បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ដោះសោភាពជោគជ័យ តាមរយៈការកំណត់គោលដៅខ្នាតតូចៗ

ដោះសោភាពជោគជ័យ តាមរយៈការកំណត់គោលដៅខ្នាតតូចៗ

មនុស្សយើងម្នាក់ៗតែងតែមានគោលដៅធំប្រចាំជីវិត ដូចជា តើ ៥ឆ្នាំខាងមុខ ខ្ញុំចង់ក្លាយជាអ្វី? ឬ ខ្ញុំនឹងទិញផ្ទះក្នុងរយៈពេល ៥ឆ្នាំខាងមុខជាដើម។ បញ្ហានៅត្រង់ថា តើត្រូវធ្វើបែបណាទៅអាចទៅដល់គោលដៅធំដែលខ្លួនឯងបានកំណត់?

Advertisement

ការមានគោលដៅធំប្រចាំជីវិតគឺជារឿងល្អ និងត្រឹមត្រូវ។ តែរឿងមួយដែលសំខាន់មិនអាចរំលងបាននោះ គឺការដឹងពីវិធីសាស្រ្តដើម្បីដើរទៅដល់ទីតាំងដែលអ្នកបានដៅទុក។ វិធីសាស្ត្រនោះ គឺជាការបំបែកគោលដៅធំ ឱ្យក្លាយទៅជាគោលដៅតូចៗ។

នៅពេលដែលយើងកំណត់គោលដៅតូចៗ ហើយធ្វើវាបានសម្រេច ខួរក្បាលនឹងបញ្ចេញ Dopamine ឬអរម៉ូននៃក្តីសុខ ដែលធ្វើឱ្យអ្នកមានអារម្មណ៍ពេញចិត្ត និងមានកម្លាំងជម្រុញចិត្តក្នុងការធ្វើគោលដៅបន្ទាប់។ វាបង្កើតទៅជាវដ្តវិជ្ជមានដែលធ្វើឱ្យអ្នកមានក្តីសុខក្នុងបោះជំហានទៅមុខម្ដងបន្តិចៗ ខិតជិតទៅកាន់គោលដៅធំ។

គោលដៅតូចៗទាំងនោះ ជួយឱ្យអ្នកអាចមើលឃើញផ្លូវកាន់តែច្បាស់ ជួយកាត់បន្ថយការព្រួយបារម្ភ និងបង្កើនឱកាសក្នុងការទទួលបានជោគជ័យ។

បច្ចេកទេសកំណត់គោលដៅតូចៗដ៏មានប្រសិទ្ធភាព

ជាក់លាក់ និងអាចវាស់វែងបាន៖ ជំនួសឱ្យការកំណត់គោលដៅថា “ហាត់ប្រាណឱ្យបានច្រើនជាងមុន” អ្នកគួរសាកល្បងប្តូរមកជា “ខ្ញុំនឹងដើរ ២០ នាទីរៀងរាល់ថ្ងៃក្រោយបាយល្ងាច” វិញ។

កំណត់ពេលវេលាច្បាស់លាស់៖ បញ្ជាក់ឱ្យច្បាស់ថាគោលដៅតូចមួយនេះនឹងសម្រេចនៅពេលណា ដូចជា “អានសៀវភៅ ១០ ទំព័ររៀងរាល់យប់មុនចូលគេង” ឬ “សរសេរកំណត់ហេតុរៀងរាល់ព្រឹកថ្ងៃច័ន្ទ ពុធ និងសុក្រ”។ ក្រៅពីនេះ អ្នកក៏អាចកំណត់កាលបរិច្ឆេទក្នុងការបញ្ចប់ការងារអ្វីមួយផងដែរ ដូចជា “ខ្ញុំនឹងអានបញ្ចប់សៀវភៅមួយក្បាលនេះ នៅថ្ងៃទី៣១ ខែកក្កដា” ជាដើម។

តាមដានការរីកចម្រើន៖ ការមើលឃើញការអភិវឌ្ឍរបស់ខ្លួនឯង គឺជាអ្វីដែលជួយបង្កើតកម្លាំងចិត្តបានយ៉ាងល្អ ជួយរុញអ្នកឱ្យឆ្ពោះទៅជំហានបន្ទាប់។ អ្នកអាចកត់ត្រាគោលដៅតូចៗនោះនៅក្នុងសៀវភៅ និងគូរសញ្ញាធីកលើគោលដៅដែលអ្នកបានធ្វើសម្រេច។  

ត្រេកអរជាមួយជោគជ័យតូចៗ៖ នៅពេលធ្វើបានសម្រេចតាមគោលដៅ កុំភ្លេចផ្តល់រង្វាន់ឱ្យខ្លួនឯង ទោះបីជាកាដូតូចតាច ដូចជា “ការញ៉ាំកាហ្វេហាងដែលអ្នកចូលចិត្ត” ឬ “ការមើលរឿងដែលអ្នកចូលចិត្ត” ក្ដី។  

មានភាពបត់បែន និងអាចកែសម្រួលបាន៖ ប្រសិនបើ អ្នករកឃើញថាគោលដៅខ្លះពិបាកក្នុងការសម្រេច មិនបាច់ដាក់សម្ពាធលើខ្លួនឯងទេ។ អ្នកអាចសាកល្បងបំប្លែងវាឱ្យតូចជាងមុនបន្តិចទៀត ដើម្បីឱ្យអាចសម្រេចបានកាន់តែងាយស្រួល៕

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា