១. សួរចិត្តខ្លួនឯងរាល់ព្រឹក៖ ពួកគេចាប់ផ្ដើមថ្ងៃថ្មីដោយសំណួរសាមញ្ញថា «តើថ្ងៃនេះចង់ឱ្យជីវិតធូរស្រាលត្រង់ណាខ្លះ?» ហើយធ្វើរឿងយ៉ាងហោចណាស់មួយដែលធ្វើឱ្យខ្លួនឯងមានក្ដីសុខពិតប្រាកដ។
២. និយាយពាក្យល្អៗឱ្យខ្លួនឯង៖ ពួកគេឈប់ស្ដីបន្ទោសខ្លួនឯងនៅពេលធ្វើខុស ហើយប្ដូរមកប្រើពាក្យលួងលោមដូចជានិយាយជាមួយមិត្តភក្តិ ព្រោះផ្លូវចិត្តរបស់យើងក៏ចេះហត់នឿយដូចគ្នា។
៣. ហ៊ាននិយាយថា “ខ្ញុំទៅមិនរួចទេ”៖ ពួកគេមិនបង្ខំចិត្តទទួលយកគ្រប់យ៉ាងមកដាក់លើខ្លួនម្នាក់ឯងឡើយ។ ពួកគេនិយាយត្រង់ៗដោយសុភាពថា «ថ្ងៃនេះសុំសម្រាកសិន» ដើម្បីរក្សាថាមពលរបស់ខ្លួនឯង។
៤. គិតសិនមុននឹងឆ្លើយតប៖ ពួកគេមិនប្រញាប់វាយអក្សរឆ្លើយតបនៅពេលអារម្មណ៍កំពុងពុះកញ្ជ្រោលឡើយ។ ពួកគេដកដង្ហើមឱ្យវែងៗសិន រួចទើបឆ្លើយតបតាមរបៀបដែលមិនធ្វើឱ្យប៉ះពាល់ដល់ទាំងខ្លួនឯង និងអ្នកដទៃ។
៥. មិនបង្ខំខ្លួនឯងឱ្យរីកចម្រើនលឿនពេក៖ ពួកគេឈប់ដេញតាមអ្នកដទៃ ហើយទុកពេលឱ្យខ្លួនឯងរីកចម្រើនសន្សឹមៗបន្តិចម្ដងៗ តាមរបៀបដែលអាចដើរទៅមុខបានពិតប្រាកដ។
៦. ជ្រើសរើសរស់នៅជាមួយមនុស្សដែលធ្វើឱ្យមានក្ដីសុខផ្លូវចិត្ត ៖ ពួកគេដកខ្លួនចេញពីមនុស្សដែលធ្វើឱ្យគេមានអារម្មណ៍ថាខ្លួនខុសគ្រប់ពេល ហើយខិតទៅរកមនុស្សដែលនៅក្បែរហើយអាចជាខ្លួនឯងបាន។
៧. មើលថែសុខភាពមូលដ្ឋានបានល្អ៖ ពួកគេញ៉ាំទៀងពេល គេងគ្រប់គ្រាន់ ផឹកទឹកបានច្រើន ព្រោះដឹងថាផ្លូវចិត្តទន់ជ្រាយ ច្រើនតែផ្ដើមចេញពីរាងកាយដែលហត់នឿយ។
៨. ផ្ដល់រង្វាន់ឱ្យខ្លួនឯងខ្លះ៖ ពួកគេអបអរចំពោះការខិតខំប្រឹងប្រែងតូចតាច ដូចជាធ្វើការងាររួចរាល់ ក៏សម្រាក ឬញ៉ាំកាហ្វេដែលចូលចិត្ត ដើម្បីប្រាប់ខ្លួនឯងថា «ធ្វើបានល្អហើយ»។
៩. ទទួលស្គាល់អារម្មណ៍ខ្លួនឯង៖ ពួកគេមិនប្រញាប់បណ្ដេញភាពទុក្ខសោកចេញឡើយ។ ពួកគេទទួលស្គាល់ខ្លួនថា «ហត់ពិតមែន» ហើយនឹងមើលថែខ្លួនឯងសន្សឹមៗទៅតាមដំណាក់កាល។
