បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ZEROBASEONE ក្លាយជាក្រុម K-Pop ជំនាន់ទី ៥ ដំបូងបង្អស់ដែលលក់អាល់ប៊ុមបានលើស ១០ លានបន្ទះ

ZEROBASEONE ក្លាយជាក្រុម K-Pop ជំនាន់ទី ៥ ដំបូងបង្អស់ដែលលក់អាល់ប៊ុមបានលើស ១០ លានបន្ទះ

ក្រុមចម្រៀងបុរស K-pop ZEROBASEONE បានលក់អាល់ប៊ុមរួមបញ្ចូលគ្នាសរុបបានលើស ១០ លានបន្ទះហើយ បើផ្អែកលើទិន្នន័យរបស់តារាង Hanteo Chart ដែលធ្វើឱ្យពួកគេក្លាយជាក្រុម K-pop ជំនាន់ទី ៥ ដំបូងបង្អស់ ដែលបានសម្រេចនូវសមិទ្ធផលដ៏ធំធេងមួយនេះ។

Advertisement

ក្រុមចម្រៀងបុរសនេះបានបង្កើតប្រវត្តិសាស្ត្រលើកដំបូងជាមួយនឹងអាល់ប៊ុមទី១ របស់ពួកគេគឺ «YOUTH IN THE SHADE» ដែលបានក្លាយជាអាល់ប៊ុម Debut ដំបូងបំផុតរបស់ក្រុម K-pop ដែលលក់ដាច់បាន ២ លានបន្ទះ។ បន្ទាប់មក ពួកគេបានបន្តបោះជំហានជាមួយអាល់ប៊ុមខ្នាតតូចទីពីរគឺ «MELTING POINT» ដែលធ្វើឱ្យពួកគេក្លាយជាអ្នកលក់អាល់ប៊ុមបាន ២ លានបន្ទះ សម្រាប់ការចេញផ្សាយពីរដងជាប់ៗគ្នា។

ក្រោយមក ZEROBASEONE នៅតែបន្តរក្សាកំណត់ត្រាលក់ដាច់ខ្ទង់លានសម្រាប់អាល់ប៊ុមជាបន្តបន្ទាប់ រួមមានអាល់ប៊ុម «You had me at HELLO», «CINEMA PARADISE», «BLUE PARADISE» និងអាល់ប៊ុមពេញដំបូងបង្អស់របស់ពួកគេគឺ «NEVER SAY NEVER»។ ជាមួយនឹងការចេញផ្សាយអាល់ប៊ុមខ្នាតតូចទីប្រាំមួយមានចំណងជើងថា «ASCEND-» ក្រុមនេះបានឈានទៅសម្រេចការលក់អាល់ប៊ុមរួមបញ្ចូលគ្នាលើស ១០ លានបន្ទះជាផ្លូវការ ដែលជាការបន្តពង្រីកកំណត់ត្រារបស់ពួកគេក្នុងការមានអាល់ប៊ុមលក់ដាច់កម្រិតលានបន្ទះ ចំនួនប្រាំមួយដងជាប់ៗគ្នាចាប់តាំងពីការបង្ហាញខ្លួនដំបូងមក។

អាល់ប៊ុម «ASCEND-» ដែលបានចេញផ្សាយកាលពីថ្ងៃទី ១៨ ខែឧសភា បានឡើងទៅឈរនៅលំដាប់កំពូលនៃតារាងអាល់ប៊ុម Physical ប្រចាំថ្ងៃរបស់ Hanteo Chart ភ្លាមៗនៅក្នុងថ្ងៃដំបូង។ អាល់ប៊ុមនេះក៏បានជាប់ចំណាត់ថ្នាក់លេខ ១ នៅលើតារាងអាល់ប៊ុមឌីជីថលប្រភេទខ្នាតតូចរបស់គេហទំព័រ QQ Music នៅក្នុងប្រទេសចិនផងដែរ។ ទន្ទឹមនឹងនេះដែរ បទចម្រៀងចំណងជើងធំ «TOP 5» បានឈានទៅដល់ចំណាត់ថ្នាក់លេខ ១ លើតារាង Viral Chart របស់ Spotify នៅក្នុងប្រទេសជប៉ុន។ វីដេអូចម្រៀងនៃបទនេះ បានធ្វើឱ្យចំនួនអ្នកទស្សនាហក់ឡើងហួសពី ៤០ លានដង ក្នុងរយៈពេលដ៏លឿនបំផុតមិនធ្លាប់មានរបស់ក្រុម ហើយបានជាប់ចំណាត់ថ្នាក់លេខ ២ នៅទូទាំងពិភពលោក សម្រាប់ចំនួនអ្នកទស្សនាវីដេអូចម្រៀងក្នុងរយៈពេល ២៤ ម៉ោងដំបូងបន្ទាប់ពីការចេញផ្សាយ។

គួររម្លឹកថា ZeroBaseOne ដែលត្រូវបាន​ស្គាល់ផងដែរថា​ ZB1 ត្រូវបានបង្កើតឡើងជាក្រុមគម្រោងមួយតាមរយៈកម្មវិធីប្រឡងជ្រើសរើសក្រុមចម្រៀងប្រុសរបស់ Mnet “Boys Planet” និងបានបង្ហាញខ្លួនជាលើកដំបូងដោយមានសមាជិកប្រាំបួននាក់​ក្នុងខែកក្កដា ឆ្នាំ ២០២៣។

ពួកគេបានចេញអាល់ប៊ុមខ្នាតតូចចំនួនប្រាំ និងអាល់ប៊ុមខ្នាតពេញមួយមុនពេលបញ្ចប់សកម្មភាពក្រុមបែប ៩ នាក់ទាំងស្រុងក្នុងខែមីនា ហើយចាប់ពីពេលនោះមក ZeroBaseOne ក៏បានរៀបចំរចនាសម្ព័ន្ធឡើងវិញទៅជាក្រុម​មានសមាជិកប្រាំនាក់ ​រួមមានសមាជិក Sung Han-bin, Kim Ji-woong, Seok Matthew, Kim Tae-rae និង Park Gun-wook ៕

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

មានបទពិសោធន៍ច្រើនឆ្នាំ ក្នុងការងារជាអ្នកផលិតមាតិកា និងការីនិពន្ធនៅក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករួមមានវិបសាយ ទូរទស្សន៍ ទស្សនាវដ្ដី និងមាតិកាបណ្ដាញសង្គមនានា។ បច្ចុប្បន្ន វ៉ាន់ថន ជាការីនិពន្ធនៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា