បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
២០ ឆ្នាំក្រោយចេញស្នាដៃដំបូង Taylor Swift ទទួលងារជាកំពូលអ្នកនិពន្ធស្រីវ័យក្មេងបំផុតក្នុងបញ្ជីកិត្តិយស Songwriters Hall of Fame

២០ ឆ្នាំក្រោយចេញស្នាដៃដំបូង Taylor Swift ទទួលងារជាកំពូលអ្នកនិពន្ធស្រីវ័យក្មេងបំផុតក្នុងបញ្ជីកិត្តិយស Songwriters Hall of Fame

Taylor Swift ថ្មីៗនេះបានក្លាយជាស្ត្រីមានអាយុក្មេងជាងគេបំផុត ដែលត្រូវបានចាត់បញ្ចូលទៅក្នុងបញ្ជីកំពូលអ្នកនិពន្ធបទចម្រៀង Songwriters Hall of Fame ក្នុងវ័យ ៣៦ ឆ្នាំ ដែលជាជោគជ័យដ៏សំខាន់មួយទៀតនៅក្នុងអាជីពរបស់តារាចម្រៀងប៉ុបអាមេរិករូបនេះ។ អ្នកនិពន្ធផ្សេងទៀតរួមមានលោក Gene Simmons, លោក Paul Stanley, លោក Kenny Loggins, កញ្ញា Alanis Morissette និងលោក Walter Afanasieff ក៏ទើបតែត្រូវបានបញ្ចូលឈ្មោះក្នុងបញ្ជីអ្នកនិពន្ធឆ្នើមប្រចាំឆ្នាំនេះផងដែរ។

Advertisement

កំណត់ត្រាផ្នែកនារីពីមុនគឺគ្រប់គ្រងដោយលោកស្រី Carole Bayer Sager ដែលមានអាយុ ៤៣ ឆ្នាំ នៅពេលបានជាប់ក្នុងឆ្នាំ ១៩៨៧។ ដោយឡែក លោក Stevie Wonder នៅតែជាបុគ្គលដែលមានអាយុក្មេងជាងគេបំផុតដែលត្រូវបានទទួលស្គាល់ ពោលគឺក្នុងវ័យ ៣២ ឆ្នាំ នៅក្នុងឆ្នាំ១៩៨៣។

គួរបញ្ជាក់ថា សិល្បករមានសិទ្ធិទទួលបានការជ្រើសរើសចូលក្នុងបញ្ជីកិត្តិយស Hall of Fame នេះ រយៈពេល ២០ ឆ្នាំបន្ទាប់ពីការចេញផ្សាយបទចម្រៀងដំបូងរបស់ពួកគេ។ សម្រាប់ Taylor Swift បទចម្រៀងដំបូងនោះគឺបទ “Tim McGraw” ដែលបានចេញផ្សាយកាលពីខែមិថុនា ឆ្នាំ ២០០៦។

ជោគជ័យរបស់នាងចាប់តាំងពីពេលនោះមកគឺមិនអាចប្រកែកបានឡើយ ដោយសិល្បការិនីរូបនេះបានថតអាល់ប៊ុមសរុបចំនួន ១២ ដែលមានគ្រប់ប្រភេទតន្ត្រីចាប់ពី Country, Pop និង Folk និងទទួលបានពានរង្វាន់ Grammy Awards ចំនួន ១៤ នៅសហរដ្ឋអាមេរិក រួមទាំងពានរង្វាន់អាល់ប៊ុមឆ្នើមប្រចាំឆ្នាំ (Album of the Year) ចំនួន ៤ ដែលជាកំណត់ត្រាខ្ពស់បំផុត។

ទិន្នន័យផ្លូវការបានបង្ហាញថា ការលក់អាល់ប៊ុមរបស់ Taylor Swift នៅទូទាំងពិភពលោកមានចំនួនជាង ២៥០ លានបន្ទះ ខណៈការប្រគំតន្ត្រីទេសចរណ៍ចុងក្រោយបំផុតរបស់នាងក្នុងឆ្នាំ ២០២៣ និង ២០២៤ គឺ “The Eras Tour” បាននាំមកនូវចំណូលបំបែកកំណត់ត្រាសរុបប្រហែល ២ ពាន់លានដុល្លារអាមេរិក។

គួរបញ្ជាក់ដែរថាថ្មីៗនេះ Taylor Swift បានបង្កើតប្រវត្តិសាស្ត្រក្នុងវិស័យតន្ត្រីម្តងទៀត បន្ទាប់ពីបទចម្រៀងថ្មីរបស់នាង “I Knew It, I Knew You” ពីខ្សែភាពយន្តគំនូរជីវចល Toy Story បានបង្ហាញខ្លួនជាលើកដំបូងនៅលេខ ១ នៅលើតារាង Billboard Hot 100 សប្ដាហ៍នេះ ធ្វើឱ្យនាងអាចវ៉ាដាច់ Ariana Grande ក្លាយជាសិល្បករស្រីមានបទចម្រៀងឡើងដល់លេខ ១ តាំងពីសប្ដាហ៍ដំបូងច្រើនជាងគេក្នុងប្រវត្តិសាស្ត្រ ពោលចំនួន ៩ បទ។

ក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ បទចម្រៀងនេះទទួលបានការស្តាប់ចំនួន ២៧.២ លានដងលើវេទិកា Streaming, ត្រូវបានចាក់ផ្សាយតាមវិទ្យុចំនួន ៤៦.៧ លានដង និងសម្រេចការលក់អាល់ប៊ុមទាំងស៊ីឌី និងឌីជីថលសរុបចំនួន ៨៧០០០ ឈុត ៕

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

មានបទពិសោធន៍ច្រើនឆ្នាំ ក្នុងការងារជាអ្នកផលិតមាតិកា និងការីនិពន្ធនៅក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករួមមានវិបសាយ ទូរទស្សន៍ ទស្សនាវដ្ដី និងមាតិកាបណ្ដាញសង្គមនានា។ បច្ចុប្បន្ន វ៉ាន់ថន ជាការីនិពន្ធនៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា