ថ្មីៗនេះព្រះនាង នរោត្តម អេម៉ា ដែលត្រូវជាម្ចាស់បងរបស់ព្រះនាង ជេនណា កំពុងទទួលបានការចាប់អារម្មណ៍ និងត្រូវបានក្លាយជាតំណាងនៃកម្ពុជាផងដែរ។ ដោយនៅពេលខាងមុខនេះ ទ្រង់នឹងសហការជាមួយ Immersion Community ក្នុងការរៀបចំព្រឹត្តិការណ៍ដ៏ពិសេសមួយនៅកម្ពុជា។
ព្រឹត្តិការណ៍នាពេលខាងមុខ គឺជាវេទិកាមួយសម្រាប់បង្ហាញពីវប្បធម៌ ភាពច្នៃប្រតិដ្ឋ និងវិស័យទេសចរណ៍របស់កម្ពុជាទៅកាន់ពិភពលោក។ ព្រះនាង អេម៉ា បានបង្ហាញថា ទ្រង់ពិតជាមានកិត្តិយសដែលបានជួបជាមួយថ្នាក់ដឹកនាំនៃក្រសួងទេសចរណ៍ ដើម្បីពិភាក្សាអំពី ការរៀបចំព្រឹត្តិការណ៍ដ៏ពិសេសមួយ នៅកម្ពុជា។
ក្នុងគម្រោងនេះ ព្រះនាង នរោត្តម អេម៉ា គ្រោងនឹងនាំយក Immersion Community ដែលជាវេទិកាអន្តរជាតិមួយ ដែលអាចនាំយកវប្បធម៌ក្នុងស្រុក ជាមួយភាពច្នៃប្រតិដ្ឋ ទៅកាន់សកលលោក ហើយនោះក៏ជាឱកាសដ៏ល្អមួយ ក្នុងការបើកទ្វារឲ្យកម្ពុជា នាំយកទស្សនៈវិស័យថ្មីៗ ក្នុងការទាក់ទាញក្រុមទេសចរលំដាប់ៗនៅបណ្ដាប្រទេសនានា មកកម្សាន្តនៅកម្ពុជា។
ទ្រង់មានបន្ទូលទៀតថា «ជំនួបលើកនេះ ជាកាតព្វកិច្ចដ៏សំខាន់មួយសម្រាប់ខ្ញុំ ក្នុងការផ្ដល់ជាគំនិតផ្ដួចផ្ដើម ដើម្បីបង្ហាញពិភពលោក ពីវប្បធម៌ដ៏ល្អឯក សម្បត្តិបេតិកភណ្ឌ ធនធានធម្មជាតិដ៏សម្បូរបែប ដែលរួមចំណែកយ៉ាងសំខាន់ ក្នុងការបង្កើតទស្សនវិស័យដ៏ល្អ សម្រាប់កម្ពុជា ប្រកបដោយនិរន្តរភាព»។
ព្រះនាង អេម៉ា បានរៀបចំខ្លួនតាមបែបប្រពៃណី ដោយគ្រងឈុតសំពត់បត់ ដែលស័ក្តិសមជាអ្នកតំណាងប្រទេស និងជាត្រកូលខ្ពង់ខ្ពស់។ Immersion Community គឺជាក្រុមហ៊ុនដែលរៀបចំ ផ្ដួចផ្ដើមធ្វើដំណើរ ដែលផ្ដោតលើបទពិសោធន៍ផ្សងព្រេងដែលមានឫសគល់ក្នុងស្រុកនៅក្នុងទីតាំងដាច់ស្រយាល ដ៏ល្បី។ ការដែល Immersion Community មកកម្ពុជា នឹងរៀបចំឡើងនៅខេត្តសៀមរាប និងខេត្តព្រះសីហនុ ដើម្បីចូលរួមផ្សព្វផ្សាយ និងទាក់ទាញទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក។
Immersion Community ផ្តោតលើការស្វែងរកទីតាំងដាច់ស្រយាលដ៏អស្ចារ្យ ដែលជាធម្មតាមិនអាចទៅដល់បាន ស្វែងយល់ឲ្យបានស៊ីជម្រៅអំពីរឿងរ៉ាវ និងប្រវត្តិសាស្ត្រតែមួយគត់របស់ម្ចាស់ស្រុក ហើយមានការផ្សារភ្ជាប់ទៅនឹងជាការរចនានិទានរឿង និងបទពិសោធន៍ ដែលមានទាំងឫសគល់ក្នុងស្រុក៕
រូបភាព៖ Emma Norodom