ក្រុមអ្នកប្រាជ្ញ បណ្ឌិតមកពីជុំវិញពិភពលោកនឹងជួបជុំគ្នានៅក្នុងប្រទេសកូរ៉េ នៅថ្ងៃទី២ និងទី៣ ខែកក្កដានេះ ដើម្បីចូលរួមសន្និសីទកម្រិតសកល ដើម្បីសិក្សាអំពីឥទ្ធិពលវប្បធម៌របស់ក្រុម BTS តាមរយៈក្រុមអ្នកគាំទ្រ បច្ចេកវិទ្យា នយោបាយ និងសកលភាវូបនីយកម្ម។

ក្រុមអ្នកប្រាជ្ញ បណ្ឌិតមកពីជុំវិញពិភពលោកនឹងជួបជុំគ្នានៅក្នុងប្រទេសកូរ៉េ នៅថ្ងៃទី២ និងទី៣ ខែកក្កដានេះ ដើម្បីចូលរួមសន្និសីទកម្រិតសកល ដើម្បីសិក្សាអំពីឥទ្ធិពលវប្បធម៌របស់ក្រុម BTS តាមរយៈក្រុមអ្នកគាំទ្រ បច្ចេកវិទ្យា នយោបាយ និងសកលភាវូបនីយកម្ម។

ផ្អែកតាមការចុះផ្សាយរបស់ The Korea Times សន្និសីទលើកទី៥ ក្រោមឈ្មោះ “BTS: A Global Interdisciplinary Conference” នឹងប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និបាតអន្តរជាតិនៃសាកលវិទ្យាល័យជាតិ Jeonbuk ក្រោមប្រធានបទ “Hallyu ជំនាន់ក្រោយ និង BTS”។ ពាក្យថា Hallyu នេះ គឺសំដៅទៅលើរលកវប្បធម៌កូរ៉េ។
រៀបចំឡើងដោយសមាគមអន្តរជាតិសម្រាប់ការសិក្សាអំពី BTS (ISBS) សន្និសីទនេះនឹងប្រមូលផ្តុំវាគ្មិនចំនួន ៥០ រូប មកពី ១០ ប្រទេស រួមមាន ប្រទេសកូរ៉េខាងត្បូង សហរដ្ឋអាមេរិក ឥណ្ឌូណេស៊ី ហ្វីលីភីន វៀតណាម ម៉ុងហ្គោលី សាធារណរដ្ឋឆែក កាណាដា អូស្ត្រាលី និងជប៉ុន។

នៅក្នុងពិធីបើកសន្និសីទ លោក Lee Ji-haeng ដែលជាសាស្ត្រាចារ្យផ្នែក K-entertainment នៅសាកលវិទ្យាល័យជាតិ Jeonbuk នឹងថ្លែងសុន្ទរកថាបង្ហាញពីសារៈសំខាន់វប្បធម៌សម្រាប់ជំពូកថ្មីរបស់ BTS ក្រោយក្រុមនេះបានបញ្ចប់កាតព្វកិច្ចយោធារួចរាល់។ បន្ថែមពីនេះ លោកសាស្ត្រាចារ្យក៏នឹងធ្វើបទបង្ហាញ ស្ដីពីរបៀបដែលក្រុមអ្នកគាំទ្រ បច្ចេកវិទ្យាឌីជីថល ទំនាក់ទំនងជាសកល និងការចូលរួមរបស់ពលរដ្ឋ ដែលជាផ្នែកមួយបន្តជួយជ្រោមជ្រែងដល់ឥទ្ធិពលរបស់ក្រុមខេប៉ុបមួយនេះ។
សន្និសីទរយៈពេលពីរថ្ងៃនេះ រួមមានវគ្គសិក្ខាសាលាចំនួន ១១ វគ្គ ដែលគ្របដណ្តប់លើប្រធានបទចម្រុះ ចាប់ពីសហគមន៍អ្នកគាំទ្រ បច្ចេកវិទ្យាឌីជីថល រហូតដល់ទស្សនវិជ្ជា និរន្តរភាព និងសាសនា។
សូមរំឭកថា សន្និសីទប្រចាំឆ្នាំនេះបានចាប់ផ្តើមឡើងដំបូងក្នុងឆ្នាំ ២០២០ នៅឯសាកលវិទ្យាល័យ Kingston ក្នុងចក្រភពអង់គ្លេស។ ក្រោយមក ទើបសហការរៀបចំជាបន្តបន្ទាប់ ជាមួយនឹងសាកលវិទ្យាល័យ California State University, Northridge សាកលវិទ្យាល័យ Hankuk University of Foreign Studies និងសាកលវិទ្យាល័យ University of Malaya ក្លាយជាបណ្ដាញសិក្សាកម្រិតអន្តរជាតិមួយ ដែលផ្ដោតទៅលើ BTS និងរលកវប្បធម៌កូរ៉េសម័យទំនើប៕

