បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
SM Entertainment គ្រោងរឹបអូសផ្ទះសមាជិក EXO-CBX ទាំងបីរូប ខណៈទាមទារប្រាក់ ១.៨ លានដុល្លារ

SM Entertainment គ្រោងរឹបអូសផ្ទះសមាជិក EXO-CBX ទាំងបីរូប ខណៈទាមទារប្រាក់ ១.៨ លានដុល្លារ

មានសេចក្តីរាយការណ៍ថា ក្រុមហ៊ុន SM Entertainment បានចាត់វិធានការបង្កកទ្រព្យសម្បត្តិរបស់សមាជិកក្រុម EXO រួមមាន Chen, Baekhyun និង Xiumin ដោយសារតែជម្លោះជុំវិញលក្ខខណ្ឌកិច្ចសន្យា និងការបែងចែកប្រាក់ចំណូល។

Advertisement

កាលពីថ្ងៃទី ១១ ខែកុម្ភៈ សារព័ត៌មានកូរ៉េ Biz Hankook បានរាយការណ៍ថា ក្រុមហ៊ុន SM បានចាប់ផ្តើមនីតិវិធីផ្លូវច្បាប់ដើម្បីការពារទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់សិល្បករទាំងបី។ ទ្រព្យសម្បត្តិទាំងនោះរួមមាន ប្រាក់កក់ជួលផ្ទះរបស់ Chen ផ្ទះអាផាតមិនរបស់ Baekhyun នៅទីក្រុង Guri និងផ្ទះអាផាតមិនរបស់ Xiumin នៅទីក្រុង Yongsan ទីក្រុងសេអ៊ូល។

ប្រភពដដែលបញ្ជាក់ថា ក្រុមហ៊ុន SM កំពុងទាមទារទឹកប្រាក់សរុបចំនួន ២.៦ ពាន់លានវ៉ុន (ប្រហែល ១.៨ លានដុល្លារ)។ ក្នុងនោះរួមមាន៖ ៣០០ លានវ៉ុន (ប្រហែល ២០ ម៉ឺនដុល្លារ) ពី Chen, ១.៦ ពាន់លានវ៉ុន (ប្រហែល ១.១ លានដុល្លារ) ពី Baekhyun និង ៧០០ លានវ៉ុន (ប្រហែល ៤៨ ម៉ឺនដុល្លារ) ពី Xiumin ។ សកម្មភាពនេះមានគោលបំណងដើម្បីធានាថាផលិតកម្មទទួលបាន ១០% នៃប្រាក់ចំណូលពីសកម្មភាពផ្ទាល់ខ្លួនរបស់សិល្បករទាំងបីរូប ដូចដែលបានព្រមព្រៀងគ្នានៅក្នុងកិច្ចសន្យាចុះហត្ថលេខានៅថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២៣។

សូមរម្លឹកថា ជម្លោះនេះបានចាប់ផ្តើមនៅខែមិថុនា ឆ្នាំ ២០២៣ នៅពេលដែលក្រុម CBX បានប្រកាសថា ពួកគេចង់បញ្ចប់កិច្ចសន្យាផ្តាច់មុខជាមួយ SM ដោយលើកឡើងពីបញ្ហាខ្វះខាតទិន្នន័យទូទាត់ប្រាក់ និងលក្ខខណ្ឌកិច្ចសន្យាដែលមានរយៈពេលវែងពេក។ ក្រុមហ៊ុន SM បានបដិសេធការចោទប្រកាន់ទាំងនេះ ដោយនិយាយថា ពួកគេបានផ្តល់ព័ត៌មានចាំបាច់រួចហើយ ហើយក៏បានសម្តែងការព្រួយបារម្ភអំពីការគ្រប់គ្រងសកម្មភាពទោលរបស់ CBX ដោយក្រុមហ៊ុនមេរបស់ពួកគេគឺ Big Planet Made Entertainment។

នៅពេលក្រោយមក ភាគីទាំងពីរបានឈានដល់ការព្រមព្រៀងគ្នាដែលក្នុងនោះសកម្មភាពជាក្រុមរបស់ EXO នឹងនៅតែស្ថិតក្រោមការគ្រប់គ្រងរបស់ SM ប៉ុន្តែសកម្មភាពទោលរបស់ CBX នឹងត្រូវគ្រប់គ្រងដោយទីភ្នាក់ងារដាច់ដោយឡែកមួយ។ យោងតាមកិច្ចព្រមព្រៀងនេះ CBX តម្រូវឱ្យបង់ប្រាក់ ១០% នៃប្រាក់ចំណូលពីសកម្មភាពទោលរបស់ពួកគេទៅឱ្យ SM ។

ទោះជាយ៉ាងណាក៏ដោយ ជម្លោះបានផ្ទុះឡើងម្តងទៀតនៅខែមិថុនា ឆ្នាំ ២០២៤ នៅពេលដែលភាគី CBX បានចោទប្រកាន់ SM ថាមិនបានគោរពតាមអត្រាថ្លៃចែកចាយអាល់ប៊ុម ៥.៥% ។ CBX បានដាក់ពាក្យបណ្តឹង​ប្រឆាំងនឹងនាយកប្រតិបត្តិ SM ប៉ុន្តែក៏ត្រូវបានច្រានចោលដោយសារខ្វះភស្តុតាង។

បញ្ហានេះបានកើនឡើងវិញ នៅពេលដែល CBX ត្រូវបានគេរាយការណ៍ថាត្រូវបានដកចេញពីសកម្មភាពក្រុមពេញលេញរបស់ EXO នៅឆ្នាំ ២០២៥។ ក្រុមហ៊ុន SM បានពន្យល់ថា CBX នៅមិនទាន់បានបង់ប្រាក់ ១០% នៃប្រាក់ចំណូលបុគ្គលរបស់ពួកគេ ដូចដែលមានចែងក្នុងកិច្ចព្រមព្រៀងនោះទេ។

ស្របពេលដែល SM ត្រៀមបង្កកទ្រព្យសម្បត្តិរបស់ពួកគេ ជម្លោះនេះមើលទៅហាក់ដូចជាកំពុងឆ្ពោះទៅរកការប្រយុទ្ធគ្នាតាមផ្លូវច្បាប់បន្ថែមទៀត ហើយគ្រប់គ្នាក៏កំពុងតាមដានមើលថា តើ CBX នឹងឆ្លើយតបយ៉ាងណាចំពោះការវិវត្តចុងក្រោយនេះ ៕

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

មានបទពិសោធន៍ច្រើនឆ្នាំ ក្នុងការងារជាអ្នកផលិតមាតិកា និងការីនិពន្ធនៅក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករួមមានវិបសាយ ទូរទស្សន៍ ទស្សនាវដ្ដី និងមាតិកាបណ្ដាញសង្គមនានា។ បច្ចុប្បន្ន វ៉ាន់ថន ជាការីនិពន្ធនៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា