Dominic McLaughlin, Alastair Stout និង Arabella Stanton តួអង្គថ្មីដែលសម្ដែងក្នុងរឿងភាគ Harry Potter មានតម្លៃខ្លួនខ្ពស់រហូតដល់ ៦៦ ម៉ឺនដុល្លារអាមេរិក ខណៈម្នាក់ៗស្ថិតក្នុងវ័យត្រឹម ១១ និង ១២ឆ្នាំ។ នេះបើផ្អែកតាមការចុះផ្សាយរបស់កាសែត Metro នៅថ្ងៃទី២៩ ខែមីនា នេះ។
ទើបតែបញ្ចប់ការសិក្សាកម្រិតបឋមសិក្សា Dominic McLaughlin វ័យ ១២ ឆ្នាំ Alastair Stout វ័យ ១២ ឆ្នាំ និង Arabella Stanton វ័យ ១១ ឆ្នាំ បានយកឈ្នះបេក្ខជនជាង ៣០ ០០០ នាក់ ដើម្បីចាប់ឱកាសសម្ដែងជាតួអង្គ Harry Potter, Ron Weasley និង Hermione Granger សម្រាប់ភាពយន្តភាគថ្មីរបស់ HBO។
តារាវ័យក្មេងទាំង ៣រូបនេះ បានចូលមកបន្តវេនពី Daniel Radcliffe, Rupert Grint និង Emma Watson ដែលធ្លាប់ទទួលបានប្រជាប្រិយភាពតាមរយៈស្នាដៃតែមួយរបស់អ្នកនិពន្ធ JK Rowling ក្នុងទម្រង់ជាភាពយន្តកុន ចេញផ្សាយក្នុងចន្លោះឆ្នាំ ២០០១ ដល់ឆ្នាំ ២០១១។
ការផលិតថ្មី ក្នុងទម្រង់ជារឿងភាគនេះ ទស្សនិកជនទើបតែបានឃើញ Dominic McLaughlin, Alastair Stout និង Arabella Stanton ក្នុងរូបភាពជាតួអង្គរបស់ខ្លួនលើកដំបូងតាមរយៈវីដេអូខ្លី ដែល HBO បានបញ្ចេញកាលពីថ្ងៃទី២៦ ខែមីនា កន្លងទៅ ដែលបង្កើនការំជើបរំជួលសម្រាប់ក្រុមអ្នកគាំទ្រ ខណៈក៏មានការលើកឡើងពីការសង្ស័យលើប្រាក់ចំណូលដែលតារាវ័យក្មេងនឹងទទួលបានផងដែរ។
យោងតាមប្រភពផ្ទៃក្នុងពីទូរទស្សន៍ខាងលើបានឱ្យដឹងថា តារាវ័យក្មេងទាំងនេះនឹងក្លាយជាទីច្រណែនរបស់មិត្តភក្តិ ព្រោះពួកគេទទួលបានថ្លៃខ្លួនដល់ទៅ ៥០០ ០០០ ផោន ឬប្រហែល ៦៦ ម៉ឺនដុល្លារអាមេរិក សម្រាប់តែការសម្ដែងក្នុងរដូវកាលទី ១ ប៉ុណ្ណោះ។
ប្រភពដដែលបានប្រាប់សារព័ត៌មាន The Sun ថា៖ “នេះគឺជាប្រាក់កម្រៃដ៏ច្រើនសន្ធឹកសន្ធាប់សម្រាប់ក្មេង ៣ នាក់ដែលនៅមិនទាន់ចូលដល់វ័យជំទង់ផង ហើយនេះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ។ បើសិនជាពួកគេបន្តសម្ដែងទៀតនោះ ពួកគេនឹងក្លាយជាសេដ្ឋីប្រាក់លានមុនអាយុ ១៨ ឆ្នាំប្រាកដណាស់”។
តាមរយៈតួរលេខខាងលើ មានន័យថា តារារះថ្មីទាំង ៣រូបនេះ ទទួលបានកម្រៃប្រមាណ ៦ម៉ឺនផោន ឬល្បាក់ ៨ម៉ឺនដុល្លារក្នុងមួយភាគ ព្រោះក្នុងរដូវកាលទី ១ ដែលត្រៀមចាក់ផ្សាយក្នុងរដូវកាលបុណ្យណូអែលខាងមុខនេះ មានត្រឹមតែ ៨ភាគប៉ុណ្ណោះ។
ដោយឡែកសម្រាប់ប្រាក់ចំណូលដែលតួអង្គគោលទាំង ៣ ក្នុងច្បាប់ដើម ទទួលបានក៏ច្រើនមិនធម្មតាដែរ។ ជាក់ស្ដែង សម្រាប់ភាពយន្ត Harry Potter ទី ១ Daniel Radcliffe ក្នុងនាមជាតួអង្គឯក ទទួលបានប្រាក់ថ្លៃខ្លួនចំនួន ១លានផោន ឬ ១.៣២ លានដុល្លារអាមេរិក ដែលគ្រានោះលោកមានវ័យ ១២ឆ្នាំដូចគ្នា។ លុះមកដល់ ២ភាគចុងក្រោយ លោកអាចរកចំណូលសរុបបានដល់ទៅ ៣៧.៥ លានផោនឬ ៤៩.៧ លានដុល្លារអាមេរិក។ នាំឱ្យបច្ចុប្បន្ន តារាប្រុសវ័យ ៣៧ឆ្នាំមានទ្រព្យសម្បត្តិសរុប ៩៦ លានផោន ឬ ១២៧ លានដុល្លារអាមេរិក ។
ទន្ទឹមគ្នានេះ Emma Watson ដែលសម្ដែងជា Hermione Granger ទទួលបានប្រាក់កម្រៃសរុបប្រហែល ៤៩ លានផោន ឬ ៦៥លានដុល្លារអាមេរិក ពីភាពយន្តដែលមានសរុប ៨រឿង ធ្វើឱ្យបច្ចុប្បន្ន តារាស្រីវ័យ ៣៥ឆ្នាំមានទ្រព្យសម្បត្តិសរុបប្រហែល ៦៧ លានផោន ឬ ៨៨.៨ លានដុល្លារអាមេរិក។
ចុងក្រោយគឺ Rupert Grint ដែលសម្ដែងជាតួអង្គ Ron Weasley លោករកចំណូលបានជាង ២១ លានផោន ឬ ២៧.៨ លានដុល្លារអាមេរិកពីសែស្រឡាយភាពយន្តមួយនេះ៕