ជម្លោះរវាងក្រុម THE BOYZ និង One Hundred Label ផ្ទុះឡើងម្ដងទៀត ដោយភាគីទាំងសងខាងបានអះអាងផ្សេងគ្នា ជុំវិញបញ្ហាហិរញ្ញវត្ថុ។ នេះបើយោងតាមការចុះផ្សាយរបស់ ZAPZEE នៅថ្ងៃទី២៣ ខែមេសានេះ។

ជម្លោះរវាងក្រុម THE BOYZ និង One Hundred Label ផ្ទុះឡើងម្ដងទៀត ដោយភាគីទាំងសងខាងបានអះអាងផ្សេងគ្នា ជុំវិញបញ្ហាហិរញ្ញវត្ថុ។ នេះបើយោងតាមការចុះផ្សាយរបស់ ZAPZEE នៅថ្ងៃទី២៣ ខែមេសានេះ។

នៅថ្ងៃទី ២២ ខែមេសា មេធាវី Kim Moon Hee ដែលជាតំណាងផ្លូវច្បាប់របស់សមាជិក ៩ រូបរបស់ក្រុម THE BOYZ រួមមាន Sangyeon Jacob Younghoon Hyunjae Juyeon Kevin Q Sunwoo និង Eric បានលើកឡើងថា សិល្បករមិនទាន់ទទួលបាន “ការទូទាត់សូម្បីតែមួយសេន” រួមទាំងប្រាក់ចំណូលដែលនៅសេសសល់តាំងពីចុងឆ្នាំ ២០២៥។
មេធាវីរូបនេះបានបញ្ជាក់ថា៖ “ទោះបីជាមានការសន្យាជាច្រើនលើកច្រើនសារ រួមទាំងការកំណត់កាលបរិច្ឆេទច្បាស់លាស់ និងការសន្យាបង់ប្រាក់ពិន័យយឺតយ៉ាវក៏ដោយ ក៏ទីភ្នាក់ងារនៅមិនទាន់បានធ្វើការបង់ប្រាក់ណាមួយនៅឡើយទេ”។
មេធាវី Kim Moon Hee បានហៅសេចក្តីថ្លែងការណ៍ជាសាធារណៈរបស់ទីភ្នាក់ងារដែលថា បានទូទាត់ប្រាក់រួចរាល់នោះថាជា “រឿងមិនពិត និងជារឿងដែលគួរឱ្យសោកស្តាយបំផុត”។
បច្ចុប្បន្ន បណ្តឹងព្រហ្មទណ្ឌរបស់សមាជិក THE BOYZ កំពុងស្ថិតក្រោមការស៊ើបអង្កេត។ គិតត្រឹមថ្ងៃទី២០ ខែតែមួយ ករណីនេះ បានបញ្ជូនទៅកាន់អង្គភាពប្រឆាំងបទល្មើសហិរញ្ញវត្ថុនៃស្នងការដ្ឋាននគរបាលក្រុងសេអ៊ូលរួចរាល់ហើយ។

ជាការឆ្លើយតប One Hundred Label បានអះអាងថា ខ្លួនបានបើកប្រាក់ Signing Advances ជូនសមាជិកទាំង ១១ រូបរួចរាល់ហើយ ដោយម្នាក់ៗទទួលបាន ១.៥ ប៊ីលានវ៉ុន សរុបទាំងអស់គឺ ១៦.៥ ប៊ីលានវ៉ុន ឬប្រមាណ ១១.១ លានដុល្លារអាមេរិក។ ទីភ្នាក់ងារបានឱ្យដឹងទៀតថា ចំនួនទឹកប្រាក់នេះគឺលើសពីស្ដង់ដាទូទៅក្នុងឧស្សាហកម្មកម្សាន្ត ដែលក្រុមហ៊ុនឱ្យទៅកាន់សិល្បករ។
គួរឱ្យដឹងថា ប្រាក់ Signing Advances គឺជា កញ្ចប់ប្រាក់ដែលក្រុមហ៊ុនបានបើកទៅឱ្យសិល្បករភ្លាមៗនៅពេលចុះកិច្ចសន្យា ខណៈសិល្បករត្រូវសងប្រាក់នោះត្រឡប់ទៅវិញ។ នោះមានន័យថា នៅពេលក្រុមហ៊ុនឱ្យប្រាក់ Signing Advances ទៅសិល្បករ រាល់ប្រាក់ចំណូលដែលរកបានពីការលក់អាល់ប៊ុម ឬការប្រគំតន្ត្រីនាពេលក្រោយ ក្រុមហ៊ុននឹងកាត់ទុករហូតដល់គ្រប់ចំនួននោះវិញ ទើបសិល្បករចាប់ផ្តើមទទួលបានចំណែកប្រាក់ចំណេញ។
ទន្ទឹមគ្នានឹងការអះអាងខាងលើ One Hundred Label បានបញ្ជាក់ថា ប្រាក់ចំណូលដែលមិនទាន់ទូទាត់ណាមួយនោះ គឺមានចំនួនតិចតួចណាស់ បើធៀបនឹងប្រាក់ Signing Advances ដែលទឹកប្រាក់ទាំងនោះត្រូវដកទូទាត់វិញពីប្រាក់ចំណូលនាពេលអនាគត។ ក្រុមហ៊ុនបានបន្ថែមថា ប្រសិនបើកិច្ចសន្យាបញ្ចប់ សិល្បករត្រូវតែសងត្រឡប់ទឹកប្រាក់ដែលនៅសល់នោះវិញ។

ទីភ្នាក់ងារបានបង្ហាញជំហរថា ខ្លួនបានត្រៀមរួចជាស្រេចក្នុងការប្រគល់ប្រាក់ដែលនៅសេសសល់ភ្លាមៗ ប្រសិនបើសមាជិកទទួលស្គាល់ថា ខ្លួនបានទទួលប្រាក់ Signing Advances និងរក្សាកិច្ចសន្យារបស់ពួកគេជាមួយនឹងទីភ្នាក់ងារដូចដើម។
គួររំឭកថា កាលពីខែកុម្ភៈ កន្លងទៅ សមាជិក ៩ រូបរបស់ក្រុម THE BOYZ លើកលែង New បានដាក់ពាក្យសុំបញ្ចប់កិច្ចសន្យា ដោយសារបញ្ហាមិនបើកប្រាក់ចំណូល និងការបរាជ័យក្នុងការគ្រប់គ្រង ព្រមទាំងដាក់ពាក្យបណ្តឹងព្រហ្មទណ្ឌប្រឆាំងនឹងនាយកប្រតិបត្តិ លោកស្រី Cha Ga Won ពីបទរំលោភលើទំនុកចិត្តផងដែរ៕
