លោកស្រី សុភា បុត្រឈរ ដែលទើបទទួលបានងារជាឧកញ៉ា ណូ សុភា កាលពីពេលថ្មីៗនេះ ក្រោយបានឃើញពីទុក្ខលំបាករបស់អតីតតារាសម្ដែងប្រុសលោក ចាន់រិទ្ធ មេធានី ជួបការលំបាកក្នុងជីវិត ព្រមទាំងមានជំងឺប្រចាំកាយថែមទៀតនោះ បានជួយជាថវិកាមួយចំនួនដល់លោក។
អតីតតារាសម្ដែងជើងចាស់លោក ចាន់រិទ្ធ មេធានី បានចេញមុខថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកស្រី សុភា ដែលជាស្ត្រីខ្មែរមានស្វាមីជាម្ចាស់ក្រុមហ៊ុនធំនៅប្រទេសអាល្លឺម៉ង់។ ស្ត្រីខ្មែរដែលមានស្រុកកំណើតនៅខេត្តកំពង់ធំ សុភា បុត្រឈរ បានឧបត្ថម្ភថវិកា១ ម៉ឺនដុល្លារ ដើម្បីជួយសម្រាលជីវភាពរបស់លោក។
ក្នុងវីដេអូ លោក ចាន់រិទ្ធ មេធានី ដែមានវ័យចំណាស់សក់ និងពុកចង្កាស្កូវទៅហើយនោះ បានថ្លែងពីអារម្មណ៍រំភើប រីករាយ និងត្រេកអរយ៉ាងខ្លាំងដែលអាចទទួលបានថវិកាយ៉ាងច្រើនលើសលប់បែបនេះ។ អតីតតារាប្រុសរូបនេះ បានលើកបង្ហាញពីចំនួនថវិកាដែលទើបទទួលបានថ្មីៗទាំងញ័រដៃ ហើយជាចុងក្រោយលោកបានជូនពរលោកស្រី សុភា និងស្វាមី Udo Böttcher ឲ្យជួបតែសំណាងល្អ និងប្រកបអ្វីបានដូចចិត្ត។
ចំណែកលោកស្រី សុភា បុត្រឈរ វិញបានឲ្យដឹងថា “នាងខ្ញុំក៏សូមអរគុណចំពោះការលះបង់ពេលវេលា កម្លាំងកាយ និងទេពកោសល្យ ដើម្បីបង្កើតស្នាដៃសិល្បៈដ៏មានតម្លៃជូនសង្គមជាតិ។ ទោះបីជាពេលនេះបងបានចូលនិវត្តន៍ និងកំពុងជួបការលំបាកក្នុងជីវភាពក៏ដោយ សូមកុំបាត់បង់ក្តីសង្ឃឹម និងកម្លាំងចិត្ត។ ស្នាដៃ និងការចងចាំដ៏ល្អដែលបងប្រុសបានបន្សល់ទុក នឹងស្ថិតនៅក្នុងបេះដូងទស្សនិកជនជានិច្ច។ សូមជូនពរឱ្យមានសុខភាពល្អ”។
គួរបញ្ជាក់ថា លោក ចាន់រិទ្ធ មេធានី ក្រោយបាត់មុខពីសិល្បៈប្រមាណ ២០ ឆ្នាំជាងមកនេះ ក៏កំពុងមានភាពខ្វះខាតច្រើន ដោយមានរបរជាអ្នកបើករម៉កកង់៣៕
រូបភាព៖ Sophea Böttcher