តារាចម្រៀង ទេព បូព្រឹក្ស មានឱកាសសម្ដែងម្ដងទៀតនៅក្នុងកម្មវិធី ROUND Festival របស់ KBS ដែលម្ដងនេះគឺជាលើកទី២ ហើយ។ ដោយកាលពីល្ងាចថ្ងៃ ១៦ ខែមេសា ឆ្នាំ ២០២៦ ម្ចាស់បទ «ទេវរាជ» បានចេញដំណើរពីកម្ពុជា និងនាំក្រុមការងារសិល្បៈបុរាណជាច្រើនរូប ដើម្បីសម្ដែងលើឆាកតន្រ្តីជាមួយអ្នកនាងផងដែរ។
ទេព បូព្រឹក្ស បានឲ្យដឹងថា “ថ្ងៃនេះពួកយើងចេញដំណើរទៅសម្តែងក្នុងកម្មវិធីអន្តរជាតិរបស់ KBS ROUND Festival នៅហ្វីលីពីន បាននាំយកនូវទស្សនីយភាពវប្បធម៌ទៅជាមួយ តាមដែលអាចធ្វើបាន មានទាំងបុរាណ និងសម័យ បំណងប្រាថ្នាដែលតែងតែគិតថាបើមានឱកាសទៅសម្ដែងនៅលើឆាកអន្តរជាតិទោះទៅដល់ទីណាក៏ដោយឲ្យតែមានឱកាស ខ្ញុំនឹងយកសិល្បៈវប្បធម៌បុរាណទៅបង្ហាញដល់ទីនោះជាមួយខ្ញុំ បើមានអ្នកពេញចិត្ត មិនពេញចិត្តក្ដី សូមឲ្យគិតថាអ្វីដែលខ្ញុំធ្វើគឺធ្វើចេញពីចិត្ត ធ្វើដោយសេចក្ដីពិត ទោះជាដឹងថាអ្នកធ្វើចាំតែខុសក៏ដោយ រឿងខ្លះដែលមិនចូលចិត្តរឿងបុគ្គលទុកមួយឡែកសិនទៅណា ព្រោះពួកយើងជាឈាមខ្មែរតែមួយ ផ្តាំឲ្យហើយជួយស៊ែរផងណា“។
ក្នុងដំណើរដែលចេញទៅសម្ដែងនៅហ្វីលីពីនលើកនេះ ក៏មានការចូលរួមពីសំណាក់ស្វាមី គឺតារារ៉េប ងួន ចាន់ដេវីត ផងដែរ មិនខុសពីការទៅសម្ដែង ROUND Festival លើកដំបូងរបស់អ្នកនាងនៅប្រទេសម៉ាឡេស៊ីឡើយ។
ទេព បូព្រឹក្ស នឹងបង្ហាញវត្តមាននៅលើឆាកអន្តរជាតិក្នុងកម្មវិធី 2025 ROUND Festival នៃប្រទេសម៉ាឡេស៊ី កាលពីថ្ងៃ ២១,២២ ខែមិថុនា ឆ្នាំ ២០២៥។ នាគ្រានោះទេព បូព្រឹក្ស បានបញ្ចូលបទចម្រៀងមាន សិល្បៈវប្បធម៌ខ្មែរដូចជា ល្ខោនខោល , របាំមណីមេខលា និងអប្សរា ត្រូវបានយកទៅបង្ហាញលក្ខណៈទ្រង់ទ្រាយធំបែបនេះនៅលើឆាកតន្ត្រីនៅក្នុងទីក្រុងកូឡាឡាំពួរ។
គួរបញ្ជាក់ថា ទេព បូព្រឹក្ស ធ្លាប់លើកឡើង ការសម្ដែងនៅហ្វីលីពីនថ្ងៃ ១៩ ខែមេសា នេះ ជាការរួមចំណែកចុងក្រោយរបស់ខ្លួន ក្នុងការនាំយកសិល្បៈវប្បធម៌ខ្មែរលើឆាកអន្តរជាតិ៕
រូបភាព៖ Tep Boprek