ព្រះនាង នរោត្តម អេម៉ា និងព្រះនាង នរោត្តម ជេនណា កាន់តែមមាញឹកនឹងការងារជាគូបងប្អូន ក្រោយទ្រង់ អេម៉ា បានប្រកាស Debut ជាតារាសម្ដែងនៅក្នុងប្រទេសកម្ពុជា។ មុនពេលមកប្រកបអាជីពតារាសម្ដែងនៅក្នុងប្រទេសកម្ពុជា ដែលជាទីកំណើតនៃមាតាទ្រង់ ព្រះនាង អេម៉ា ជាតារាបង្ហាញម៉ូដនៅប្រទេសបារាំង។
តាំងពីពេលដែលព្រះនាង នរោត្តម អេម៉ា បានចូលរួមមង្គលការសាច់សាលោហិតកាលពីចុងឆ្នាំ ២០២៥ កន្លងទៅ ហើយក៏ត្រូវបានព្រះនាង ជេនណា ប្រកាសពីវត្តមានម្ចាស់បង ទ្រង់ទទួលបានការចាប់អារម្មណ៍សម្រស់កូនកាត់ខ្មែរបារាំងអង្គនេះយ៉ាងខ្លាំង។
រូបសម្រស់ចំណេះដឹង និងពូជពង្សវង្សត្រកូលធ្វើឲ្យទ្រង់ នរោត្តម អេម៉ា ទទួលបានឱកាសច្រើនជាបន្តបន្ទាប់ក្នុងការងារសិល្បៈនៅប្រទេសកម្ពុជា។ ជាក់ស្ដែងការថតម៉ូដសម្លៀកបំពាក់ផ្សេងៗ មានទីផ្សារសន្ទុះខ្លាំង ដូចកាលពីពេលថ្មីៗនេះ ព្រះនាង អេម៉ា និងម្ចាស់ប្អូន គឺព្រះនាង នរោត្តម ជេនណា បានគ្រងឈុតស្បៃដែលជាមរតករបស់ដូនតាខ្មែរ។
ព្រះនាង ជេនណា បានរៀបរាប់ថា “ថ្ងៃនេះ ខ្ញុំសូមបង្ហាញបងប្អូននូវឈុតស្បៃខ្មែរ ដែលបានច្នៃឡើងសម្រាប់ប្រើ ក្នុងពិធីមង្គលការក្នុងសម័យបច្ចុប្បន្ន ជាមួយម្ចាស់បងខ្ញុំ Emma Norodom។ នេះគឺជាលើកទី១ ដែលម្ចាស់បងខ្ញុំគ្រងឈុតប្រពៃណីខ្មែរដ៏ល្អវិចិត្រនេះ។ តាមរយៈចម្លាក់នានានៅលើប្រាង្គប្រាសាទខ្មែរ តឹកតាងដែលបន្សល់ពីដូនតា ជាពិសេសរឿងព្រេងនិទាន ទាក់ទងនឹងការកកើតនគរខ្មែរ «ព្រះថោង នាងនាគ» បានតម្បាញបញ្ចូលក្នុងទំនៀមតោងស្បៃ ក្នុងពិធីអាវាហ៍វិវាហ៍មង្គលរបស់ខ្មែរ ដែលសបញ្ជាក់ឱ្យឃើញថា ការពានាស្បៃ គឺជាទំនៀមទម្លាប់នៃការស្លៀកពាក់ ដ៏មានសារៈសំខាន់បំផុត ក្នុងប្រពៃណីស្ត្រីខ្មែរតាំងពីបុរាណកាល។ ការស្លៀកសម្លៀកបំពាក់ ប្រពៃណីខ្មែរ គួរត្រូវបានប្រើប្រាស់ឱ្យបានច្រើនទម្រង់ ច្រើនសណ្ឋានតាមលំនាំដើម ជាពិសេសទំនៀមនៃការប្រើប្រាស់ស្បៃពានា ដែលកំពុងរងនូវហានិភ័យពីការទាមទារជាកម្មសិទ្ធិផ្ដាច់មុខ ក្នុងការប្រើប្រាស់ពីវប្បធម៌របស់ខ្មែរយើង”។
អ្នកគាំទ្រពិតជាស្ងើចសរសើរពីរូបសម្រស់ដ៏ផូរផង់ និងអាកប្បកិរិយាថ្លៃថ្នូរសមជាខត្តិយៈត្រកូលដ៏ខ្ពង់ខ្ពស់ដែលមហាជនគោរពស្រលាញ់ និងជឿជាក់ថានឹងនាំភាពកិត្តិនាមកម្ពុជា លើបណ្ដាសកលលោកបន្តទៀត៕