បន្ទាប់ពីការប្រារព្ធកម្មវិធីដោយជោគជ័យជាមួយការប្រគុំតន្រ្តី «Carnegie in Cambodia» ការតាំងពិព័រណ៍វត្ថុបុរាណខ្មែរ «ពិធី» នៅសាលាបុរីកោះពេជ្រ ត្រូវបានបើកសម្រាប់សាធារណជន រហូតដល់ថ្ងៃទី៩ ខែមេសា។ ការតាំងពិព័រណ៍នឹងបើកឡើងវិញចាប់ពីថ្ងៃទី២២ ខែមេសា ដល់ថ្ងៃទី៤ ខែឧសភា ដោយផ្តល់ឱកាសពិសេសមួយដើម្បីស្វែងយល់ពីវត្ថុបុរាណខ្មែរដែលទើបប្រគល់មកវិញថ្មីៗនេះ ជាមួយនឹងម៉ោងចូលទស្សនាជារៀងរាល់ថ្ងៃចាប់ពីម៉ោង ២:០០រសៀល ដល់ម៉ោង ៦:០០ល្ងាច។
ការតាំងពិព័រណ៍នេះបានប្រមូលផ្តុំគ្រឿងអលង្ការបុរាណ និងវត្ថុប្រើប្រាស់ក្នុងពិធីបុរាណមួយចំនួន ដែលបង្ហាញពីសារៈសំខាន់សម្រាប់វប្បធម៌ និងប្រវត្តិសាស្ត្រយ៉ាងខ្លាំង។ វត្ថុបុរាណទាំងនេះជាច្រើនបានបាត់ពីប្រទេសកម្ពុជាអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ដែលក្រោយមកត្រូវបានកំណត់អត្តសញ្ញាណនៅក្នុងការប្រមូលផ្ដុំដែលមានទំនាក់ទំនងនឹងគ្រួសារលោក Douglas Latchford។
ការវិលត្រឡប់នៃវត្ថុបុរាណទាំងនេះ គឺជាជំហានដ៏សំខាន់មួយនៅក្នុងកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់ប្រទេសកម្ពុជា ក្នុងការធ្វើមាតុភូមិនិវត្តន៍វត្ថុបុរាណនិងបេតិកភណ្ឌរបស់ខ្លួន។ ការតាំងពិព័រណ៍នេះ បានដាក់បង្ហាញវត្ថុបុរាណទាំងនេះជាលើកដំបូងសម្រាប់សាធារណជន ដោយផ្តល់នូវឱកាសដ៏មានអត្ថន័យមួយ ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយប្រវត្តិសាស្ត្រ និងអត្តសញ្ញាណរបស់ប្រទេស។
សហការរៀបចំដោយសារមន្ទីរជាតិកម្ពុជា និង Nataly Lee ដោយមានការគាំទ្រពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) និង Edenbridge Asia ការតាំងពិព័រណ៍នេះផ្តល់នូវការយល់ដឹងអំពីនិមិត្តរូប ស្នាដៃសិប្បកម្មបុរាណ និងពិធីសាសនា ដែលបានបង្កើតវប្បធម៌ខ្មែរ។