បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សារមន្ទីរ “ហ្វឺ” ទី១លើលោក បើកបង្ហាញប្រវត្តិ និងឱ្យភ្ញៀវស្រូបយករសជាតិម្ហូបតំណាងជាតិវៀតណាម

សារមន្ទីរ “ហ្វឺ” ទី១លើលោក បើកបង្ហាញប្រវត្តិ និងឱ្យភ្ញៀវស្រូបយករសជាតិម្ហូបតំណាងជាតិវៀតណាម

ប្រទេសវៀតណាមបានបើកសម្ពោធសារមន្ទីរហ្វឺដំបូងបង្អស់ក្នុងប្រវត្តិសាស្រ្ត ដែលអនុញ្ញាត្តឱ្យភ្ញៀវទេសចរបានទស្សនារឿងរ៉ាវវប្បធម៌ និងរសជាតិរបស់ម្ហូបតំណាងជាតិមួយនេះ ក្នុងគោលបំណងអភិរក្ស និងលើកកម្ពស់ “ហ្វឺ”។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam Net នៅថ្ងៃទី១៨ ខែមករា កន្លងទៅ។

Advertisement

មានទីតាំងក្នុងសង្កាត់ Ben Thanh សារមន្ទីរដែលទទួលបានការអនុញ្ញាតជាផ្លូវការពីមន្ទីរវប្បធម៌ និងកីឡាទីក្រុងហូជីមិញ បានបែងចែកជា ៣ជាន់តាមប្រធានបទផ្សេងៗគ្នា ដោយភ្ញៀវទេសចរអាចចំណាយពេលយល់ដឹង និងទទួលទានហ្វឺក្នុងរយៈពេល ៦០ ទៅ ៧៥នាទីជាមួយនឹងតម្លៃ ៣០ដុល្លាអាមេរិកសម្រាប់មនុស្សធំ និង ២០ដុល្លារសម្រាប់កុមារ។

សារមន្ទីរនេះ បានរួមបញ្ចូលនូវខ្សែវីដេអូ រូបភាពកម្រ ​​​ឯកសារបណ្ណសារ និងឧបករណ៍ចម្អិនហ្វឺដែលខ្លះមានអាយុរាប់រយឆ្នាំមកហើយ ដើម្បីអាច​ឱ្យភ្ញៀវស្វែងយល់ពីការវិវត្តរបស់ហ្វឺនៅក្នុងតំបន់ទាំង ៣ គឺភាគខាងជើង ភាគកណ្តាល និងភាគខាងត្បូងនៃប្រទេសវៀតណាម ក៏ដូចជាដំណើរផ្លាស់ប្ដូររបស់ហ្វឺ ពីមុខម្ហូបដែលលក់តាមរទះតូចៗ រហូតក្លាយជាមុខម្ហូបតំណាងឱ្យវៀតណាមនៅលើឆាកអន្តរជាតិ។

សហស្ថាបនិក លោក Le Nhat Thanh បានរៀបរាប់ថា គំនិតនៃការបង្កើតសារមន្ទីរនេះបានរៀបចំឡើងជាច្រើនឆ្នាំមកហើយ។ លោកនិងក្រុមការងារបានបំផុសគំនិតពីសារមន្ទីរអាហារនានាជុំវិញពិភពលោក ដោយបានចំណាយពេលជាងមួយឆ្នាំធ្វើដំណើរជុំវិញប្រទេសវៀតណាមដើម្បីប្រមូលឧបករណ៍នានា។ គម្រោងនេះបានចំណាយពេលសរុបចំនួន ២ ឆ្នាំ មុននឹងបើកដំណើរការ។

លោក Thanh បានបង្ហាញពីចក្ខុវិស័យរបស់លោកថា៖ “គោលដៅរបស់យើងគឺចង់និទានរឿងរ៉ាវរបស់ហ្វឺតាមរបៀបថ្មី ជាពិសេសសម្រាប់មនុស្សជំនាន់ក្រោយ។ យើងចង់ឱ្យពួកគេយល់ពីប្រភពដើម និងមូលហេតុដែលធ្វើឱ្យហ្វឺនេះមានសារៈសំខាន់”។

គួរឱ្យដឹងផងដែរថា សារមន្ទីរហ្វឺបើកដំណើរការជារៀងរាល់ថ្ងៃចាប់ពីម៉ោង ៨:០០ ព្រឹក ដល់ម៉ោង ៩:០០ យប់។ ទន្ទឹមគ្នានេះ ភ្ញៀវទេសចរអាចជ្រើសរើសចូលទទួលទានហ្វឺ ដោយមិនចាំបាច់ទស្សនាការតាំងពិព័រណ៍បាន ជាមួយនឹងតម្លៃចន្លោះពី ៥ ដុល្លារ ដល់ ១១ ដុល្លារអាមេរិកសម្រាប់ហ្វឺមួយចាន ៕

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា