ខណៈពេលដែលការចាប់គូសម្តែងរវាងតារាដែលគ្រប់គ្នាធ្លាប់ស្គាល់ អាចធានាបាននូវប្រជាប្រិយភាពដែលអាចទុកចិត្តបាន ប៉ុន្តែទស្សនិកជនកាន់តែបង្ហាញក្តីកង្វល់ និងភាពស៊ាំភ្នែកកាន់តែខ្លាំងឡើង ចំពោះការជ្រើសរើសតារាលំដាប់កំពូល (A-list) ដែលអាចទាយដឹងសាច់រឿងមុន។ ប៉ុន្តែក្នុងខណៈពេលជាមួយគ្នានេះ រឿងភាគ Original របស់ Netflix ជាច្រើនដូចជារឿង “If Wishes Could Kill” និងរឿង “Teach You a Lesson” កំពុងតែទាក់ទាញអ្នកទស្សនាយ៉ាងខ្លាំង ដោយការប្រើប្រាស់តារាមុខថ្មីៗ ដើម្បីលើកកម្ពស់សាច់រឿងរបស់ពួកគេ។
ចេញផ្សាយកាលពីថ្ងៃទី ៥ ខែមិថុនា រឿង “Teach You a Lesson” បានបន្តឈរនៅចំណាត់ថ្នាក់លេខ ១ ក្នុងបញ្ជីរឿងភាគសកលកំពូលទាំង ១០ របស់ Netflix សម្រាប់សប្តាហ៍ទីពីរ។ ជោគជ័យនេះបានជំរុញឱ្យមានការចាប់អារម្មណ៍កាន់តែខ្លាំងឡើងទៅលើក្រុមតួសម្តែង។
អ្នកទស្សនាមិនត្រឹមតែផ្តោតលើតួឯកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តោតលើតួសម្តែងដែលជាបង្គោលនៅក្នុងភាគនីមួយៗផងដែរ។ នៅក្នុងភាគទី ៥ តារាសម្តែង Park Ji-yeon ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះតួនាទីរបស់នាងជាអាណាព្យាបាលដែលធ្វើហួសហេតុ មករករឿងធ្វើបាបគ្រូបង្រៀនជាមួយនឹងពាក្យបណ្តឹងព្យាបាទ។ តារាសម្តែងដែលដើរតួជាតួអង្គអាក្រក់នៅក្នុងរឿងភាគនេះ បានទទួលជោគជ័យក្នុងការធ្វើឱ្យអ្នកទស្សនាខឹងសម្បារ ដែលជាកម្លាំងជំរុញឱ្យមានការចូលរួមទស្សនារឿងភាគនេះទាំងមូល។
ដោយឡែក រឿង “If Wishes Could Kill” ដែលបានចេញផ្សាយកាលពីខែមេសាមុននេះ ក៏បានជោគជ័យផងដែរ ដោយសារការដាក់តារាថ្មីៗឱ្យមកឈរនៅជួរមុខ។ រឿងភាគនេះមានការចូលរួមពីក្រុមកំពូលតារាកំពុងរះ រួមមាន Jeon So-young, Kang Mi-na, Baek Sun-ho, Hyun Woo-suk, Lee Hyo-je និង Choi Ju-eun ដែលបានឆក់យកបេះដូងអ្នកទស្សនាជាមួយនឹងភាពស៊ីសង្វាក់ដ៏ប្លែកភ្នែករបស់ពួកគេ។ បន្ថែមពីលើការដឹកនាំរឿងល្អ សាច់រឿងល្អ និងគំនិតច្នៃប្រឌិតប្លែកដែលរួមចំណែកដល់ប្រជាប្រិយភាពរបស់រឿងនេះ ការសម្តែងរបស់តារាមុខថ្មីៗ ក៏ជាកម្លាំងចលករនៅពីក្រោយភាពជោគជ័យដ៏ខ្លាំងក្លារបស់រឿងនេះដែរ។
មែនទែនទៅ Netflix បានផ្តល់ឱកាសដល់តារាសម្តែងថ្មីៗជាហូរហែមកហើយ។ ជាក់ស្ដែង រឿង “Sweet Home” បានបង្ហាញពីសក្តានុពលរបស់ Song Kang និង Lee Do-hyun ទៅកាន់សាធារណជន ធ្វើឱ្យតារាសម្តែងទាំងពីរទទួលបានការចាប់អារម្មណ៍ខ្លាំង និងទទួលបានតំណែងជាតួឯកនៅក្នុងរឿងបន្តបន្ទាប់ទៀត។
រឿងដែលល្បីល្បាញខ្លាំងបំផុត “Squid Game” ក៏បានផ្តល់ឱកាសមាសសម្រាប់តារារាយរងចាស់វស្សាគឺតារាប្រុស Heo Sung-tae និងតារាស្រី Kim Joo-ryoung ដែលបានប្រើប្រាស់ជោគជ័យកម្រិតសកលនៃរឿងនេះ ដើម្បីជួយដល់អាជីពរបស់ពួកគេ។ រឿងភាគនេះក៏បានធ្វើឱ្យ Jung Ho-yeon ក្លាយជាតារាលំដាប់អន្តរជាតិភ្លាមៗ នៅក្នុងការបង្ហាញខ្លួនជាតារាសម្តែងលើកដំបូងរបស់នាង។
រឿង “The Glory” ក៏បានដើរតាមគំរូស្រដៀងគ្នានេះដែរ។ ក្រុមតួសម្តែងគាំទ្រដែលជាតួចិត្តអាក្រក់ រួមមាន Park Sung-hoon, Kim Hieora, Cha Joo-young និង Kim Gun-woo ទទួលបានការទទួលស្គាល់កាន់តែទូលំទូលាយ និងទទួលបានតួនាទីសំខាន់ៗនៅក្នុងគម្រោងបន្ទាប់ៗ។ រឿងភាគសងសឹកនេះ ក៏បានអនុញ្ញាតឱ្យ Lim Ji-yeon ទទួលបានតួនាទីដែលកំណត់ជោគវាសនាអាជីពរបស់នាងរហូតក្លាយជាតារាលំដាប់កំពូលម្នាក់ជាផ្លូវការ។
គំរូនៃជោគជ័យដ៏ស្របគ្នានេះ បានគូសបញ្ជាក់ពីតម្រូវការតារាសម្តែងថ្មីៗនៅក្នុងឧស្សាហកម្មភាពយន្ត។ កាលពីមុន គ្រាន់តែមានការបង្ហាញខ្លួនរបស់តារាល្បីម្នាក់ គឺអាចធានាបាននូវការផ្ទុះការចាប់អារម្មណ៍ទៅហើយ ប៉ុន្តែការកើនឡើងហួសប្រមាណនៃមាតិកាផ្សាយតាមប្រព័ន្ធ Streaming បានធ្វើឱ្យអ្នកទស្សនាស៊ាំភ្នែកកាន់តែខ្លាំងជាមួយនឹងប្រព័ន្ធតារាល្បីដូចពីមុន។
បច្ចុប្បន្ន អ្នកទស្សនាផ្តល់អាទិភាពលើមុខមាត់ប្លែកៗជាជាងកេរ្តិ៍ឈ្មោះ ហើយពួកគេឲ្យតម្លៃលើភាពប្រាកដនិយមនៅក្នុងការជ្រើសរើសតួសម្តែង។ មន្តស្នេហ៍នឹកស្មានមិនដល់ដែលផ្តល់ដោយតារាទើបសម្តែងលើកដំបូង បង្កើតបាននូវអារម្មណ៍ស្រស់ស្រាយ ដែលចុងក្រោយក៏អាចជួយបង្កើនការជក់ចិត្តដក់អារម្មណ៍របស់ទស្សនិកជនទៅលើសាច់រឿង។
នៅពេលដែលទីផ្សារកាន់តែរីកធំឡើង តម្រូវការចំពោះមុខមាត់ថ្មីៗក៏បន្តកើនឡើងដូចគ្នា។ Netflix បានបង្កើតខ្លួនឯងជាវេទិកាមួយក្នុងចំណោមវេទិកាដែលកំពុងឆ្លើយតបយ៉ាងខ្លាំងក្លាចំពោះតម្រូវការនោះ។ ជាជាងការគ្រាន់តែពឹងផ្អែកលើអំណាចតារាល្បីដែលមានស្រាប់ សេវាកម្ម Streaming មួយនេះបានបង្កើតនូវគុណសម្បត្តិប្រកួតប្រជែងមួយ ដោយការប្រើប្រាស់ទេពកោសល្យថ្មីៗប្រកបដោយយុទ្ធសាស្ត្រ ៕