បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
២០ឆ្នាំគ្មានរឿងអាស្រូវ! Liu Yifei ផ្ដល់មេរៀនសំខាន់មួយដល់ Zhao Lusi, Bai Lu និង Dylan Wang អំពីកេរ្តិ៍ឈ្មោះ និងការទទួលខុសត្រូវក្នុងនាមតារាល្បី

២០ឆ្នាំគ្មានរឿងអាស្រូវ! Liu Yifei ផ្ដល់មេរៀនសំខាន់មួយដល់ Zhao Lusi, Bai Lu និង Dylan Wang អំពីកេរ្តិ៍ឈ្មោះ និងការទទួលខុសត្រូវក្នុងនាមតារាល្បី

សម្តីពីអតីតកាលរបស់តារាសម្ដែងចិន Liu Yifei អំពីកេរ្តិ៍ឈ្មោះ វិជ្ជាជីវៈ និងសីលធម៌ បានលេចឡើងជាថ្មី ចំពេលមានរឿងចម្រូងចម្រាសពាក់ព័ន្ធតារាជំនាន់ក្រោយ Zhao Lusi, Bai Lu និង Dylan Wang។

Advertisement

យោងតាមសារព័ត៌មាន Sina បានឱ្យដឹងថាថ្មីៗនេះ តារាសម្តែង Dylan Wang, Bai Lu និង Zhao Lusi កំពុងជួបប្រទះរឿងរ៉ាវចម្រូងចម្រាសជាច្រើន និងមានការរិះគន់ជុំវិញអាកប្បកិរិយារបស់ពួកគេចំពោះមិត្តរួមការងារ និងការងាររបស់ខ្លួន។ ពាក់ព័ន្ធបញ្ហានេះដែរ Liu Yifei ដែលបានរក្សាអាជីពសិល្បៈបានយ៉ាងល្អដោយគ្មានរឿងអាស្រូវសោះក្នុងរយៈពេលជាង ២០ ឆ្នាំក្នុងឧស្សាហកម្មកម្សាន្ត ក៏ធ្លាប់បានបញ្ចេញមតិដែលមនុស្សជាច្រើនជឿថា អាចដើរតួជាមេរៀនមួយសម្រាប់តារាជំនាន់ក្រោយទាំងនោះ។

នៅក្នុងបទសម្ភាសន៍មួយ​ Liu Yifei បានចែករំលែកថា៖ «ប្រសិនបើអ្នកចង់សម្តែងឱ្យបានល្អ មុនដំបូងអ្នកត្រូវតែរៀនពីរបៀបធ្វើជាមនុស្សល្អជាមុនសិន។ តារាសម្តែងមួយចំនួនល្បីល្បាញលឿនពេក។ ពួកគេទទួលបានប្រជាប្រិយភាព មុនពេលបានឆ្លងកាត់ដំណើរការអភិវឌ្ឍខ្លួន ការសន្សំ​បទពិសោធន៍ និងការលំបាក​នៅក្នុងវិស័យសិល្បៈ ហើយបន្ទាប់មកពួកគេក៏ចាប់ផ្តើមបង្កើតក្ដីស្រមៃក្លែងក្លាយឱ្យខ្លួនឯង។ បន្ទាប់ពីនោះ ពួកគេក៏ឈប់យកចិត្តទុកដាក់លើតួនាទីខ្លួន ហើយងាកទៅផ្ដោតលើរឿងរ៉ាវមិនល្អ និងខុសផ្លូវ​ ដែលអាចជះឥទ្ធិពលអវិជ្ជមានដល់សាធារណជន និងនាំមកនូវផលប៉ះពាល់អាក្រក់ៗជាច្រើនដល់ឧស្សាហកម្មកម្សាន្ត។ ខ្ញុំជឿជាក់ថា មនុស្សបែបនោះនឹងមិនអាចដើរបានឆ្ងាយឡើយ ហើយនៅទីបំផុតនឹងត្រូវប្រឈមមុខនឹងផលលំបាកជាមិនខាន»។

នាងបានបន្ថែមថា៖ «ក្នុងនាមជាបុគ្គលសាធារណៈ និងជាមនុស្សម្នាក់ដែលទទួលបានក្តីស្រឡាញ់ពីទស្សនិកជន មុនដំបូងអ្នកត្រូវតែអាចប្រឈមមុខនឹងខ្លួនឯង ទស្សនិកជនរបស់អ្នក ព្រមទាំងស្នាដៃដែលអ្នកបានចូលរួមដោយគ្មានភាពខ្មាសអៀន។ អ្នកក៏ត្រូវតែមានព្រំដែនសីលធម៌ផងដែរ។ មានតែបែបនេះទេ ទើបអ្នកមានឱកាសក្លាយជាតារាសម្តែងដ៏ល្អពិតប្រាកដម្នាក់»។

ទន្ទឹមនឹងនេះដែរ តារាប្រុស Dylan Wang ថ្មីៗនេះបានរងការរិះគន់យ៉ាងខ្លាំង បន្ទាប់ពីបានបង្ហោះសារមួយសម្តែងការមិនពេញចិត្ត និងអះអាងថា លោកមានអារម្មណ៍ថាត្រូវបានគេផាត់ចេញ និងធ្វើបាប (Bully) ពីសំណាក់សមាជិកផ្សេងទៀតនៅក្នុងកម្មវិធីទូរទស្សន៍មួយ។ ទោះជាយ៉ាងណាក៏ដោយ ទស្សនិកជនជាច្រើនបានចង្អុលបង្ហាញថា ព្រឹត្តិការណ៍នោះបានកើតឡើងតាំងពីបីខែមុនបាត់ទៅហើយ។ ពួកគេបានវែកញែកថា ការលើកយកវាមកនិយាយជាសាធារណៈម្តងទៀតបែបនេះ អាចជំរុញឱ្យអ្នកគាំទ្រទៅរិះគន់ និងវាយប្រហារលើសហការីរបស់លោក។

សាធារណជនមួយចំនួនក៏បានចោទសួរផងដែរថា ហេតុអ្វីបានជារឿងនេះមិនត្រូវបានដោះស្រាយជាលក្ខណៈឯកជន ដោយបានលើកឡើងថា ការសម្រេចចិត្តរបស់ Dylan Wang ក្នុងការពិភាក្សាវានៅលើបណ្តាញសង្គម បានបង្កើតឱ្យមានរឿងចម្រូងចម្រាសដោយមិនចាំបាច់ និងប៉ះពាល់ដល់អ្នកដទៃដែលពាក់ព័ន្ធ។

ជាលទ្ធផល ថ្វីបើលោកជាមនុស្សដំបូងគេដែលបានបញ្ចេញទុក្ខកង្វល់របស់ខ្លួនក៏ដោយ ប៉ុន្តែការយល់ឃើញរបស់សាធារណជនមិនបានលំអៀងទៅខាងតារាសម្តែងប្រុសរូបនេះទាំងស្រុងនោះទេ។ នៅក្នុងការស្ទង់មតិមួយដែលមានអ្នកចូលរួមជាង ២ សែននាក់ មានអ្នកឆ្លើយតបរហូតដល់ ៨៣% បានសម្តែងការគាំទ្រចំពោះតារាសម្តែងស្រី Shen Yue ជំនួសវិញ។

អ្នករិះគន់ជាច្រើនជឿថា Dylan Wang ទទួលបានអត្ថប្រយោជន៍ពីការជួយជ្រោមជ្រែងយ៉ាងខ្លាំងក្នុងឧស្សាហកម្មនេះ និងការប្រព្រឹត្តយ៉ាងល្អប្រសើរពីសំណាក់ក្រុមហ៊ុនផលិតកម្ម ដែលនាំឱ្យមានការចោទប្រកាន់ថា លោកបានក្លាយជាមនុស្សដែលធ្លាប់ខ្លួនក្នុងការរិះគន់សហការី និងថែមទាំងធ្វើឱ្យខូចខាតដល់គម្រោងដែលលោកបានចូលរួមទៀតផង។ នៅទីបំផុត ភាគបញ្ចប់នៃកម្មវិធីThe Inn 2026 ត្រូវបានរាយការណ៍ថា មិនអាចចាក់ផ្សាយតាមកាលវិភាគដើមឡើយ បន្ទាប់ពីមានរឿងចម្រូងចម្រាសនេះកើតឡើង។

មតិយោបល់របស់ Liu Yifei ក៏ត្រូវបានគេយកទៅប្រៀបធៀបទៅនឹងតារាស្រី Bai Lu និង Zhao Lusi ផងដែរ។ អ្នករិះគន់បានវែកញែកថា ទោះបីជាតារាសម្តែងស្រីទាំងពីររូបនេះសម្រេចបាននូវប្រជាប្រិយភាពគួរឱ្យកត់សម្គាល់ក៏ដោយ ប៉ុន្តែសមត្ថភាពសម្តែងរបស់ពួកគេនៅតែបង្ហាញឱ្យឃើញនូវចំណុចខ្សោយយ៉ាងច្បាស់ក្រឡែត។ ជំនួសឱ្យការផ្តោតលើការកែលម្អការសម្តែងរបស់ខ្លួន មនុស្សមួយចំនួនជឿថា ពួកគេបានក្លាយជាមនុស្សដែលចង់បង្ហាញខ្លួនឯងខ្លាំងពេកក្នុងនាមជាអ្នកសិល្បៈដែលមានទេពកោសល្យពហុជំនាញ ដោយបានរៀបចំកម្មវិធីសម្តែងតន្ត្រី ថ្វីបើមានសមត្ថភាពខាងផ្នែកតន្ត្រីនៅមានកម្រិតក៏ដោយ។

សូមបញ្ជាក់ថា Bai Lu និង Zhao Lusi ក៏ត្រូវបានគេភ្ជាប់ឈ្មោះជាញឹកញាប់ទៅនឹងពាក្យចចាមអារ៉ាមអំពីជម្លោះជាមួយក្រុមការងារផងដែរ ដែលនេះកាន់តែជំរុញឱ្យមានការរិះគន់បន្ថែមទៀត។ អ្នករិះគន់បានអះអាងថា ព្រឹត្តិការណ៍បែបនេះឆ្លុះបញ្ចាំងពីការខ្វះការដាក់ខ្លួន និងមានការវាយតម្លៃខ្ពស់ហួសហេតុពេកចំពោះឋានៈ​របស់ពួកគេនៅក្នុងឧស្សាហកម្មមួយនេះ ៕

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

មានបទពិសោធន៍ច្រើនឆ្នាំ ក្នុងការងារជាអ្នកផលិតមាតិកា និងការីនិពន្ធនៅក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករួមមានវិបសាយ ទូរទស្សន៍ ទស្សនាវដ្ដី និងមាតិកាបណ្ដាញសង្គមនានា។ បច្ចុប្បន្ន វ៉ាន់ថន ជាការីនិពន្ធនៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា