បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មេរៀនពី BTS ទៅ ARMY៖ «ដួលហើយ ត្រូវក្រោកឈរ» ព្រោះភាពជោគជ័យមិនមែនជាការលោតផ្លោះត្រឹមតែមួយយប់

មេរៀនពី BTS ទៅ ARMY៖ «ដួលហើយ ត្រូវក្រោកឈរ» ព្រោះភាពជោគជ័យមិនមែនជាការលោតផ្លោះត្រឹមតែមួយយប់

ពីក្រុមដែលគ្មានអ្នកស្គាល់ធ្លាប់ដើរអង្វរគេឱ្យមកមើលការសម្ដែងរបស់ខ្លួនដោយឥតគិតថ្លៃនៅលើដងផ្លូវមួយនៅទីក្រុង Los Angeles ថ្ងៃនេះក្លាយជាមនុស្សដែលអង្គការសហប្រជាជាតិឱ្យតម្លៃអញ្ជើញទៅថ្លែងសុន្ទរកថា និងមានមនុស្សរាប់លាននាក់ជុំវិញពិភពលោកប្រាថ្នាចង់ជូបសូម្បីតែថ្នាក់ដឹកនៃប្រទេសផ្សេងៗជាច្រើន។

Advertisement

នេះមិនមែនជារឿងព្រេងនិទានឡើយ ប៉ុន្តែវាជាការពិតនៃជីវិតរបស់ BTS ដែលបានបង្រៀនទៅកាន់មនុស្សគ្រប់គ្នាថាភាពជោគជ័យដែលពិតប្រាកដ និងភាពរឹងមាំ មិនមែនជាការលោតផ្លោះត្រឹមតែមួយយប់នោះឡើយ។ ទម្រាំតែឈរជើងនៅលំដាប់សកលនៅថ្ងៃនេះ បុរសទាំង ៧ នាក់បានចាប់ផ្តើមដំណើរជីវិតចេញពីចំណុចក្រោមសូន្យយ៉ាងពិតប្រាកដ។ ត្រឡប់ទៅពីដើមដំបូងពួកគេបានបង្ហាញខ្លួននៅក្នុងក្រុមហ៊ុនតូចមួយដែលមានកញ្ចប់ថវិកាខ្សត់ខ្សោយខ្លាំងមែនទែន ដែលកាលនោះកំពុងប្រឈមមុខនឹងការជិតក្ស័យធនទៅហើយ។

ដោយសារតែគ្មានថវិកាគ្រប់គ្រាន់សម្រាប់ធ្វើការប្រូម៉ូតដូចក្រុមហ៊ុនកម្សាន្ដដទៃ BTS គឺជាក្រុមខេប៉ុបដំបូងគេបង្អស់ដែលត្រូវដើរចែកខិត្តប័ណ្ណដោយផ្ទាល់ដៃនៅតាមដងផ្លូវក្នុងទីក្រុង Los Angeles ដើម្បីហៅមនុស្សម្នាឱ្យមកទស្សនាការប្រគំតន្ត្រីឥតគិតថ្លៃរបស់ពួកគេ។

ដំណើរនៅលើវិស័យ K-Pop របស់ BTS មិនមែនក្រាលដោយកម្រាលព្រំក្រហមឡើយ ប៉ុន្តែវាពេញទៅដោយបន្លា និងឧបសគ្គ។ ពួកគេធ្លាប់ត្រូវបានគេមើលងាយ សើចចំអកចំពោះស្ទីលតន្ត្រី និងមហិច្ឆតាដ៏តូចទាបរបស់ខ្លួន។ កាន់តែឈឺចាប់ជាងនេះ ពួកគេថែមទាំងធ្លាប់ត្រូវបានគេកាត់សកម្មភាពចេញពីការផ្សាយលើប៉ុស្តិ៍ទូរទស្សន៍ ធ្លាប់ត្រូវអ្នកកាសែតព្រងើយមិនខ្វល់ពេលចូលរួមកម្មវិធី ត្រូវគេចាត់ទុកមិនស្មើនឹងធូលី ថែមទាំងធ្លាប់រងការគម្រាមសម្លាប់ដែលធ្វើឱ្យប៉ះពាល់ដល់ស្មារតីយ៉ាងធ្ងន់ធ្ងរទៀតផង។

