ការបង្ហាញក្ដីស្រឡាញ់ គឺជារឿងមួយដ៏សំខាន់ក្នុងទំនាក់ទំនងស្នេហា ដែលអាចបញ្ជាក់ពីអារម្មណ៍របស់ភាគីម្ខាងទៅកាន់ភាគីម្ខាងទៀត។ បញ្ហានៅត្រង់ថា មនុស្សម្នាក់ៗមានវិធីសាស្ត្របង្ហាញក្ដីស្រឡាញ់ខុសៗគ្នា ដែលពេលខ្លះនាំឱ្យដៃគូមិនអាចទទួលដឹងឮពីគោលបំណងពិតប្រាកដ បើទោះបីជាសាមីខ្លួនបានព្យាយាមបង្ហាញក្ដីស្រឡាញ់រួចទៅហើយក្ដី។
បើសិនជាអ្នកមានដៃគូដែលចូលចិត្តបង្ហាញក្ដីស្រឡាញ់តាមរយៈ “ពាក្យសម្តី” ទំនាក់ទំនងនោះប្រហែលជាពោរពេញទៅដោយភាពផ្អែមល្ហែម។ យ៉ាងណាមិញ នៅពេលដែលអ្នកមានដៃគូដែលបង្ហាញក្ដីស្រឡាញ់តាមរយៈ “កាយវិការ” ទំនាក់ទំនងនោះនឹងស្តែងចេញតាមរយៈសកម្មភាពដែលព្យាយាមចូលមកជួយសម្រាលបន្ទុកជីវិតរបស់អ្នក។ ដ្បិតការបង្ហាញនេះមានរូបភាពខុសគ្នាក៏ពិតមែន ប៉ុន្តែសកម្មភាពនីមួយៗគឺសុទ្ធសឹងតែកើតចេញពីក្ដីស្រឡាញ់ដូចគ្នា គ្រាន់តែបង្ហាញចេញក្នុងទម្រង់ផ្សេងគ្នា។
ជួនកាល ភាពខុសគ្នានេះក៏អាចបង្កជាបញ្ហានៅក្នុងទំនាក់ទំនងបានដែរ។ តួយ៉ាង បើសិនអ្នកជាមនុស្សដែលចូលចិត្តបង្ហាញក្ដីស្រឡាញ់ដោយពាក្យផ្អែមល្ហែម ហើយរំពឹងថាខ្លួននឹងទទួលបានក្ដីស្រឡាញ់តាមរយៈវិធីសាស្ត្រតែមួយនេះវិញ។ ប៉ុន្តែចៃដន្យ អ្នកបែរជាបានដៃគូដែលចូលចិត្តបង្ហាញក្ដីស្រឡាញ់តាមរយៈកាយវិការ និងការមើលថែគ្រប់សព្វបែបយ៉ាងទៅវិញ។
ក្នុងកាលៈទេសៈបែបនេះ អ្នកអាចនឹងលួចគិតក្នុងចិត្តថា៖ “តើដៃគូពិតជាស្រឡាញ់អ្នកពិតមែនឬយ៉ាងណា ព្រោះអ្នកមិនងាយនឹងឮពាក្យផ្អែមល្ហែមចេញពីមាត់គេសោះ”? ដោយឡែក នៅពេលដែលអ្នកសួរសំណួរនេះ ដៃគូរបស់អ្នកក៏អាចនឹងគិតទៅវិញថា៖ “ខំយកចិត្តទុកដាក់មើលថែកម្រិតនេះហើយ ប៉ុណ្ណឹងនៅមិនទាន់អាចបញ្ជាក់ពីចិត្តស្រឡាញ់ទៀតមែនទេ”?
រឿងនេះមិនមាននរណាម្នាក់ខុស ឬត្រូវនោះទេ គ្រាន់តែភាគីម្ខាងៗមានការយល់ឃើញផ្សេងគ្នា ដែលនាំឱ្យកើតមានការរំពឹងទុករៀងៗខ្លួន។ ជួនកាល អ្វីដែលអ្នកមើលឃើញថាដៃគូមិនបង្ហាញក្ដីស្រឡាញ់ទាល់តែសោះនោះ តាមពិតគេបានបង្ហាញមកកាន់អ្នករាល់ថ្ងៃរួចទៅហើយ គ្រាន់តែក្នុងបែបផែនដែលខុសពីអ្វីដែលអ្នករំពឹងទុក។
ក្នុងពេលដែលម្នាក់ៗមានវិធីសាស្ត្របង្ហាញខុសគ្នា ទើបរឿងនេះទាមទារឱ្យមានការរៀនសូត្រពីគ្នាទៅវិញទៅមក ដើម្បីឱ្យភាគីទាំងពីរយល់ច្បាស់ថា សកម្មភាពទាំងនោះគឺជាការបង្ហាញក្ដីស្រឡាញ់ ទោះបីជាវាខុសពីទម្លាប់របស់អ្នក ឬខុសពីអ្វីដែលអ្នកធ្លាប់ទទួលបានពីមុនក៏ដោយ។
រឿងដំបូងដែលអ្នកគួរធ្វើ គឺសង្កេតពីវិធីសាស្ត្របង្ហាញក្ដីស្រឡាញ់របស់ខ្លួនឯង និងដៃគូ។ ក្នុងករណីដែលមានវិធីសាស្ត្រដូចគ្នា វាមិនមែនជាបញ្ហានោះទេ ប៉ុន្តែបើខុសគ្នា ការព្យាយាមស្វែងយល់ និងសម្របខ្លួនឱ្យត្រូវគ្នា គឺជាគន្លឹះដ៏សំខាន់។
មនុស្សម្នាក់ៗមិនអាចដូចគ្នា ១០០ ភាគរយបានឡើយ។ នេះមិនមែនជាបញ្ហាចោទនោះទេ ព្រោះអ្វីដែលសំខាន់បំផុត គឺការព្យាយាមសម្របសម្រួលរវាងមនុស្សពីរនាក់ឱ្យអាចរស់នៅជាមួយគ្នាបាន។ ដូច្នេះ អ្នក និងដៃគូត្រូវទទួលស្គាល់ការពិត និងទម្លាក់ការរំពឹងទុកខ្លះ ខណៈដែលភាគីម្ខាងៗក៏ត្រូវព្យាយាមផ្លាស់ប្ដូរខ្លួនឯងខ្លះ ដើម្បីធ្វើអ្វីដែលដៃគូត្រូវការ តាមលទ្ធភាពដែលអាចធ្វើទៅបាន៕