ដូចអ្នកគាំទ្រដឹងហើយថា ព្រះនាង នរោត្តម ជេនណា ទើបត្រូវបានគេប្រទះឃើញមានវត្តមាននៅក្នុងរឿងភាគបុរាណចិន ដែលទើបបញ្ចប់ការថតកាលពីដើមខែកុម្ភៈ ឆ្នាំ ២០២៦ កន្លងទៅថ្មីៗនេះ ធ្វើឲ្យអ្នកគាំទ្រទ្រង់ រំភើបជាមួយស្នាដៃថ្មីនោះ។

បន្ទាប់ពីបញ្ចប់ការងារថតរឿងភាគដំបូងនៅក្រៅប្រទេសរួចមក ព្រះនាង ជេនណា បានចូលរួមកម្មវិធីមួយទៀតហើយនៅក្នុងប្រទេសចិន។ នោះគឺកម្មវិធីប្រគំតន្ត្រីពិសេសមួយ របស់ក្រុមចម្រៀងកុមារ CMG (China Media Group) នៅទីក្រុងប៉េកាំង ក្រោមប្រធានបទ “ការលូតលាស់របស់កុមារ” ដែលក្រុម CMG នេះ បង្កើតឡើងជាលើកដំបូង ដើម្បីផ្ដល់ឱកាសឲ្យក្មេងៗមានទេពកោសល្យ បានរៀន សម្ដែង និងរីកចម្រើនតាមរយៈតន្ត្រី។
ទ្រង់ ជេនណា បានបកស្រាយចម្រៀង «Yimeng Minor Mountain» ជាមួយតារាចម្រៀងស្រីវ័យក្មេង Tian Mi Mi របស់ក្រុមចម្រៀង China Media Group នេះ ហើយនាងក៏ធ្លាប់បានចូលរួមការប្រគំតន្ត្រីនេះជាច្រើនលើកមកហើយ លើកនេះ ជាការសម្ដែងដ៏កក់ក្ដៅមួយ ក្នុងការអបអរសាទរ និងក្ដីសុបិននៃមនុស្សជំនាន់ក្រោយ នៅលើឆាកតែមួយ។

ថ្មីៗនេះព្រះនាងខ្មែរអង្គនេះក៏ទើបបានចូលរួមការងារ ដែលផ្សព្វផ្សាយពីព្រឹត្តិការណ៍កីឡាកុមារអូឡាំពិកនៅកម្ពុជាផងដែរ ហើយក៏ស័ក្ដិសមនឹងមានភាពស៊ីគ្នាជាមួយការប្រគំតន្ត្រី របស់ក្រុមចម្រៀងកុមារ CMG (China Media Group) ដូចគ្នាទៀតផង។ ការប្រើប្រាស់ភាសាចិនរបស់ព្រះនាង មានភាពច្បាស់ល្អ ហេតុនេះហើយដែលអាចឲ្យទ្រង់ធ្វើការទំនាក់ទំនង និងច្រៀងយ៉ាងពីរោះ ទោះភាសាចិន មិនមែនជាភាសានិយាយប្រចាំថ្ងៃក៏ដោយ។
ព្រះនាង ជេនណា វ័យ ១៣ ព្រះវស្សាកំពុងតែសាងមុខមាត់ខ្មែរ លើឆាកអន្តរជាតិ ពិសេសនៅក្នុងប្រទេសចិនតែម្ដង។ ក្នុងមួយឆ្នាំៗ ព្រះនាង នរោត្តម ជេនណា បានចូលរួមព្រឹត្តិការណ៍ជាច្រើននៅចិន និងបានជួបជាមួយតារាប្រុសស្រីល្បីៗនៃប្រទេសចិនផងដែរ។
ហេតុដូចនេះហើយបានជាទ្រង់ ទទួលបានការគាំទ្រពីសំណាក់ប្រជាជនក្នុងស្រុក ក៏ដូចជាអ្នកគាំទ្រតូចៗនៅចិនច្រើនខ្លាំងផងដែរ។ មិនតែប៉ុណ្ណោះកេរ្តិ៍ឈ្មោះព្រះនាង ក៏ល្បីល្បាញក្នុងតំបន់អាស៊ាន និងអាស៊ីផងដែរ៕




វីដេអូ៖ https://www.facebook.com/reel/1385956289998594/
រូបភាព៖ Jenna Norodom
























