នៅពេលឃើញសៀវភៅថ្មីដែលគួរឱ្យចាប់អារម្មណ៍ មនុស្សមួយចំនួនតែងតែចង់ទិញយកមកទុក ដោយរំពឹងថានឹងយកសៀវភៅនោះមកអាននៅថ្ងៃណាមួយ។ ផ្ទុយទៅវិញ សៀវភៅទាំងនោះក៏បានត្រឹមតែគរទុកជាមួយនឹងសៀវភៅជាច្រើនក្បាលទៀតដែលមិនទាន់បានបើកអានដូចគ្នា ព្រោះពេលវេលានៅមិនទាន់អំណោយផលនៅឡើយ។ នៅក្នុងភាសាជប៉ុន មានពាក្យមួយដែលបរិយាយពីសកម្មភាពនេះ គឺពាក្យថា Tsundoku។
យោងតាមទស្សនាវដ្ដី Yamato ប្រភពដើមនៃពាក្យ Tsundoku គឺមានតាំងពីសម័យ Meiji ចន្លោះឆ្នាំ ១៨៦៨ – ១៩១២ ឬអាចមុននេះទៅទៀត។ ទន្ទឹមគ្នានេះ អ្នកនិពន្ធ Mori Senzo បានឱ្យដឹងថា ឃ្លាថា “Tsundoku sensei” បានលេចឡើងនៅក្នុងឆ្នាំ ១៨៧៩ ដែលតំណាងឱ្យគ្រូបង្រៀនម្នាក់ដែលមានសៀវភៅជាច្រើន ប៉ុន្តែមិនដែលបានបើកអានទាល់តែសោះ។
ទោះបីជាវាស្ដាប់ទៅដូចជាពាក្យអវិជ្ជមាន តែជាក់ស្ដែង Tsundoku មានអត្ថន័យល្អដែលសំដៅទៅលើចំណេះដឹង និងពេលវេលា។ រាល់ពេលដែលអ្នកទិញសៀវភៅថ្មី អ្នកតែងតែទិញមកក្នុងគោលបំណងដើម្បីអានវា មិនថាក្នុងរូបភាពស្វែងរកចំណេះដឹងថ្មី ចង់ស្វែងរករឿងរ៉ាវមកលួងលោមចិត្ត ឬក្នុងគោលបំណងកម្សាន្តនោះទេ។
ដូច្នេះ បើសិនជាអ្នកមានសៀវភៅសល់ច្រើនមិនទាន់បានអានសោះ ឬទើបតែអានបានប៉ុន្មានជំពូកហើយទុកចោល សូមកុំមានអារម្មណ៍ថា “ខុស” ឬគិតថាខ្លួនឯង “បរាជ័យក្នុងការអាន” ព្រោះអ្នកអាចនឹងត្រឡប់មកអានសៀវភៅទាំងនោះវិញ នៅថ្ងៃដែលអ្នកមានពេលវេលាសមស្របជាងនេះ ឬនៅពេលដែលខ្លឹមសារនៃសៀវភៅនោះមានឥទ្ធិពលលើជីវិតអ្នក។
ក្រៅពីនេះ ការបានគ្រប់គ្រងកម្មសិទ្ធិលើសៀវភៅទាំងនោះ ក៏ជាការបង្ហាញពីការគាំទ្រដល់វិស័យអក្សរសាស្ត្រផងដែរ។ ជាក់ស្ដែង បើទោះបីជាអ្នកមិនទាន់បានអានក្ដី តែសកម្មភាពនេះបានរួមចំណែកលើកស្ទួយ និងគាំទ្រដល់គ្រឹះស្ថានបោះពុម្ព និងអ្នកនិពន្ធឱ្យអាចបន្តដំណើរទៅមុខទៀត។
បន្ថែមពីនេះ អ្នកក៏មិនចាំបាច់អានគ្រប់សៀវភៅដែលអ្នកទិញមកនោះដែរ។ អ្នកអាចចាត់ទុកធ្នើដាក់សៀវភៅរបស់អ្នក ជាកន្លែងស្នាក់នៅបណ្ដោះអាសន្នរបស់សៀវភៅ ដើម្បីរង់ចាំចែករំលែកបន្តទៅកាន់មនុស្សដែលត្រូវការវាពិតប្រាកដ។
ជួនកាល ការមានសៀវភៅដែលមិនទាន់អានច្រើន មិនមែនជាសម្ពាធ ឬជាភ័ស្តុតាងនៃភាពបរាជ័យក្នុងការតាំងចិត្តនោះទេ តែវាជាភ័ស្តុតាងដែលបញ្ជាក់ថា អ្នកគឺជាមនុស្សដែលនៅតែចង់រៀនសូត្រ ចង់ស្វែងយល់ពីពិភពលោក និងចង់ស្វែងយល់ពីខ្លួនឯងជានិច្ច៕