បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មន្ទីពេទ្យក្នុងប្រទេសចិន “យកមនុស្សជា” ក្លែងធ្វើជា “អ្នកជំងឺវិកលចរិត” ដើម្បីបោកយកប្រាក់ធានារ៉ាប់រ៉ង

មន្ទីពេទ្យក្នុងប្រទេសចិន “យកមនុស្សជា” ក្លែងធ្វើជា “អ្នកជំងឺវិកលចរិត” ដើម្បីបោកយកប្រាក់ធានារ៉ាប់រ៉ង

មន្ទីរពេទ្យវិកលចរិតមួយចំនួននៅភាគកណ្តាលនៃប្រទេសចិន បានប្រើប្រាស់ល្បិចលួងលោមមនុស្សមានសុខភាពល្អឱ្យមកធ្វើជាអ្នកជំងឺ ក្នុងគោលបំណងបន្លំយកប្រាក់ពីធានារ៉ាប់រង ប្តូរនឹងការរស់នៅដែលមានតម្លៃទាប។

Advertisement

យោងតាមរបាយការណ៍ស៊ើបអង្កេតសម្ងាត់របស់កាសែត Beijing News អ្នកជំងឺភាគច្រើននៅក្នុងមន្ទីរពេទ្យវិកលចរិតឯកជន ក្នុងទីក្រុង Xiangyang ខេត្ត Hubei មិនបានបង្ហាញអាកប្បកិរិយាមិនប្រក្រតីណាមួយឡើយ ខណៈពួកគេទទួលបានការព្យាបាលតិចតួចបំផុត។

បុគ្គលដែលមានសុខភាពល្អទាំងនោះបានប្រាប់អ្នកកាសែតថា ពួកគេស្នាក់នៅទីនោះដោយសារតែទទួលបានការសន្យាថា ពួកគេអាចសម្រាកព្យាបាលដោយឥតគិតថ្លៃ និងមិនគិតថ្លៃស្នាក់នៅឡើយ។ នេះគឺស្របទៅនឹងស្ថានភាពជាក់ស្ដែងនៅក្នុងប្រទេសចិន ដោយអ្នកជំងឺត្រូវបង់ប្រាក់ព្យាបាលត្រឹមមួយផ្នែកតូចប៉ុណ្ណោះ ខណៈចំណាយដែលនៅសល់ គឺជាបន្ទុករបស់ធានារ៉ាប់រង។

សារព័ត៌មាន South China Morning Post បានចុះផ្សាយថា​ ក្រោយពីបុគ្គលទាំងនោះបានចូលសម្រាកនៅក្នុងមន្ទីរពេទ្យ ពួកគេមិនមែនជាអ្នកជំងឺទេ តែគឺជា “ម៉ាស៊ីនផលិតលុយ” ពីព្រោះស្ថាប័នទាំងនោះបានប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកទាំងនោះ និងប្រតិដ្ឋការព្យាបាលក្លែងក្លាយ ដើម្បីបោកបញ្ឆោតយកប្រាក់ពីគម្រោងធានារ៉ាប់រង។

ការស៊ើបអង្កេតបានបន្តនៅក្នុងទីក្រុង Xiangyang ដែលមានមន្ទីរពេទ្យវិកលចរិតច្រើនជាង ២០​ កន្លែង ដែលភាគច្រើនទើបតែបើកដំណើរការក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះប៉ុណ្ណោះ។​ នៅពេលអ្នកកាសែតធ្វើពុតជាសាច់ញាតិអ្នកជំងឺ ហើយបានទៅសាកសួរព័ត៌មានពីមន្ទីរពេទ្យជាង ១០ទីតាំង មន្ទីរពេទ្យទាំងនោះប្រាប់ថា ពួកគេនឹងមិនយកថ្លៃសេវាពីអ្នកជំងឺឡើយ ហើយគាត់គ្រាន់តែត្រូវបង់ប្រាក់បន្តិចបន្តួចសម្រាប់ថ្លៃរស់នៅប៉ុណ្ណោះ។

កាលពីដើមខែធ្នូ ឆ្នាំ ២០២៥ អ្នកកាសែតម្នាក់បានបន្លំខ្លួនធ្វើជាគិលានុបដ្ឋាក និងចូលបម្រើការនៅមន្ទីរពេទ្យវិកលចរិត Xiangyang Hongan ដែលមានអ្នកជំងឺប្រហែល ៥០ នាក់។ គិលានុបដ្ឋាកជាន់ខ្ពស់ម្នាក់បានប្រាប់គាត់ថា អ្នកជំងឺភាគច្រើនមិនមានរោគសញ្ញា ឬមានរោគសញ្ញាស្រាលបំផុត។

គិលានុបដ្ឋាកជាន់ខ្ពស់រូបនេះបានឱ្យដឹងបន្ថែមថា អ្នកខ្លះបានចាត់ទុកមន្ទីរពេទ្យទាំងនោះជាមជ្ឈមណ្ឌលថែទាំមនុស្សចាស់ ពីព្រោះវាមានតម្លៃថោកជាងមណ្ឌលថែទាំធម្មតាឆ្ងាយ ដោយពួកគេទទួលមនុស្សចាស់ឱ្យមកស្នាក់នៅ​ ជាជាងអ្នកជំងឺវិកលចរិតពិតប្រាកដ។

