ត្រឹមមួយប៉ប្រិចភ្នែក អគ្គីភ័យដ៏កំណាចបានលេបត្របាក់លំនៅឋានរបស់នាថការីរបាំម្នាក់ ក្នុងខេត្តបាត់ដំបង ដែលជាសិស្សនៃសមាគមហ្វាពន្លឺសិល្បៈ ដោយបន្សល់ត្រឹមប័ណ្ណសរសើរ ចំណាត់ថ្នាក់លេខ១ មួយគំនរ ក្រោមសម្បកនៃដំបូលស័ង្កសីដែលឆេះខ្លោច។
ផ្ទះឈើប្រក់ដំបូលស័ង្កសី ដែលជាជម្រករបស់សមាជិកសរុបទាំងចាស់និងក្មេង ១៥ នាក់ ត្រូវអគ្គីភ័យឆាបឆេះ ខ្ទេចគ្មានសល់ ត្រឹមរយៈពេល មិនដល់ ១ ម៉ោងផង។ តាមរយៈការបង្ហោះជូនដំណឹងលើផេក Battambang City បានឱ្យដឹងថា កាលពីថ្ងៃទី ១ ខែ មេសា ឆ្នាំ ២០២៦ នៅត្រង់ចំណុចទីតាំងភូមិ កាប់គោថ្មី សង្កាត់អូចារ ក្រុងបាត់ដំបង មានអគ្គីភ័យមួយបានកើតឡើង ដោយមូលហេតុនៃការផ្ទុះសេខ្សែភ្លើង។ ការណ៍នេះបានបង្កការឆាបឆេះដល់លំនៅឋានមួយខ្នងរបស់ក្រុមគ្រួសារមួយដែលមានសមាជិក ដល់ទៅ ១៥ នាក់ ខ្ទិចអស់គ្មានសល់។
តាមការឱ្យដឹងបន្ថែមរបស់ផេកខាងលើ ផ្ទះមួយខ្នងដែលរងការឆាបឆេះ ខ្ទិចគ្មានសល់រូប គឺជាលំនៅឋានរបស់នាដការបាំដែលមានឈ្មោះ អាង សុម៉ាវត្តី នាងជាសិស្សសិល្បៈនៃសមាគមហ្វាពន្លឺសិល្បៈ ហើយក៏ជាសិស្សថ្នាក់ទី១០ ដែលកំពុងសិក្សាក្នុងវិទ្យាល័យ ហ្វារពន្លឺសិល្បៈ ក្នុងខេត្តបាត់ដំបង។ អាង សុមាវត្តី ត្រូវបានឱ្យដឹងបន្ថែមថា នាងជាសិស្សមកពីគ្រួសារដែលមានជីវភាពក្រខ្សត់ តែខិតខំប្រឹងប្រែងរៀនសូត្រ រហូតបានក្លាយជាសិស្សពូកែ តែជាអកុសល ប័ណ្ណសរសើរ ចំណាត់ថ្នាក់លេខ១ របស់នារីរបាំរូបនេះ បានរងការខូចខាត ដ្បិតនៅមានរូបរាង តែពិតមិនអាចយកទៅប្រើប្រាស់បាននោះទេ
ជាមួយគ្នា មហាជនបានបង្ហាញការអាណិតអាសូរដល់ក្រុមគ្រួសារ ជាពិសេសសិស្សរបាំដែលមានការតស៊ូក្នុងជីវិត ដោយបានផ្ដល់ជាជំនួយ ក៏ដូចជាថវិកា ដើម្បីយកទៅដោះស្រាយនូវបញ្ហាចម្បងក្នុងពេលនេះផងដែរ៕
រូបភាព ៖ Battambang City