ចាប់តាំងពីឆ្នាំ ២០១០ ដល់ឆ្នាំ ២០២៤ ប្រទេសចិនបានបើកសារមន្ទីរថ្មីជាមធ្យម ១ ក្នុងរៀងរាល់ ១.៥ ថ្ងៃ ដែលនៅក្នុងឆ្នាំ ២០២២ តែមួយឆ្នាំប៉ុណ្ណោះ មានការចុះឈ្មោះបើកសារមន្ទីរថ្មីដល់ទៅ ៣៨២ កន្លែង និងហក់ឡើងដល់ ៦ ៨៣៣ កន្លែង នៅចុងឆ្នាំ ២០២៤។ នេះបើផ្អែកតាមការចុះផ្សាយរបស់ The Conversation នៅថ្ងៃទី១៨ ខែឧសភា។
ការបើកសារមន្ទីរច្រើនកម្រិតនេះមិនមែនជារឿងចៃដន្យនោះទេ ប៉ុន្តែជាយុទ្ធសាស្ត្រកម្រិតជាតិដែលផ្សារភ្ជាប់បេតិកភណ្ឌ ការអភិវឌ្ឍទីក្រុង ឧស្សាហកម្មច្នៃប្រឌិត និងអំណាចទន់ចូលគ្នា។ សកម្មភាពនេះក៏ជាការរុញច្រានវិស័យ GLAM ឬកិច្ចសហប្រតិបត្តិការរវាងវិចិត្រសាលសិល្បៈ បណ្ណាល័យ បណ្ណសារដ្ឋាន និងសារមន្ទីរផងដែរ។
GLAM គឺជាកិច្ចខិតខំរបស់ភាគីពាក់ព័ន្ធ ដើម្បីផ្លាស់ប្ដូររបៀបនៃការបង្ហាញរឿងរ៉ាវអតីតកាល និងស្រមៃពីអនាគតកាលរបស់ប្រទេសចិន។ ទោះបីជាកិច្ចសហប្រតិបត្តិការនេះ មានទាំងការវិនិយោគលើបណ្ណាល័យសាធារណៈ ការគាំទ្រដល់ការបំប្លែងឯកសារបណ្ណសារទៅជាប្រព័ន្ធឌីជីថល ឬការបង្កើតទីធ្លាវប្បធម៌ខ្នាតធំក៏ដោយ ប៉ុន្តែ “សារមន្ទីរ” គឺជាចំណុចលេចធ្លោបំផុតនៃការផ្លាស់ប្ដូរនេះ។
បេះដូងសំខាន់នៃការដំណើរការសារមន្ទីរទាំងនេះគឺ ការផ្តល់ឱកាសឱ្យប្រជាពលរដ្ឋអាចចូលទៅប្រើប្រាស់ទីធ្លាសាធារណៈដែលលើកកម្ពស់វប្បធម៌ច្រើនជាងមុន និងប្រើប្រាស់ជាចំណុចកណ្តាលនៃការអភិវឌ្ឍទីក្រុង ដែលជួយពង្រឹងរូបភាពវិជ្ជមាន និងទេសចរណ៍របស់ប្រទេស។
នេះគឺជាឧទាហរណ៍ដ៏សំខាន់នៃយុទ្ធសាស្ត្រវប្បធម៌របស់ប្រទេសចិន ដែលព្យាយាមធ្វើឱ្យសារមន្ទីរក្លាយជាឧបករណ៍ក្នុងការនិទានរឿងរ៉ាវរបស់ជាតិ។ សារមន្ទីរទាំងនេះ ក៏ជួយឱ្យរដ្ឋអាចផ្សព្វផ្សាយរឿងរ៉ាវលើកកម្ពស់សាមគ្គីភាពក្នុងសង្គម ក៏ដូចជាផ្សព្វផ្សាយវប្បធម៌របស់ខ្លួនទៅកាន់ពិភពលោកផងដែរ។ នេះរាប់ជាមហិច្ឆតាដ៏ធំធេងរបស់ចិន ក្នុងការឈានជើងឡើងទៅជា “មហាអំណាចវប្បធម៌”៕