ប៉ុន្តែរាល់ការបំបាក់ទឹកចិត្ត និងពាក្យរិះគន់ទាំងនោះមិនអាចវាយបំបាក់ពួកគេបានឡើយ ផ្ទុយទៅវិញវាប្រៀបដូចជា «ប្រេងឥន្ធនៈ» ដែលបញ្ឆេះនូវកំហឹងនិងមហិច្ឆតាឱ្យពួកគេកាន់តែខំប្រឹងជម្នះ ដើម្បីឡើងទៅឈរនៅលើចំណុចដែលខ្ពស់ជាងអ្នកដែលធ្លាប់សើចចំអកឱ្យពួកគេ។ ចាប់តាំងពីបទដំបូង “No More Dream” មកទល់បច្ចុប្បន្ន រាល់ស្នាដៃគ្រប់ជំពូករបស់ពួកគេ តែងតែត្រូវបានសរសេរ និងផលិតឡើងដោយដៃសមាជិកទាំង ៧ ផ្ទាល់។ ពួកគេជ្រើសរើសយកការរៀបរាប់ពីការតស៊ូក្នុងជីវិត សម្ពាធផ្លូវចិត្តរបស់យុវជន ការរៀនស្រឡាញ់ខ្លួនឯង និងការរក្សាក្តីស្រមៃ។ ជាក់ស្តែង ឃ្លាដ៏មានឥទ្ធិពលមួយនៅក្នុងបទចម្រៀង “Not Today” បានលើកឡើងយ៉ាងច្បាស់ថា៖ «បើអ្នកមិនអាចហោះបានទេ ត្រូវរត់។ បើអ្នកមិនអាចរត់បានទេ ត្រូវដើរ។ បើអ្នកមិនអាចដើរបានទេ ត្រូវវារ។ ទោះបីជាយ៉ាងណាក៏ដោយ ត្រូវតែធ្វើដំណើរទៅមុខជានិច្ច»។

ការព្យាយាមដោយមិនខ្វល់ពីភាពនឿយហត់ក្នុងរយៈពេលរាប់ឆ្នាំនេះហើយ ដែលបានផ្លាស់ប្តូរជីវិតរបស់ពួកគេ ពីក្រុមចម្រៀងដែលស្ទើរតែគ្មានអ្នកស្គាល់ គ្មានអ្នកចង់បាន ឱ្យក្លាយទៅជា «ឥស្សរជនមានឥទ្ធិពលលំដាប់សកល»។ សព្វថ្ងៃនេះ BTS បានឈានជើងឡើងដល់កម្រិតកំពូលនៃពិភពលោក មិនមែនត្រឹមតែជាក្រុមចម្រៀង K-Pop បុរសធម្មតានោះទេ តែពួកគេជាគ្រាប់ពេជ្រដ៏មានតម្លៃដែលស្ទើរតែគ្រប់ប្រទេសប្រាថ្នាចង់បានវត្តមាន។ ពួកគេបានដណ្តើមតំណែងកំពូលៗនៅលើតារាងតន្ត្រីលំដាប់ពិភពលោកដូចជា Billboard និងថែមទាំងបានឡើងថ្លែងការណ៍ដ៏មានអត្ថន័យនៅមហាសន្និបាតអង្គការសហប្រជាជាតិ (UN) ទៀតផង។

ដំណើររឿងមួយជំហានៗរបស់ BTS គឺជាភស្តុតាងដ៏រស់រវើកដែលសបញ្ជាក់ទៅកាន់អ្នកគាំទ្រ និងមនុស្សគ្រប់គ្នានៅជុំវិញពិភពលោកថា៖ «ភាពជោគជ័យពិតប្រាកដ មិនមែនកើតឡើងត្រឹមតែមួយយប់នោះទេ តែវាជាលទ្ធផលនៃការតស៊ូ ញើសឈាម និងទឹកភ្នែក»។ ជំនួសឱ្យការចំណាយពេលទៅឈឺក្បាល ឬតបតនឹងពាក្យរិះគន់ដ៏អត់ប្រយោជន៍ទាំងនោះ BTS បានបង្ហាញមេរៀនមួយទៀតថា ការប្រើប្រាស់ “សមិទ្ធផលពិត” ទៅឆ្លើយតបទើបជាអាវុធដ៏មានប្រសិទ្ធភាពបំផុតដែលអាចបំបិទមាត់មនុស្សដែលធ្លាប់មើលងាយយើងបានល្អជាងពាក្យសម្តីរាប់រយម៉ាត់ទៅទៀត។ ដូច្នេះហើយអាយដលយើងមិនខ្លាចនឹងជម្នះឧបសគ្គ មានហេតុផលអ្វីដែលយើងត្រូវរារែកជាមួយនឹងឧបសគ្គទៅ៕

កញ្ញា ទ្រីយ៉ា | Ms. Trya

កញ្ញា ទ្រីយ៉ា | Ms. Trya

នាងខ្ញុំជានិស្សិតបញ្ចប់ការសិក្សាផ្នែកភាសាអង់គ្លេសសម្រាប់ទំនាក់ទំនង និងធ្លាប់ធ្វើការងារការិយាល័យជាង ២ឆ្នាំ ហើយបច្ចុប្បន្ននាងខ្ញុំជាអ្នកសរសេរមាតិកានៅ AMS Infotainment។ នាងខ្ញុំនឹងនាំយកនូវមាតិកាថ្មីៗ ប្លែកៗទាក់ទងម្ហូបអាហារ និងកន្លែងដើរកម្សាន្ត ដើម្បីចែករំលែកដល់ប្រិយមិត្ត។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា