត់ពាណិជ្ជកម្មក្នុងតំបន់ជុំវិញទីតាំងប្រគំតន្ត្រីគួរឱ្យកត់សម្គាល់។
ទិន្នន័យពីក្រុមហ៊ុន Hana Card បានបញ្ជាក់ថា តាមរយៈការវិភាគលើប្រតិបត្តិការកាតបរទេសដែលទាក់ទងនឹងការសម្តែងចំនួន ៣ លើកចុងក្រោយរបស់ BTS នៅកីឡដ្ឋាន Goyang Stadium បានរកឃើញថា មានភ្ញៀវបរទេសប្រហែល ៣ ម៉ឺននាក់ បានធ្វើការចំណាយក្នុងកំលុងពេលប្រគំតន្ត្រី។
ក្រុមហ៊ុនកាតដដែលនេះបានបន្តថា ផ្អែកលើការប៉ាន់ស្មានកម្រិតទាបនៃចំនួនភ្ញៀវ ៣ ម៉ឺននាក់ តួលេខសរុបនៃការចំណាយលើគ្រប់ផ្នែក រួមមានសំបុត្រយន្តហោះ ការស្នាក់នៅ ការទទួលទានអាហារ និងការទិញទំនិញ បានឈានដល់ជាង ៥៥.៥ ពាន់លានវ៉ុន។ តួលេខនេះអាចហក់ឡើងដល់ ៧៤ ពាន់លានវ៉ុន ប្រសិនបើមានភ្ញៀវ ៤ ម៉ឺននាក់ និងដល់ ៩២.៦ ពាន់លានវ៉ុន ប្រសិនបើមានភ្ញៀវ ៥ ម៉ឺននាក់ ដែលស្ទើរតែឈានដល់ ១០០ ពាន់លានវ៉ុន (ប្រមាណ ៦៧.៤ លានដុល្លារ)។
អ្នកគាំទ្រទាំងនោះបានទិញសំបុត្រជាមធ្យម ២ សន្លឹកក្នុងម្នាក់ ដែលឆ្លុះបញ្ចាំងពីនិន្នាការនៃការចូលរួមទស្សនាច្រើនដង និងការទិញជាក្រុមក្នុងចំណោមអ្នកគាំទ្រស្មោះស្ម័គ្រ។
អ្នកគាំទ្រជប៉ុនមានចំនួន ៣២ ភាគរយនៃអ្នកទិញបរទេសទាំងអស់ បន្ទាប់មកគឺតៃវ៉ាន់ ១២ ភាគរយ ហ្វីលីពីន ៧ ភាគរយ ហុងកុង ៥ ភាគរយ និងសហរដ្ឋអាមេរិក ៥ ភាគរយ ដោយក្នុងនោះអ្នកចូលទស្សនាជនជាតិអាស៊ីមានចំនួនច្រើនជាង ៧៥ ភាគរយនៃចំនួនសរុប។
ការប្រគំតន្ត្រីនេះដែរបានជំរុញឱ្យមានការកើនឡើងយ៉ាងខ្លាំងនៃលំហូរចំណាយក្នុងតំបន់ ដោយក្នុងកំលុងសប្តាហ៍នៃព្រឹត្តិការណ៍ ចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ១២ ខែមេសា ប្រតិបត្តិការកាតបរទេសនៅតំបន់ជុំវិញកីឡដ្ឋាន Goyang Stadium បានហក់ឡើង ៨០៧ ភាគរយ ធៀបនឹងមួយសប្តាហ៍មុន ខណៈការចំណាយសរុបកើនឡើង ២៣១ ភាគរយ។
រីឯចំនួនកាតដែលបានប្រើប្រាស់ក៏បានកើនឡើងប្រមាណ ១២៥០ ភាគរយ ដែរដែលក្នុងនោះការកើនឡើងខ្លាំងបំផុតឃើញមាននៅតាមម៉ាតលក់ទំនិញ (កើនឡើង ១០៦៩ ភាគរយ) និងហាងកាហ្វេ (កើនឡើង ១១០៩ ភាគរយ)។ ការចំណាយនៅតាមភោជនីយដ្ឋានកើនឡើង ៦០០ ភាគរយ ស្របពេលការទិញទំនិញផ្សេងៗកើនឡើង ៦២៩ ភាគរយ។
ក្រុមហ៊ុន Hana Card បានលើកឡើងថា លំនាំនេះបង្ហាញឱ្យឃើញថា ការចំណាយដ៏ច្រើនក្នុងរយៈពេលខ្លីជុំវិញទីតាំងប្រគំតន្ត្រី អាចផ្តល់ផលប្រយោជន៍ដោយផ្ទាល់ដល់អាជីវកម្មខ្នាតតូច និងអ្នកលក់រាយនៅក្បែរនោះ។
ជាចុងក្រោយ ក្រុមហ៊ុន Hana Card បានសង្ខេបថា ការប្រគំតន្ត្រី K-pop ខ្នាតធំ បានបង្កើតឱ្យមានចំណូលសេដ្ឋកិច្ចលើសពីការលក់សំបុត្រធម្មតា និងអាចទាក់ទាញលំហូរប្រាក់ចំណាយពីបរទេសយ៉ាងច្រើនចូលមកក្នុងប្រទេសកូរ៉េក្នុងរយៈពេលដ៏ខ្លីបំផុត ៕