ទើបតែផ្ទុះព័ត៌មានថាតារាប្រុសជើងចាស់ ទេព រិនដារ៉ូ បានបើកហាងធំមួយយ៉ាងស្ងៀមស្ងាត់ ក្រៅពីអាជីពតារាជាអ្នកសិល្ប។ នោះគឺសេវាកម្មថែទាំ រថយន្ត ដោយដំណើរការតាំងពីចុងឆ្នាំ ២០២៥ មកម្ល៉េះ និងមានតែសិល្បករគ្នាឯងប៉ុណ្ណោះដែលស្គាល់ ហើយទៅគាំទ្រអាជីវកម្ម។
សម្រាប់តារាប្រុសជើងចាស់ ទេព រិនដារ៉ូ បានចាប់អាជីពខុសប្លែកពីសិល្បករដទៃដោយជ្រើសរើស បើកជាហាងឯកទេសបិតស្គុតឡាន និងថែទាំរថយន្ត។ សម្រាប់តារាប្រុសរូបនេះ ពិតជាជ្រើសរើសអាជីពប្លែកពីតារាដទៃដែលភាគច្រើនមានទំនោរបើកជាហាងម្ហូបអាហារ ហាងលក់សម្លៀកបំពាក់ និងហាងលក់ផលិតផលថែរក្សាសម្រស់ជាដើម។
លោក ទេព រិនដារ៉ូ ពិតជាសិល្បករម្នាក់ដែលនៅតែមានទីផ្សារភាពយន្តសម្ដែង និងមានអាជីពក្រៅពីសិល្បៈច្បាស់លាស់ ដែលអាចជួយផ្គត់ផ្គង់ខ្លួន និងគ្រួសាររស់នៅបានយ៉ាងសុខស្រួល បើទោះជាវិស័យភាពយន្តមិនសូវរីកដុះដាលខ្លាំង ក្នុងសង្គមសិល្បៈខ្មែរ។
មួយវិញបញ្ជាក់យ៉ាងច្បាស់ថា តារាប្រុសជើងចាស់រូបនេះចេះគិតគូរ និងគ្រប់គ្រងហិរញ្ញវត្ថុបានយ៉ាងត្រឹមត្រូវ។ តួឯកប្រុសរឿង «ចាស់កំព្រា» ប្រឡូកសិល្បៈជិត ៤០ ឆ្នាំហើយ តែលោក ក្រៅពីអាជីពជាតារ ក៏បន្តសិក្សាស្វែងយល់ពីរឿងជាច្រើន ដែលធ្វើឲ្យលោកអាចនៅតែមានទីផ្សារការងារ មានសុខភាពល្អ ព្រមទាំងសន្សំបានទ្រព្យសម្បត្តិមួយចំនួន សម្រាប់ចិញ្ចឹមជីវិតជាពោះម៉ាយបាន។
ក្រៅពីសម្ដែងហើយនោះ លោកក៏ជាតារាប្រុសដែលចាប់អារម្មណ៍លើសុខភាពជាចាំបាច់ដែរ ដោយហាត់ប្រាណ តាមដានសុខភាពជាប្រចាំ។ ធ្វើឲ្យមហាជនមើលឃើញយ៉ាងច្បាស់ថា តារាប្រុសវ័យ ៦៣ ឆ្នាំ នៅតែសង្ហា ក្មេងជាងវ័យ រាងកាយមាំមួន និងសុខភាពល្អ ដែលជាមូលហេតុអាចសម្រេចអ្វីៗតាមបំណង ពេលសុខភាពសមប្រកប។
តាមរយៈការបកស្រាយផ្សេងៗឃើញថា ការបើកអាជីវកម្មថែទាំរថយន្តនេះ លោក ទេព រិនដារ៉ូ ពិតជាមានជំនាញប្រាកដមែន ហើយបានទៅក្រៅប្រទេសដើម្បីស្វែងរកដៃគូផ្គត់ផ្គង់ដោយខ្លួនឯងផ្ទាល់៕