បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
Tom Holland យល់ថា Owen Cooper ស័ក្តិសមសម្រាប់បន្តវេនតួអង្គ Spider-Man តពីលោក

Tom Holland យល់ថា Owen Cooper ស័ក្តិសមសម្រាប់បន្តវេនតួអង្គ Spider-Man តពីលោក

Tom Holland បានចែករំលែកពីចក្ខុវិស័យរបស់លោកនាពេលអនាគតសម្រាប់តួអង្គ Spider-Man ដោយយល់ថា តារាជំនាន់ប្អូន Owen Cooper ស័ក្តិសមនឹងទទួលបានឱកាសសម្ដែងជាតួអង្គវីរបុរសមួយនេះបន្តពីលោក។

Advertisement

នៅក្នុងបទសម្ភាសន៍ថ្មីមួយជាមួយទស្សនាវដ្ដី Esquire ចេញផ្សាយនៅថ្ងៃទី១៦ ខែមិថុនា នេះ តារាប្រុសវ័យ ៣០ ឆ្នាំ បានឱ្យដឹងថា លោកមានគំនិតរួចជាស្រេចហើយថា តើនរណាដែលអាចមកដើរតួជា Peter Parker បន្ទាប់ពីលោក។

ជាក់ស្ដែង Tom Holland បានលើកឈ្មោះរបស់តារាជំនាន់ប្អូនរូបនោះថា៖ “Owen Cooper ពិតជាអស្ចារ្យណាស់។ តាមពិតទៅ គេជាមនុស្សដែលមានទេពកោសល្យខ្ពស់ ហើយបច្ចុប្បន្នកំពុងតែល្បីខ្លាំង ដែលមានមនុស្សនិយាយពីគេច្រើន”។

Owen Cooper គឺជាតួឯកប្រុសពីខ្សែភាពយន្តភាគរឿង Adolescence ដោយការសម្ដែងនៅក្នុងភាពយន្តភាគខ្លីរបស់ Netflix មួយនេះ បានធ្វើឱ្យតារាប្រុសវ័យ ១៦ ឆ្នាំ ទទួលបានពានរង្វាន់កោតសរសើរជាច្រើន ពីកម្មវិធីល្បីៗដូចជា BAFTA TV Awards, Critics Choice Awards, Golden Globes និង Primetime Emmy Awards ជាដើម។

បន្ទាប់ពីទទួលបានជោគជ័យក្នុងរឿង Adolescence មក Owen Cooper នឹងបង្ហាញសមត្ថភាពសម្ដែងបន្ថែមទៀត តាមរយៈភាពយន្តកុនចំនួន ២រឿង គឺ​ Wuthering Heights រឿង Cry to Heaven និងភាពយន្តភាគចំណងជើង Film Club។

ត្រឡប់ទៅកាន់បទសម្ភាសន៍ដើមវិញ ស្វាមីរបស់តារាស្រី Zendaya ក៏បានបង្ហាញពីគោលបំណងក្នុងការចូលរួមអភិវឌ្ឍតួអង្គ Spider-Man សម្រាប់ភាពយន្តបន្តបន្ទាប់ទៀតដែរ បើទោះបីជាគ្រានោះលោកអស់តួនាទីត្រូវសម្ដែងជាតួអង្គនេះក៏ដោយ។

រំឭកដល់រៀមច្បង Robert Downey Jr. ដែលបានជួយបង្វឹក និងណែនាំលោកនៅពេលសម្ដែងជាតួអង្គ Spider-Man ដំបូង Tom Holland បាននិយាយថា៖ “ដូចដែល Robert Downey ធ្លាប់ធ្វើជាអ្នកណែនាំដ៏ល្អម្នាក់សម្រាប់ខ្ញុំនៅក្នុងខ្សែភាពយន្តបីវគ្គដំបូងអ៊ីចឹង ខ្ញុំក៏ចង់ធ្វើរឿងតែមួយនេះដូចគ្នា សម្រាប់អ្នកដែលនឹងមកបន្តវេនពីខ្ញុំ”។

គួរឱ្យដឹងផងដែរថា Tom Holland គឺជាតារាសម្តែងទី ៣ ដែលទទួលបានឱកាសសម្ដែងជាតួអង្គ Spider-Man បន្ទាប់ពីរៀមច្បងទាំងពីរគឺ Tobey Maguire និង Andrew Garfield។

ចាប់តាំងពីការបង្ហាញខ្លួនជាលើកដំបូងក្នុងឆ្នាំ ២០១៦ តាមរយៈខ្សែភាពយន្តរឿង Captain America: Civil War តារាសម្ដែងហូលីវូដរូបនេះបានបន្តសម្ដែងក្នុងរឿង Spider-Man ចំនួន ៣ ភាគរួចមកហើយ ខណៈភាពយន្តវគ្គថ្មីទី ៤ Spider-Man: Brand New Day កំពុងត្រៀមចូលរោងចាក់បញ្ចាំងនៅខែ កក្កដា ខាងមុខនេះ៕

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា