ខ្សែភាពយន្តរឿង The King’s Warden ដែល Park Ji-hoon សម្ដែងជាតួឯក បានក្លាយជាភាពយន្តដែលមានអ្នកទិញសំបុត្រចូលទស្សនាច្រើនជាងគេបំផុតលំដាប់ទី ៣ ក្នុងប្រវត្តិសាស្ត្រភាពយន្តកូរ៉េ ខណៈបន្តស្ថិតនៅតំណែងខ្ពស់លើតារាង Box Office។ នេះបើផ្អែកតាមការចុះផ្សាយរបស់ The Korea Times នៅថ្ងៃទី២៣ ខែមីនា នេះ។
ដ្បិតចេញផ្សាយតាំងពីដើមខែកុម្ភៈ ទិន្នន័យពីក្រុមប្រឹក្សាភាពយន្តកូរ៉េបានឱ្យដឹងថា នៅចុងសប្ដាហ៍នេះ ភាពយន្តប្រវត្តិសាស្រ្តខាងលើនៅតែអាចទាក់ទាញអ្នកទស្សនាបានប្រហែល ៨០៣ ០០០ នាក់បន្ថែមទៀត នាំឱ្យភាពយន្តនេះទទួលបានអ្នកទស្សនាសរុប ១៤.៧៥ លាននាក់។
បច្ចុប្បន្ន The King’s Warden បានក្លាយជាភាពយន្តដែលមានអ្នកទិញសំបុត្រចូលទស្សនាច្រើនបំផុតលំដាប់ទី ៣ ក្នុងប្រវត្តិសាស្ត្រភាពយន្តកូរ៉េខាងត្បូង នៅក្រោយភាពយន្តរឿង The Admiral: Roaring Currents (2014) ដែលមានចំនួនទស្សនិកជន ១៧.៦ លាននាក់ និងរឿង Extreme Job (2019) ដែលមានចំនួនទស្សនិកជនសរុប ១៦.២ លាននាក់។
យ៉ាងណាមិញ ដោយសារតម្លៃសំបុត្រមានការកើនឡើង ចំណូលរបស់រឿង The King’s Warden បានវ៉ាដាច់ភាពយន្តទាំងនេះ ដោយបច្ចុប្បន្នរឿងនេះទទួលបានចំណូលសរុប ១៤២.៥ ពាន់លានវ៉ុន ប្រហែល ៩៤.៦ លានដុល្លារអាមេរិក។ ស្របពេលដែល រឿង The Admiral: Roaring Currents រកចំណូលបាន ១៣៥.៧ ពាន់លានវ៉ុន និងរឿង Extreme Job រកបាន ១៣៩.៦ ពាន់លានវ៉ុន។
ភាពយន្តប្រវត្តិសាស្ត្រ The King’s Warden និយាយពីមិត្តភាពដែលមិននឹកស្មានដល់រវាងមេភូមិម្នាក់ឈ្មោះ Eom Heung-do សម្ដែងដោយ Yoo Hai-jin និងអតីតព្រះមហាក្សត្រ Danjong សម្ដែងដោយ Park Ji-hoon នៃរាជវង្ស Joseon ក្នុងអំឡុងពេលដែលព្រះអង្គត្រូវនិរទេសខ្លួនទៅរស់នៅក្នុងភូមិដាច់ស្រយាលមួយ។
ភាពយន្តនេះទទួលបានការកោតសរសើរ ចំពោះការសម្ដែងដ៏ប៉ិនប្រសប់របស់តួអង្គដែលធ្វើឱ្យអ្នកទស្សនាមានអារម្មណ៍ក្តុកក្តួល និងផ្សារភ្ជាប់យ៉ាងស៊ីជម្រៅទៅនឹងការឈឺចាប់របស់ក្សត្រវ័យក្មេង ក៏ដូចជាទឹកចិត្តរបស់អ្នកភូមិដែលបានងើបឈរជួយជ្រោមជ្រែងព្រះអង្គ។
ក្នុងការសម្ដែងរឿងនេះ Park Ji-hoon ក៏បានលះបង់ សម្រកអស់ ១៥គីឡូ ក្នុងរយៈពេល ២ខែកន្លះ ដើម្បីឱ្យសមស្របទៅនឹងតួអង្គព្រះរាជាដែលឈឺចាប់ និងត្រូវនិរទេសចេញពីរាជវាំងអង្គនេះផងដែរ។
លើសពីនេះ The King’s Warden ក៏ទទួលបានការកោតសរសើរចំពោះការផ្ដិតយកទេសភាពធម្មជាតិដ៏ស្រស់ត្រកាលពីទីតាំងប្រវត្តិសាស្ត្រ ជាពិសេស ទីតាំងដែលព្រះអង្គត្រូវនិរទេសទៅ៕