ម្ចាស់ឆានែល YouTube "Sojang" ត្រូវតុលាការបញ្ជាឱ្យសងប្រាក់ ១១ ម៉ឺនដុល្លារដល់ SM Entertainment ជុំវិញវីដេអូបរិហារកេរ្តិ៍សិល្បករជាច្រើន
ម្ចាស់ឆានែល YouTube “Sojang” ដែលជាឆានែលបង្ហោះព័ត៌មានចចាមអារ៉ាម និងព័ត៌មានក្លែងក្លាយដ៏ល្បីបំផុតមួយក្នុងវិស័យ K-pop ត្រូវបានតុលាការបញ្ជាឱ្យបង់ប្រាក់ចំនួន ១៧០ លានវ៉ុន (ប្រហែល ១១៥ ០០០ ដុល្លារអាមេរិក) ទៅឱ្យផលិតកម្ម SM Entertainment និងសិល្បករក្នុងផលិតកម្មនេះ ជុំវិញការបង្ហោះវីដេអូបរិហារកេរ្តិ៍ដែលផ្ដោតលើក្រុម aespa, EXO និង Red Velvet។
Advertisement
យោងតាមការបញ្ជាក់របស់ផលិតកម្ម SM Entertainment នៅថ្ងៃពុធនេះបង្ហាញថា តុលាការបានសម្រេចកាលពីថ្ងៃទី ២២ ខែមេសា បញ្ជាឱ្យម្ចាស់ឆានែលរូបនេះបង់ប្រាក់សរុប ១៣០ លានវ៉ុន ទៅឱ្យក្រុមចម្រៀងនារី aespa, Red Velvet និងក្រុមចម្រៀងបុរស EXO សម្រាប់ការចែកចាយវីដេអូដែលមានខ្លឹមសារវាយប្រហារបុគ្គល និងរំលោភលើសិទ្ធិបុគ្គលរបស់សិល្បករ។
យោងតាមផលិតកម្ម SM តុលាការបានលើកឡើងថា៖ «ម្ចាស់ឆានែលបានផ្សព្វផ្សាយព័ត៌មានមិនពិតអំពីតារាចម្រៀងរបស់ SM Entertainment តាមរយៈឆានែល Sojang និងបានប្រមាថពួកគេជាសាធារណៈ ដោយការផលិត និងបង្ហោះវីដេអូដែលមានខ្លឹមសារវាយប្រហារផ្ទាល់ខ្លួន ឬប្រើប្រាស់ពាក្យសម្ដីមើលងាយ»។