ការដាច់សរសៃឈាមខួរក្បាល គឺជាបញ្ហាមួយងាយជួបប្រទះនៅក្នុងរដូវកាលដែលមានអាកាសធាតុក្ដៅខ្លាំង។ ជាពិសេសសម្រាប់ក្រុមមនុស្សដែលងាយគ្រោះ ដូចជា អ្នកមានអាយុលើសពី ៦៥ ឆ្នាំ អ្នកមានជំងឺលើសឈាម ជំងឺទឹកនោមផ្អែម ជំងឺសរសៃឈាមបេះដូង អ្នកលើសទម្ងន់ និងអ្នកដែលមានប្រវត្តិធ្លាប់មានបញ្ហាទាក់ទងនឹងសរសៃឈាមខួរក្បាលផ្ទាល់តែម្ដង។
ហេតុដូច្នេះហើយ ការដឹងពីទម្លាប់ដែលបង្កើនហានិភិយនៃបញ្ហាដាច់សរសៃឈាមខួរក្បាល គឺជារឿងចាំបាច់។
១. ការផ្លាស់ប្តូរសីតុណ្ហភាពភ្លាមៗ
ការអង្គុយក្នុងបន្ទប់ម៉ាស៊ីនត្រជាក់រយៈពេលយូរ ហើយដើរចេញទៅខាងក្រៅដែលមានសីតុណ្ហភាពខ្ពស់ភ្លាមៗ អាចធ្វើឱ្យសរសៃឈាមរួមតូច ឬរីកធំលឿនខុសប្រក្រតី។ ស្រដៀងគ្នានេះដែរ ការងូតទឹកត្រជាក់ភ្លាមៗបន្ទាប់ពីមកពីកន្លែងក្ដៅ ក៏អាចជួបប្រទះនឹងបញ្ហានេះដូចគ្នា ដែលអាចបណ្ដាលឱ្យអ្នកជួបនឹងអាការៈវិលមុខ ឬដាច់សរសៃឈាមខួរក្បាលបាន។
មូលហេតុនោះ ក៏ព្រោះតែរាងកាយរបស់អ្នកបានជួបនឹងការផ្លាស់ប្ដូរសីតុណ្ហភាពលឿនពេក រហូតមិនអាចសម្របខ្លួនទាន់។ ដូច្នេះ អ្នកគួរទុកឱ្យរាងកាយសន្សឹមៗស៊ាំនឹងសីតុណ្ហភាពថ្មី សឹមចេញទៅខាងក្រៅ ឬងូតទឹកតាមក្រោយ។
២. ការងូតទឹកក្ដៅក្នុងបន្ទប់ជិត
ការងូតទឹកក្ដៅធ្វើឱ្យសរសៃឈាមរីកធំយ៉ាងលឿន ដែលអាចបណ្ដាលឱ្យសម្ពាធឈាមចុះទាបភ្លាមៗ។ គួបផ្សំជាមួយនឹងបន្ទប់ទឹកដែលបិទជិត ខ្វះខ្យល់ចេញចូល វាអាចធ្វើឱ្យអ្នកវិលមុខ ឬសន្លប់ក្នុងបន្ទប់ទឹកបាន។
៣. ការហាត់ប្រាណខុសពេលវេលា
នៅថ្ងៃក្ដៅខ្លាំង ផ្លូវថ្នល់ ក៏ដូចជាការ៉ូឡានៅតាមដងផ្លូវនឹងសន្សំកម្ដៅទាំងនោះទុក។ នៅពេលដែលអ្នករត់ ឬជិះកង់នៅក្នុងមជ្ឈដ្ឋានបែបនេះរយៈពេលយូរ រាងកាយនឹងស្រូបយកម្ដៅទាំងនោះ។ គួបផ្សំជាមួយកម្ដៅរាងកាយដែលកើនឡើងនៅពេលអ្នកហាត់ប្រាណ ការអស់កម្លាំងខ្លាំង និងបេះដូងលោតមិនប្រក្រតីទៀតនោះ វាបង្កើនហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាលបាន។
៤. ការញ៉ាំគ្រឿងស្រវឹង និងភេសជ្ជៈផ្អែម
ការញ៉ាំភេសជ្ជៈផ្អែមអាចជួយឱ្យអ្នកស្រស់ស្រាយ ធូរស្រាលពីអាកាសធាតុក្ដៅបានមួយគ្រា។ យ៉ាងណាមិញ ការញ៉ាំភេសជ្ជៈដែលមានជាតិស្ករខ្ពស់ ជាតិកាហ្វេខ្ពស់ ក៏ដូចជាគ្រឿងស្រវឹងដែលមានជាតិអាកុល នឹងធ្វើឱ្យអ្នកនោមច្រើន ដែលអាចបណ្ដាលឱ្យរាងកាយខ្សោះជាតិទឹកដូចគ្នា។
៥. ការញ៉ាំអាហារដែលប្រៃ និងមានខ្លាញ់ខ្ពស់
ការទទួលទានអាហារដែលមានជាតិអំបិល និងខ្លាញ់ខ្ពស់ក្នុងចន្លោះអាកាសធាតុក្ដៅ ក៏អាចបង្កគ្រោះថ្នាក់ដូចគ្នា។ របបអាហារបែបនេះនឹងធ្វើឱ្យរាងកាយរបស់អ្នកខ្សោះជាតិទឹក និងឡើងសម្ពោធឈាម។ ខណៈ ក្នុងរយៈពេលយូរ វាអាចបណ្ដាលឱ្យមានការកកខ្លាញ់ក្នុងសរសៃឈាម ធ្វើឱ្យសរសៃឈាមរួមតូច និងបង្កើនហានិភ័យនៃគ្រោះថ្នាក់សរសៃឈាមខួរក្បាល និងជំងឺគាំងបេះដូង៕