គិលានុបដ្ឋាកម្នាក់ទៀត ដែលធ្វើការជាមួយអ្នកកាសែតក្លែងខ្លួននោះ បាននិយាយថា មន្ទីរពេទ្យក៏បានដាក់ឈ្មោះគាត់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យដែរ ដោយព័ត៌មានផ្ទាល់ខ្លួនរបស់គាត់គឺស្ថិតនៅក្នុងបញ្ជីអ្នកជំងឺ។ បុគ្គលរូបដដែលនេះ និយាយថា៖ “ខ្ញុំមិនចាំបាច់លេបថ្នាំ ឬទទួលការព្យាបាលអ្វីទេ។ ខ្ញុំអាចចេញចូលមន្ទីរពេទ្យបានដោយសេរី។ ខ្ញុំធ្វើការដូចអ្នកដទៃធម្មតា ប៉ុន្តែខ្ញុំសហការជាមួយពួកគេ ដើម្បីបោកប្រាស់ធានារ៉ាប់រង”។

អ្នកកាសែតតែមួយនេះបានរកឃើញទៀតថា ការសម្រាកព្យាបាលរយៈពេល ៩០ថ្ងៃមានតម្លៃ ១២ ៤២៦ យ័ន ឬ ១ ៨០០ ដុល្លារអាមេរិក ដោយក្នុងនោះមាន ៥០០ យ័ន ឬ ៧០ ដុល្លារ សម្រាប់ថ្នាំពេទ្យ និងចំណាយលើសពី ៦០០០ យ័ន ឬ ៩០០ ដុល្លារ សម្រាប់ការព្យាបាលផ្សេងៗ។ យ៉ាងណាមិញ អ្នកជំងឺបានប្រាប់ថា គាត់គ្រាន់តែលេបថ្នាំប៉ុណ្ណោះ ហើយមិនដែលឮអំពីការព្យាបាលផ្សេងៗទៀតឡើយ។

កាលណាអ្នកជំងឺក្លែងក្លាយទាំងនោះស្នាក់នៅកាន់តែយូរ មន្ទីរពេទ្យក៏អាចរកចំណូលបានកាន់តែច្រើនដូចគ្នា ខណៈមន្ទីរពេទ្យក៏បានផ្ដល់ប្រាក់លើកទឹកចិត្តចន្លោះ ៦០ ទៅ ១៤៥ ដុល្លារអាមេរិក បើបុគ្គលិករូបណាអាចបញ្ចុះបញ្ចូលអ្នកជំងឺថ្មីឱ្យមកសម្រាកព្យាបាលបាន។  

យ៉ាងណាមិញ ការបន្លំខ្លួនជាអ្នកជំងឺក្លែងក្លាយនេះ ក៏មិនអាចរស់នៅសុខស្រួលដែរ ដោយអ្នកខ្លះត្រូវទទួលរងអំពើហិង្សានានា ដូចជា ការទះកំផ្លៀង ទាត់ និងវាយដោយទុយោទឹកជាដើម។ មន្ទីរពេទ្យខ្លះ ថែមទាំងរឹបអូសទូរស័ព្ទដៃរបស់អ្នកជំងឺ កំណត់ពេលវេលាដែលអ្នកជំងឺអាចទាក់ទងជាមួយក្រុមគ្រួសារ និងព្យាយាមរារាំងមិនឱ្យអ្នកជំងឺចេញពីមន្ទីរពេទ្យទៀតផង។  

អ្នកជំងឺម្នាក់ដែលបានស្នាក់នៅមន្ទីរពេទ្យ Yiling អស់រយៈពេល ៥ ឆ្នាំ បានប្រាប់អ្នកសារព័ត៌មានថា៖ “ច្បាប់នៅទីនេះតឹងរ៉ឹងណាស់។ ខ្ញុំគ្មានសេរីភាពទេ។ វាមានអារម្មណ៍ដូចជាជាប់គុកអស់រយៈពេល ៥ ឆ្នាំអញ្ចឹង”។

លោក Xu Yucai អ្នកជំនាញផ្នែកកំណែទម្រង់វេជ្ជសាស្ត្រនៅខេត្ត Shaanxi បានប្រាប់អ្នកកាសែតថា មន្ទីរពេទ្យវិកលចរិតទាំងនេះអាចបោកប្រាស់ធានារ៉ាប់រងបាន ព្រោះតែទីតាំងនោះបានបើកដំណើរការបែប Closed-door Operation ដែលមិនអាចឱ្យសាធារណជនត្រួតពិនិត្យបាន។ យ៉ាងណាមិញ បច្ចុប្បន្ននេះ អាជ្ញាធរសុខាភិបាលទាំងនៅក្នុងទីក្រុង Xiangyang និង Yichang កំពុងតែចាប់ផ្ដើមការស៊ើបអង្កេតលើបញ្ហានេះ៕

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា