Xiao Zhan កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីប្រកាសគម្រោងរឿងភាគថ្មីចំនួន ២ គឺរឿង Legend of Zanghai រដូវកាលទី ២ និងរឿងភាគបែបចារកម្មថ្មីមួយទៀត។

Xiao Zhan កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីប្រកាសគម្រោងរឿងភាគថ្មីចំនួន ២ គឺរឿង Legend of Zanghai រដូវកាលទី ២ និងរឿងភាគបែបចារកម្មថ្មីមួយទៀត។

នៅថ្ងៃទី ១១ ខែឧសភា ផលិតកម្ម Youku បានបញ្ជាក់ជាផ្លូវការនូវការចាប់ផ្តើមគម្រោងភាពយន្តភាគ Legend of Zanghai រដូវកាលទី ២ នៅក្នុងសន្និសីទមាតិកាប្រចាំឆ្នាំរបស់ខ្លួន។ បើទោះបីជាទើបតែបញ្ចេញត្រឹមផ្ទាំងរូបភាពគោលគំនិត (Concept Poster) តែមួយសន្លឹក និងមិនទាន់ចាប់ផ្ដើមថតក្ដី តែគម្រោងរឿងភាគរដូវកាលទី ២ នេះ ទទួលបានការចាប់អារម្មណ៍ខ្លាំង រហូតក្លាយជានិន្នាការភ្លាមៗនៅលើបណ្ដាញសង្គមរបស់ចិន។
ទន្ទឹមគ្នានេះ Youku ក៏នៅមិនទាន់បានបញ្ជាក់ពីឈ្មោះតួសម្ដែងជាផ្លូវការនៅឡើយទេ ក៏ប៉ុន្តែអ្នកតាមដានរឿង Legend of Zanghai បានរំពឹងថា តួសម្ដែងកាលពីរដូវកាលទី ១ រួមទាំង Xiao Zhan និងក្រុមការងារផលិតចាស់ អាចនឹងវិលមករួមការងារជាមួយគ្នាវិញ។

ក្នុងពេលជាមួយគ្នានេះ គេហទំព័រ Kibzoom បានចុះផ្សាយថា តារាប្រុសវ័យ ៣៤ ឆ្នាំរូបនេះ ក៏បានបង្ហាញជាផ្លូវការនូវគម្រោងភាពយន្តថ្មីមួយទៀត ដែលមានចំណងជើងបណ្តោះអាសន្នជាភាសាអង់គ្លេសថា Unlimited Espionage ដឹកនាំដោយលោក Zhang Kaizhou។
ក្នុងភាពយន្តបែបចារកម្ម និងនយោបាយនេះ Xiao Zhan សម្ដែងជាតួអង្គ Ren Shaobai ដែលជាភ្នាក់ងារសម្ងាត់ម្នាក់ធ្វើការនៅក្នុងក្រសួងការពារជាតិ ក្នុងឆ្នាំ ១៩៤៨។ បន្ទាប់ពីបណ្តាញចារកម្មត្រូវបានលាតត្រដាង តួអង្គ Ren Shaobai ត្រូវបានបង្ខំឱ្យចូលរួមក្នុងបេសកកម្មដ៏គ្រោះថ្នាក់ជាបន្តបន្ទាប់ ដើម្បីការពារសម្ព័ន្ធមិត្ត និងបន្តប្រតិបត្តិការសម្ងាត់ក្រោមស្ថានភាពដែលកាន់តែគ្រោះថ្នាក់ខ្លាំងឡើង។

ក្រៅពីសាច់រឿងដែលផ្តោតលើល្បិចយុទ្ធសាស្ត្រ និងជម្លោះនយោបាយ រឿងនេះក៏នឹងបង្ហាញពីទំនាក់ទំនងមនោសញ្ចេតនារបស់តួអង្គ Ren Shaobai ជាមួយនឹង Lan Youren ដែលសម្ដែងដោយតារាស្រី Zhou Yutong ផងដែរ។
អ្នកសង្កេតការណ៍នៅក្នុងឧស្សាហកម្មកម្សាន្តចិនជឿជាក់ថា ឆ្នាំ ២០២៦ អាចនឹងក្លាយជាឆ្នាំដ៏ពិសេសមួយទៀតសម្រាប់ Xiao Zhan ប្រសិនបើរឿងទាំង ២ នេះ គឺ Legend of Zanghai រដូវកាលទី ២ និងរឿង Unlimited Espionage ទទួលបានជោគជ័យ៕

