កម្មវិធីស្តាប់តន្ត្រីដ៏ល្បីល្បាញ Spotify បានបង្ហាញរបាយការណ៍ដែលដាក់ឈ្មោះថា “The BTS Effect” និយាយពីសន្ទុះប្រជាប្រិយភាពរបស់ក្រុម BTS ដែលបានហក់ឡើងយ៉ាងខ្លាំង បន្ទាប់ពីក្រុមខេប៉ុបមួយនេះបានវិលត្រលប់មកវិញ ជាមួយអាល់ប៊ុមថ្មី ARIRANG។

កម្មវិធីស្តាប់តន្ត្រីដ៏ល្បីល្បាញ Spotify បានបង្ហាញរបាយការណ៍ដែលដាក់ឈ្មោះថា “The BTS Effect” និយាយពីសន្ទុះប្រជាប្រិយភាពរបស់ក្រុម BTS ដែលបានហក់ឡើងយ៉ាងខ្លាំង បន្ទាប់ពីក្រុមខេប៉ុបមួយនេះបានវិលត្រលប់មកវិញ ជាមួយអាល់ប៊ុមថ្មី ARIRANG។

ចែករំលែកនៅលើគណនី Instagram នៅថ្ងៃទី២៥ ខែ មីនា នេះ របាយការណ៍ “The BTS Effect” បានបញ្ជាក់ថា បន្ទាប់ពីសមាជិកទាំង ៧ រូបបានចេញផ្សាយអាល់ប៊ុមពេញខ្នាតទី ៥ ក្រុមខេប៉ុបមួយនេះទទួលបានអ្នកស្ដាប់ថ្មីៗ ឬ First-time listeners ដែលមិនធ្លាប់ស្តាប់បទចម្រៀងរបស់ខ្លួនពីមុនមក កើនឡើងរហូតដល់ ៦៩០ភាគរយ។
ទន្ទឹមគ្នានេះ នៅថ្ងៃទី២០ ខែមីនា ដែលជាថ្ងៃអាល់ប៊ុមចេញផ្សាយជាផ្លូវការ BTS ក៏បានជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងតារាង Daily Top Artists Chart កាន់កាប់ប្រជាប្រិយភាពនៅជាង ៧០ តំបន់ជុំវិញពិភពលោក។ ដោយឡែក នៅចុងសប្តាហ៍ដែលបញ្ចេញអាល់ប៊ុម ARIRANG ក្រុម BTS ទទួលបានចំណាត់ថ្នាក់ជាង ២៦០ចំណាត់ថ្នាក់ សុទ្ធសឹងតែនៅក្នុងលំដាប់កំពូលទាំង ៥០ លើតារាងដូចជា Daily Top Songs និង Daily Top Artists របស់ Spotify នៅទូទាំងពិភពលោក។ ក្នុងរយៈពេលតែមួយ ក្រុមអ្នកគាំទ្រ ARMY ក៏បានបញ្ចូលបទចម្រៀងថ្មីទាំងនេះ ទៅក្នុងបញ្ជីចម្រៀងផ្ទាល់ខ្លួន (Playlist) ច្រើនជាង ១១.៧ លានដងផងដែរ។

ស្ថិតិដ៏គួរឱ្យចាប់អារម្មណ៍មួយទៀតនោះគឺ បន្ទាប់ពី BTS ឡើងសម្ដែងលើឆាកកម្មវិធីប្រគំតន្ត្រី Comeback រួចរាល់ ចំនួននៃការចូលស្តាប់បទចម្រៀងក្នុងអាល់ប៊ុម ARIRANG បានកើនឡើងដល់ទៅ ១២០ភាគរយ។ ខណៈស្នាដៃចម្រៀងពីអាល់ប៊ុមចាស់ដូចជាបទ Mikrokosmos ក៏មានការកើនឡើងនូវចំនួនស្តាប់ដល់ទៅ ២៥០ ភាគរយ បើធៀបនឹងមួយថ្ងៃមុនពេលមានការប្រគំតន្ត្រី។
អាចនិយាយបានថា ការវិលត្រឡប់មកវិញរបស់ BTS ជាមួយស្នាដៃដំបូងក្នុងរយៈពេលជិត ៤ ឆ្នាំនេះ គឺជាព្រឹត្តិការណ៍ដ៏អស្ចារ្យសម្រាប់ពិភពវប្បធម៌ប៉ុប ខណៈក្លាយជាទីនិយាយដល់របស់អ្នកនិយមស្ដាប់ចម្រៀងខេប៉ុបនៅជុំវិញពិភពលោក៕

