ក្រសួងបរិស្ថានបានបង្ហាញរូបភាពជាច្រើនសន្លឹក ដែលថតបានតាមរយៈកាមេរ៉ាបង្កប់ក្នុងព្រៃ ហើយក្នុងនោះឃើញមានប្រភេទសត្វកម្រៗសន្ធឹក។ ការសិក្សាស្រាវជ្រាវជីវៈចម្រុះដោយម៉ាស៊ីនថតស្វ័យប្រវត្ត ដែលធ្វើឡើងនៅចន្លោះខែមករា ដល់ខែសីហា ឆ្នាំ២០២៥ ប្រភេទសត្វសំខាន់ជាច្រើន កំពុងមានវត្តមាន នៅក្នុងឧទ្យានជាតិវីរៈជ័យ។

ប្រភេទសត្វសំខាន់ជាច្រើន ដែលកំពុងមានវត្តមាននៅក្នុងឧទ្យានជាតិវីរៈជ័យស្ថិតនៅភាគឦសាននៃប្រទេសកម្ពុជា ដែលជាជម្រកដ៏មានសារៈសំខាន់សម្រាប់សត្វព្រៃគ្រប់ប្រភេទ។ តាមរយៈកិច្ចសហការរវាង អង្គការសត្វព្រៃ និងរុក្ខជាតិ ជាមួយក្រសួងបរិស្ថាន ដោយមានការគាំទ្រពីមន្ទីរបរិស្ថានខេត្តរតនគីរី និងការចូលរួមពីជនជាតិដើមភាគតិច និងសហគមន៍មូលដ្ឋាន បានរកឃើញប្រភេទសត្វសំខាន់ៗ ដែលកត់ត្រាបាន ៤២ ប្រភេទដូចជា ថនិកសត្វ ៣២ ប្រភេទ, បក្សី ៩ ប្រភេទ និងពួកល្មូន ១ ប្រភេទ។
សម្រាប់ប្រភេទសត្វដែលកត់ត្រាខាងលើនេះមាន ២ ប្រភេទជាសត្វជិតផុតពូជបំផុត, ៥ ប្រភេទជាសត្វជិតផុតពូជ និង ១៣ ប្រភេទសត្វងាយរងគ្រោះ ដោយឡែកកំណត់ត្រាវីដេអូបានកត់នូវហ្វូងដំរីអាស៊ី ដែលជាសក្ខីភាពបង្ហាញពីមោទនភាព និងភាពសមស្របនៃទីជម្រកធម្មជាតិនៃតំបន់ឧទ្យានជាតិវីរៈជ័យ។

ប្រភេទសត្វកម្រសំខាន់ៗជាច្រើន រួមមាន ដំរីអាស៊ី, ឆ្កែព្រៃ,ខ្លាពពក ខ្លាលឿងមាស, កេងកងធំ, ខ្លាភ្ញីថ្មកែវ, រញីប្រផេះ, ក្ងោក, ស្វាកន្ទុយស, ពង្រូល និងប្រភេទសត្វផ្សេងៗជាច្រើនទៀត៕









រូបភាព៖ ក្រសួងបរិស្ថាន
























