Shakira បង្ហាញអារម្មណ៍ពិតជុំវិញការឡើងសម្ដែងនៅ FIFA World Cup រួមជាមួយ BTS និង Madonna
កំពូលតារាចម្រៀងប៉ុបកូឡុំប៊ី Shakira ទើបតែបានផ្ដល់បទសម្ភាសន៍ជាមួយទស្សនាវដ្តី Billboard អំពីអារម្មណ៍របស់នាង ខណៈកំពុងតែត្រៀមខ្លួនឡើងសម្ដែងនៅក្នុងកម្មវិធី Halftime show ឬពាក់កណ្ដាលការប្រកួតនៃពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup រួមជាមួយក្រុម BTS និងតារាចម្រៀង Madonna ដែលព្រឹត្តិការណ៍នេះនឹងត្រូវប្រព្រឹត្តទៅនៅថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២៦ ខាងមុខ នាកីឡដ្ឋាន MetLife Stadium រដ្ឋ New Jersey សហរដ្ឋអាមេរិក។
Advertisement
តារាចម្រៀងរូបនេះបានថ្លែងថា៖ «ជាដំបូង ខ្ញុំមានអារម្មណ៍ថាជាកិត្តិយសខ្លាំងណាស់ដែលបានរួមសម្ដែងជាមួយ Madonna និងក្រុម BTS។ ខ្ញុំគិតថា ការសម្ដែងនោះនឹងក្លាយជាបទពិសោធន៍មួយដ៏ប្លែកខុសពីកម្មវិធី Super Bowl ដែលត្រូវតែនិយាយថា បទពិសោធន៍កាលណោះ ក៏ជាបទពិសោធន៍ដ៏អស្ចារ្យមួយសម្រាប់ខ្ញុំដែរ»។
ការសម្ដែងពាក់កណ្ដាលការប្រកួតនាពេលនេះ រាប់ជាលើកដំបូងបង្អស់នៅក្នុងប្រវត្តិសាស្ត្រនៃព្រឹត្តិការណ៍ FIFA World Cup ហើយចំណូលដែលទទួលបានពីការសម្ដែងនេះ នឹងត្រូវនាំយកទៅបរិច្ចាគជូនមូលនិធិអប់រំប្រជាពលរដ្ឋសកលរបស់ហ្វីហ្វា (FIFA Global Citizen Education Fund) ដើម្បីពង្រីកឱកាសផ្នែកការសិក្សា និងជំរុញលើកកម្ពស់កីឡាបាល់ទាត់ដល់កុមារៗនៅទូទាំងពិភពលោកផងដែរ។
ទន្ទឹមនឹងនេះ កាលពីចុងសប្ដាហ៍កន្លងទៅ Shakira ក៏បានបញ្ចេញបទចម្រៀងសម្រាប់ព្រឹត្តិការណ៍ World Cup ឆ្នាំនេះដែរមានចំណងជើងថា “Dai Dai” ដោយសហការជាមួយតារាចម្រៀង Burna Boy។ នេះគឺជាបទចម្រៀង World Cup ទី២ ហើយរបស់ Shakira បន្ទាប់ពីបទ “Waka Waka” ដែលល្បីផ្ទុះខ្លាំងកាលពីឆ្នាំ២០១០ ៕