តារាសម្តែងស្រីចិនលំដាប់ជួរមុខ Dilraba Dilmurat បានធ្វើការវិលត្រឡប់មកកាន់ពន្លឺភ្លើងកាមេរ៉ាវិញយ៉ាងកក្រើក នៅក្នុងកម្មវិធីរាត្រីភាពយន្ត និងទូរទស្សន៍ចិនឆ្នាំ ២០២៦ (China Film & Television Night) នាទីក្រុងស៊ាងហៃ។ នេះជាការបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ធំលើកដំបូងរបស់នាងក្នុងរយៈពេល ៦០៥ ថ្ងៃ ដែលធ្វើឱ្យឈ្មោះរបស់នាងហក់ឡើងទៅឈរនៅលើកំពូលតារាងប្រធានបទដែលមានការ Search រកមើលច្រើនបំផុតភ្លាមៗនៅលើបណ្តាញសង្គមចិន។
ចូលរួមកម្មវិធីនោះ តារាស្រីវ័យ ៣៤ ឆ្នាំបានគ្រងឈុតរ៉ូបម៉ូដកន្ទុយត្រីពណ៌ក្រហមយ៉ាងចែងចាំង បង្ហាញពីរាងរៅសមសួនរួមផ្សំនឹងគ្រឿងអលង្ការដ៏ប្រណីត។ វត្តមានដ៏ទន់ភ្លន់ និងការដើរប្រកបដោយភាពជឿជាក់ បានធ្វើឱ្យនាងក្លាយជាតារាលេចធ្លោបំផុតប្រចាំរាត្រីនោះ។
រូបថត និងវីដេអូពីព្រឹត្តិការណ៍នេះបានរីករាលដាលយ៉ាងលឿន ដោយអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនបានពណ៌នានាងថាជា «ទេពធីតាចុះពីឋានសួគ៌» និងជា «ម្ចាស់ក្សត្រីកម្រាលព្រំក្រហម»។ អ្នកគាំទ្របានកោតសរសើរពីសមត្ថភាពរបស់នាងក្នុងការគ្របដណ្តប់លើទំព័រមុខសារព័ត៌មាន ដោយមិនចាំបាច់ពឹងផ្អែកលើការស្លៀកពាក់សិចស៊ីហួសហេតុឡើយ។ សូម្បីតែរូបថតកម្រិតភាពច្បាស់ទាបដែលថតដោយអ្នកគាំទ្រ ក៏មិនអាចបិទបាំងសម្រស់ពិតរបស់នាងបានដែរ។
ជាច្រើនឆ្នាំកន្លងមកនេះ ឌីលរ៉ាបា បានសាងកេរ្តិ៍ឈ្មោះជានិមិត្តរូបម៉ូដសម្លៀកបំពាក់ (Fashion Icon) ដ៏មានឥទ្ធិពលបំផុតម្នាក់ក្នុងចំណោមតារាស្រីចិនជំនាន់ក្រោយ។ បន្ថែមលើនេះ នាងទើបតែត្រូវបានចាត់បញ្ចូលទៅក្នុងបញ្ជីឈ្មោះតារាសម្តែងស្រីដែលស្អាតបំផុតនៅលើពិភពលោកប្រចាំឆ្នាំ ២០២៦ របស់គេហទំព័រ IMDb ដោយទទួលបានចំណាត់ថ្នាក់លេខ ៩។
ការបង្ហាញខ្លួនចុងក្រោយនេះ បានមកជួយបញ្ជាក់កាន់តែច្បាស់ពីឋានៈជាតារាជួរមុខ និងរំលឹកអ្នកគាំទ្រឱ្យឃើញថា ជាមួយនឹងការតុបតែងខ្លួនដ៏ប្រណីត និងអំណាចតារាដ៏ខ្លាំងក្លា Dilraba នៅតែជាបុគ្គលម្នាក់ក្នុងចំណោមបុគ្គលដែលគួរឱ្យទាក់ទាញ និងមានឥទ្ធិពលបំផុតនៅក្នុងវិស័យកម្សាន្តចិននាពេលបច្ចុប្បន្ន ៕