ឱកាសមិនមែនមានច្រើនដង! ម្ចាស់ប្រ៊េន HK7 លោកស្រី អ៊ឹម សុគន្ធា បានសម្រេចចិត្តដកពាក្យបណ្ដឹងពី VJ សុភា ព្រមទាំងបានលើកលែងទោស និងផ្ដល់ឱកាសដើម្បីកែខ្លួនជាថ្មី ដ្បិតបុគ្គលរូបនេះបានលួចយកសម្ភារៈកាមេរ៉ាមួយកាបូបដែលមានតម្លៃជិត ២ម៉ឺនដុល្លារ។
លោក កុសល សុភា ហៅ VJ សុភា អតីតផលិតករ និងជាពិធីករល្បីឈ្មោះមួយរូបរបស់ស្ថានីយប៉ុស្តិ៍ទូរទស្សន៍ MY TV កាលពីថ្ងៃទី ៨ ខែមីនា ឆ្នាំ ២០២៦ បានលួចយកសម្ភារៈកាមេរ៉ាមួយកាបូបដែលមានតម្លៃជិត ២ម៉ឺនដុល្លារ របស់ក្រុមហ៊ុន HK7 ចេញទៅបាត់ស្រមោល មិនអាចទាក់ទងបាន រហូតដល់ថ្ងៃ ២០ ខែ មីនា ឆ្នាំ ២០២៦ ទើបលោកស្រី អ៊ឹម សុគន្ធា បានបញ្ចេញវីដេអូដែលថតដោយកាមេរ៉ាសុវត្ថិភាពក្នុងក្រុមហ៊ុន ដើម្បីស្វែងរកជនខិលខូចរូបនេះ មកសួរនាំនិងដាក់ទោសទៅតាមច្បាប់។
ជាមួយគ្នា ដំណឹងនេះបានលេចឮដល់ត្រចៀករបស់ម្ដាយឪពុកជរារបស់ VJ សុភា។ លោកទាំងបង្ហាញការតក់ស្លុត និងភ័យព្រួយបារម្ភខ្លាចថាកូនប្រុសត្រូវជាប់ទុក្ខទណ្ឌព្រោះបានលួចសម្ភារៈក្នុងក្រុមហ៊ុនដែលខ្លួនកំពុងបម្រើការ ពោលគឺក្រុមហ៊ុន HK7 របស់លោកស្រី អ៊ឹម សុគន្ធា នោះឯង។ ក្នុងនាមជាឪពុកម្ដាយ ពិតមិនអាចឈរឱបដៃមើល ក៏បានសុំជួបដោយផ្ទាល់ជាមួយម្ចាស់ប្រ៊េន HK7 ក្នុងគោលបំណងសុំការអភ័យទោស ក៏ដូចជាសុំការលើកលែងចំពោះកូនប្រុសដែលបានប្រព្រឹត្តិទង្វើខុសឆ្គង។
ជាលទ្ធផល លោកស្រី អ៊ឹម សុគន្ធា ដែលជាម្ចាស់ប្រ៊េន HK7 បានយល់ព្រមលើកលែងទោសដល់ VJ សុភា ដោយបានដកពាក្យបណ្ដឹង និងពុំបានទាមទារសំណងអ្វីនោះឡើយ សុំត្រឹមបុគ្គលរូបនេះ ភ្ញាក់រលឹក ដឹងខុស ចេះកែខ្លួនឡើងវិញ មិនប្រព្រឹត្តិទង្វើបែបនេះតទៀត។ មិនត្រឹមឈប់ដេញដោលបន្ត លោកស្រីក៏បានជូនថវិកាដល់ម្ដាយឪពុករបស់ VJ សុភា ថែមទៀតផង៕
វីដេអូទី១៖ https://www.facebook.com/reel/2016882062537265
វីដេអូទី២៖ https://www.facebook.com/share/r/1FDAGk8FMV/
វីដេអូទី៣៖ facebook.com/reel/1584415809524721/?s=single_unit
រូបភាព ៖ Im Sokunthea