សមជាគ្រាប់ពេជ្ររបស់ Jiangsu ដោយនៅក្នុងខែមិថុនា ឆ្នាំ ២០២៦ នេះ ការិយាល័យវប្បធម៌ និងទេសចរណ៍ក្រុង Xiamen បានប្រកាសផ្តល់រង្វាន់លើកទឹកចិត្តលំដាប់កំពូលដែលមានតម្លៃ ១.២ លានយ័នដែលជារង្វាន់កម្រិតខ្ពស់បំផុតជូនដល់ក្រុមហ៊ុន Nanjing Youyouxing Culture Communication Co., Ltd. ដែលជាអ្នករៀបចំការប្រគំតន្ត្រីទេសចរណ៍ ” SHARE ZIYU WAVE RHYTHM” របស់តារាចម្រៀង ZIYU។
រង្វាន់នេះផងដែរបានធ្វើឡើងស្របតាម «វិធានការលើកកម្ពស់ការអភិវឌ្ឍគុណភាពខ្ពស់នៃសេដ្ឋកិច្ចសិល្បៈសម្តែងក្រុង Xiamen» ដើម្បីសម្រេច និងទទួលស្គាល់ការចូលរួមចំណែកយ៉ាងធំធេងរបស់កម្មវិធីនេះក្នុងការជំរុញសេដ្ឋកិច្ចទេសចរណ៍ និងវប្បធម៌ក្នុងតំបន់។
មូលហេតុចម្បងដែលនាំឱ្យការប្រគំតន្ត្រីរបស់ ZIYU ទទួលបានពានរង្វាន់លំដាប់កំពូលនេះ គឺដោយសារព្រឹត្តិការណ៍នេះបានដើរតួនាទីយ៉ាងសកម្មជាក្បាលម៉ាស៊ីនរុញច្រានសេដ្ឋកិច្ចយ៉ាងពិតប្រាកដ។ ជាក់ស្តែង ការសម្តែងនីមួយៗនៅទីក្រុង Xiamen បានជំរុញការចំណាយក្នុងតំបន់ដោយផ្ទាល់រហូតដល់ទៅជាង ១៩០ លានយ័ន (ជាង ២៨ លានដុល្លារ) ដោយបង្កើតផលវិជ្ជមានដល់វិស័យដឹកជញ្ជូន កន្លែងស្នាក់នៅ និងម្ហូបអាហារ។ អ្វីដែលកាន់តែលេចធ្លោនោះគឺកម្មវិធីនេះបានអនុវត្តប្រព័ន្ធទិញសំបុត្រ និងចុះឈ្មោះដោយប្រើឈ្មោះពិតប្រាកដ ១០០% ដែលធ្វើឱ្យរាល់ទិន្នន័យនៃការចំណាយទាំងអស់អាចតាមដាន និងផ្ទៀងផ្ទាត់ដោយមន្ត្រីផ្លូវការប្រកបដោយទំនុកចិត្តខ្ពស់។ លើសពីនេះព្រឹត្តិការណ៍នេះក៏បានបំបែកកំណត់ត្រាឧស្សាហកម្ម ដោយទាក់ទាញទស្សនិកជនឱ្យធ្វើដំណើរឆ្លងក្រុងមកទស្សនារហូតដល់ទៅ ៩៤% ដែលជាកម្រិតខ្ពស់បំផុត និងលើសឆ្ងាយពីមធ្យមភាគទូទៅក្នុងឧស្សាហកម្មតន្ត្រីដែលមានត្រឹមតែ ៦០% ប៉ុណ្ណោះ។
ជាលទ្ធផលជារួមនៅក្នុងវគ្គទី ១ នៃដំណើរប្រគុំតន្ត្រីទេសចរណ៍រយៈពេល ៤៤ ថ្ងៃដោយការសម្តែងចំនួន ១០ កម្មវិធី នៅក្នុងក្រុងចំនួន ៤ រួមមាន Nanjing, Guiyang, Wuhan និង Xiamen បានទាក់ទាញទស្សនិកជនសរុបបានជាង ១២០,០០០ នាក់ និងបង្កើតប្រាក់ចំណូលក្នុងវិស័យទេសចរណ៍វប្បធម៌បានយ៉ាងសន្ធឹកសន្ធាប់ដល់ទៅជាង ៨៣៥ លានយ័ន (ជាង ១២៣ លានដុល្លារ)។
គួរបញ្ជាក់ផងដែរថា ការប្រគំតន្រ្ដីទេសចរណ៍របស់ ZIYU បានបង្កើតឱ្យមានគម្រោងមួយដែលមានឈ្មោះថា “ទីក្រុងមួយ បេតិកភណ្ឌវប្បធម៌អរូបីមួយ” ដោយផ្សារភ្ជាប់សិល្បៈទំនើបជាមួយវប្បធម៌បុរាណដូចជានៅក្រុង Xiamen លើកកម្ពស់ការកាត់ និងឆ្លាក់ប៉សឺឡែនមីនណាន ក្រុង Nanjing ផ្សព្វផ្សាយផ្កាកំប្លោក ក្រុង Guiyang ផ្សព្វផ្សាយសិល្បៈបាទីក (Batik) និងក្រុង Wuhan ផ្សព្វផ្សាយរូបចម្លាក់ម្សៅ។ តាមរយៈការរួមបញ្ចូលគ្នារវាងការផ្សព្វផ្សាយម្ហូបអាហារឆ្ងាញ់ៗ បេតិកភណ្ឌអរូបី និងការជំរុញទេសចរណ៍ ការប្រគំតន្រ្ដីទេសចរណ៍របស់ ZIYU ត្រូវបានជ្រើសរើសជាករណីសិក្សាគំរូផ្លូវការនៃយុទ្ធសាស្ត្រ “ការធ្វើដំណើរជាមួយការសម្តែង” (Traveling with Performances) ដែលកំណត់ស្តង់ដារថ្មីសម្រាប់ឧស្សាហកម្មសិល្បៈសម្តែងផងដែរ៕