១០. រៀបចំផ្ទះមានរបៀប និងទូលាយ៖ ពួកគេបោះចោលរបស់ដែលមិនចាំបាច់ខ្លះ ព្រោះកាលណាផ្ទះស្រឡះ ចិត្តក៏ស្រឡះ ហើយជីវិតមិនចាំបាច់ត្រូវរក្សាទុកគ្រប់យ៉ាងនោះទេ។
១១. មិនសុំទោសផ្ដេសផ្ដាស៖ ពួកគេឈប់និយាយពាក្យសុំទោសចំពោះរឿងដែលខ្លួនមិនបានខុស រួចងាកមកប្រាស្រ័យទាក់ទងឱ្យច្បាស់ពីអ្វីដែលគេត្រូវការដោយភាពជឿជាក់។
១២. មិនអត់ធ្មត់ដើម្បីរក្សាស្នេហាដែលឈឺចាប់៖ ពួកគេមិនព្រមនៅក្នុងទំនាក់ទំនងដែលត្រូវឈឺចាប់ ដើម្បីគ្រាន់តែឱ្យមានវត្តមានម្នាក់ទៀតឡើយ ព្រោះសេចក្ដីស្រឡាញ់ដែលល្អ មិនធ្វើឱ្យតម្លៃរបស់យើងកាន់តែធ្លាក់ចុះនោះទេ។
១៣. សម្រាកដោយមិនមានអារម្មណ៍ថាខុស៖ ពួកគេអនុញ្ញាតឱ្យខ្លួនឯងឈប់មុនពេលអស់កម្លាំង ព្រោះការសម្រាកគឺជាការបញ្ចូលថាមពល មិនមែនជាភាពខ្ជិលច្រអូសឡើយ។
១៤. និយាយពីតម្រូវការឱ្យបានច្បាស់៖ ពួកគេមិនលាក់ទុកក្នុងចិត្តរហូតដល់ផ្ទុះឡើយ។ ពួកគេប្រាប់ត្រង់ៗថា «ចង់បានភាពឯកជន» ឬ «ត្រូវការពេលវេលា» ដើម្បីកុំឱ្យទំនាក់ទំនងត្រូវបាក់បែក។
១៥. លើកលែងទោសឱ្យខ្លួនឯងឱ្យបានឆាប់៖ ពួកគេមិនអូសទាញកំហុសឆ្គងមកដាក់ទោសខ្លួនឯងដដែលៗឡើយ។ ពួកគេរៀនសូត្រពីវា ហើយចាប់ផ្ដើមថ្មីដោយវិធីដែលឆ្លាតវៃជាងមុន។
១៦. ធ្វើអ្វីដែលចូលចិត្តដោយមិនចាំបាច់ត្រូវតែពូកែ៖ ពួកគេចាប់ផ្ដើមធ្វើសិន រឿងពូកែចាំតាមក្រោយ ព្រោះការស្រឡាញ់ខ្លួនឯង គឺជាការផ្ដល់ឱកាសឱ្យខ្លួនឯងបានសាកល្បង។
១៧. ឈប់ប្រៀបធៀបជីវិត៖ ពួកគេមិនយកក្ដីសុខទៅផ្ញើទុកនឹងជីវិតអ្នកដទៃឡើយ។ ពួកគេមើលត្រឹមតែថា ថ្ងៃនេះល្អជាងម្សិលមិញត្រង់ណាខ្លះ។
១៨. ជ្រើសរើសផ្លូវចិត្តខ្លួនឯងជាមុន៖ ពួកគេមិនធ្វើឱ្យខ្លួនឯងមានទុក្ខ ដើម្បីគ្រាន់តែឱ្យអ្នកដទៃពេញចិត្តគ្រប់ពេលឡើយ ព្រោះមនុស្សដែលស្រឡាញ់យើងពិតប្រាកដ គេនឹងមិនចង់ឃើញយើងបាត់បង់ភាពជាខ្លួនឯងឡើយ ៕
























