នេះជាលើកដំបូងដែលសមាគមសិល្បករខ្មែរ និងសហភាពសហព័ន្ធយុវជនកម្ពុជា ហៅកាត់ថា (សសយក) បានចុះអនុស្សរណៈយោគយល់គ្នា ដើម្បីត្រៀមបង្កើតព្រឹត្តិការណ៍ព្រមទាំងកម្មវិធីជាច្រើនរួមគ្នាទៀតនាពេលខាងមុខ។

កាលពីរសៀល ថ្ងៃ១០ ខែកុម្ភៈ ឆ្នាំ ២០២៦ ម្សិលមិញ ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាង សហភាពសហព័ន្ធយុវជនកម្ពុជា និងសមាគមសិល្បករខ្មែរ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ នៅអគារ The KAMPU។








ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានេះ ធ្វើឡើងក្នុងគោលបំណងបង្កើនកិច្ចសហការ និងផ្តល់ការគាំទ្រឱ្យគ្នាទៅវិញទៅមក ដូចជាការផ្សព្វផ្សាយព័ត៌មានអំពីកម្មសិក្សា ឱកាសការងារ វគ្គបណ្តុះបណ្តាល សិក្ខាសាលា វប្បធម៌ និងព្រឹត្តិការណ៍ផ្សេងទៀត ដើម្បីចូលរួមលើកកម្ពស់អប់រំ បណ្តុះបណ្តាល ស្រាវជ្រាវ ផ្តល់ការងារ និងអត្ថប្រយោជន៍សង្គមផងដែរ។
តាមរយៈការចុះអនុស្សារណៈយោគយល់រវាង ស.ស.យ.ក. ជាមួយសមាគមសិល្បករខ្មែរនាពេលនេះ គឺជាសកម្មភាពមួយដែលបង្ហាញថា ទាំង ស.ស.យ.ក. និងសមាគមសិល្បករខ្មែរ តែងតែយកចិត្តទុកដាក់ ព្រមទាំងគាំទ្ររាល់សកម្មភាពដែលរួមចំណែកក្នុងការថែររក្សាអត្តសញ្ញាណជាតិ និងលើកស្ទួយកេរ្ត៍ដំណែលវប្បធម៌ដ៏មានតម្លៃ ដែលដូនតាខ្មែរបានបន្សល់ទុក សម្រាប់កូនចៅជំនាន់ក្រោយឱ្យបន្តរក្សា និងអភិវឌ្ឍ៕
រូបភាព ៖ សមាគមសិល្បករខ្មែរ























