តារាចម្រៀង Jang Won Young ដែលជាសមាជិកក្រុមនារីខេប៉ុប IVE បានបរិច្ចាគថវិកាសម្រាប់បុព្វហេតុដ៏មានអត្ថន័យ!

នៅថ្ងៃទី ១១ ខែកុម្ភៈនេះ មន្ទីរពេទ្យកូរ៉េ Severance បានប្រកាសថា Jang Won Young បានបរិច្ចាគថវិកាចំនួន ២០០ លានវ៉ុន (ស្មើនឹងប្រហែល ១៣៧ ៣២០ ដុល្លារអាមេរិក) ដល់មន្ទីរពេទ្យដើម្បីឧបត្ថម្ភដល់ការព្យាបាលអ្នកជំងឺកុមារ និងយុវវ័យ។
យោងតាមសេចក្តីរាយការណ៍បានឱ្យដឹងថា នាងបានសម្រេចចិត្តធ្វើការបរិច្ចាគនេះ ដោយសង្ឃឹមថាថវិការបស់នាងនឹងមានឥទ្ធិពលវិជ្ជមានលើការព្យាបាល និងការជាសះស្បើយរបស់កុមារ និងអ្នកជំងឺដែលមានអាយុប្រហាក់ប្រហែលនឹងនាង ព្រមទាំងជួយពួកគេឱ្យរីកចម្រើនជាមួយគ្នានៅថ្ងៃអនាគត។
ក្នុងនោះ ថវិកាបរិច្ចាគចំនួន ១០០ លានវ៉ុន នឹងត្រូវយកទៅប្រើប្រាស់សម្រាប់មូលនិធិអភិវឌ្ឍន៍មន្ទីរពេទ្យកុមារ Severance ខណៈដែលថវិកាចំនួន ១០០ លានវ៉ុនទៀត នឹងត្រូវយកទៅប្រើប្រាស់សម្រាប់មូលនិធិអភិវឌ្ឍន៍ផ្នែកពេទ្យកុមារ និងយុវជនរបស់មន្ទីរពេទ្យ Gangnam Severance ។
ពាក់ព័ន្ធការងារចម្រៀង ថ្មីៗនេះក្រុមរបស់តារាស្រីវ័យ ២១ ឆ្នាំរូបនេះគឺ IVE បានចេញផ្សាយបទចម្រៀង “BANG BANG” ជាបទចម្រៀងដំបូង (Pre-release) ពីអាល់ប៊ុមខ្នាតពេញទីពីររបស់ពួកគេមានចំណងជើងថា “REVIVE+” ដែលគ្រោងចេញផ្លូវការនៅថ្ងៃទី២៣ ខែកុម្ភៈ ខាងមុខនេះ ៕

























