អណ្ដើកហ្លួង «ឧរង្គសត្វនិមិត្តរូបរបស់កម្ពុជា» ដែលជាប្រភេទសត្វជិតផុតពូជ ចំនួន ២០ ក្បាល ត្រូវបានលែងឱ្យចូលក្នុងដែនជម្រកនៃប្រព័ន្ធព្រែកស្រែអំបិល ក្នុងឃុំកំពង់ហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ កាលថ្ងៃទី ២៩ ខែ មេសា ឆ្នាំ ២០២៦។
អណ្ដើកហ្លួងជាប្រភេទសត្វដែលកំពុងប្រឈមគ្រោះថ្នាក់ ហើយត្រូវបានចាត់ចូលជាប្រភេទសត្វជិតផុតពូជ (Critically Endangered)។ បច្ចុប្បន្នវត្តមាន Batagur affinis នេះមានតែនៅក្នុង ៣ ប្រទេសប៉ុណ្ណោះលើសាកលលោករួមមាន កម្ពុជា ម៉ាឡេស៊ី និងឥណ្ឌូណេស៊ី។ នៅកម្ពុជា អណ្ដើកហ្លួង មិនមែនគ្រាន់តែជាប្រភេទសត្វល្មូនធម្មតានោះទេ ប៉ុន្តែគឺជាឧរង្គសត្វនិមិត្តរូបរបស់ព្រះរាជាណាចក្រកម្ពុជា ដែលកំណត់ដោយព្រះរាជក្រឹត្យកាលឆ្នាំ ២០០៥។
តាមការបញ្ជាក់បន្ថែមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ឱ្យដឹងបន្ថែមថា បច្ចុប្បន្នមានអណ្ដើកហ្លួងសរុបចំនួន ៧៤៥ ក្បាល កំពុងថែរក្សានៅតាមមជ្ឈមណ្ឌលនានា (គិតចាប់ពីឆ្នាំ២០០០) ហើយក្នុងរយៈពេល៥ឆ្នាំចុងក្រោយ កូនអណ្ដើកហ្លួងញាស់បានចំនួន ២៤៤ ក្បាល ពីមជ្ឈមណ្ឌលអភិរក្ស។ កន្លងមក អណ្ដើក ៤០០ ក្បាលត្រូវបានលែងឱ្យចូលដែនជម្រកធម្មជាតិ ក្នុងចំណោមនោះមាន ២១៧ ក្បាលត្រូវបានបំពាក់ឧបករណ៍តាមដាន ( Transmitters) ដើម្បីសិក្សាពីការរស់រានរបស់ពួកវា៕
រូបភាព ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