បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មិត្តភក្តិ និងការងារ៖ នៅពេលចំណងមិត្តភាពអាចប្រេះស្រាំ ដោយសារធ្វើការនៅកន្លែងតែមួយ

មិត្តភក្តិ និងការងារ៖ នៅពេលចំណងមិត្តភាពអាចប្រេះស្រាំ ដោយសារធ្វើការនៅកន្លែងតែមួយ

នៅពេលត្រូវទៅធ្វើការកន្លែងថ្មី​​ អ្នកអាចមានអារម្មណ៍រំភើប លាយឡំនឹងភ័យក៏ព្រោះតែអ្នកត្រូវទៅជួបមនុស្ស និងមជ្ឈដ្ឋានថ្មីៗ។​ យ៉ាងណាមិញ​ នៅពេលដែលដឹងថា មិត្តភក្ដិជិតស្និទ្ធរបស់អ្នកក៏ធ្វើការនៅកន្លែងតែមួយនេះដែរ​ អារម្មណ៍ភ័យព្រួយអាចនឹងរលាយបាត់ទៅវិញ  ព្រោះទំនុកចិត្តដែលគិតថា​​ យ៉ាងណាក៏មានអ្នកស្គាល់គ្នាធ្វើការនៅកន្លែងតែមួយ។

Advertisement

យោងតាមការអង្កេតរបស់ Gallup​ ក្នុងឆ្នាំ ២០២២ បានរកឃើញថា ការមានមិត្តជិតស្និទ្ធក្នុងកន្លែងធ្វើការជួយឱ្យការងារប្រសើរឡើង មានទំនោរក្នុងការសហការជាមួយអតិថិជន និងផ្នែកផ្សេងៗបានល្អជាងមុន ព្រមទាំងសម្រេចការងារបានច្រើនក្នុងរយៈពេលខ្លី។ ស្របពេលជាមួយគ្នានេះ ការអង្កេតរបស់ Wildgoose នៅឆ្នាំ ២០២១ បង្ហាញថា ៥៧% នៃអ្នកចូលរួមក្នុងការស្ទង់មតិនិយាយថា ការមានមិត្តល្អនៅកន្លែងធ្វើការជួយឱ្យពួកគេមានសេចក្តីសុខក្នុងការងារកាន់តែខ្លាំង។

ក្នុងដំណាក់កាលដំបូង វាហាក់ដូចជាជារឿងល្អណាស់។ ប៉ុន្តែនៅពេលយូរទៅ ការងារកាន់តែមានភាពបញ្ហាប្រឈម និងសម្ពោធ មិត្តដែលធ្លាប់តែត្រូវគ្នា ក៏អាចចាប់ផ្តើមមានគំនិតខុសគ្នា។ បើសិន នេះជារឿងផ្ទាល់ខ្លួន អ្នកប្រហែលជាអាចយល់ព្រមតាមគ្រប់រឿង និងមិនគិតច្រើនទេ ប៉ុន្តែក្នុងរឿងការងារ ការយល់ស្របតាមរហូតអាចនឹងប៉ះពាល់ដល់លទ្ធផលការងារ ដែលអាចនាំផលអវិជ្ជមានមកដល់អ្នកនៅពេលក្រោយទៀត។​

ខណៈពេលខ្លះក៏ទាមទារឱ្យមានការប្រកួតប្រជែងគ្នា ដែលធ្វើឱ្យមិត្តដែលអ្នកធ្លាប់ស្គាល់ច្បាស់ពីមុនមក អាចនឹងផ្លាស់ប្តូរអាកប្បកិរិយាខុសពីមុន។ ហេតុដូច្នេះ ការជជែកវែកញែកដោយប្រើហេតុផលរៀងៗខ្លួន ជួនកាលរឹតតែធ្វើឱ្យបញ្ហាប្រេះស្រាំកាន់តែកើនឡើង។

Amy Cooper Hakim អ្នកប្រឹក្សាយោបល់ផ្នែកការងារ និងជាអ្នកនិពន្ធសៀវភៅ Working With Difficult People បានលើកឡើងថា មជ្ឈដ្ឋានការងារដែលមានការប្រកួតប្រជែងដើម្បីសម្រេចគោលដៅ មិនមែនជាកន្លែងដែលអំណោយផលសម្រាប់ទំនាក់ទំនងដែលស្មោះត្រង់បំផុតនោះទេ។ ដូច្នេះ វាមិនមែនជារឿងចម្លែកទេដែលមនុស្សមួយចំនួនមានអារម្មណ៍ទើសទាល់ពេលធ្វើការជាមួយមិត្តជិតស្និទ្ធ។

លើសពីនេះ គេហទំព័រ Career Contessa ពន្យល់ថា មិត្តភាពជិតស្និទ្ធធ្វើឱ្យ “ព្រំដែន” រវាងរឿងការងារ និងរឿងផ្ទាល់ខ្លួនប្រែជាមិនច្បាស់លាស់។ នៅពេលអ្នកដឹងពីរឿងរ៉ាវផ្ទាល់ខ្លួន និងអត្តចរិតរបស់គ្នាទៅវិញទៅមកច្រើនពេក ជម្លោះតូចតាចក្នុងរឿងការងារអាចនឹងក្លាយជារឿងធំ និងក្លាយជារឿងផ្ទាល់ខ្លួនបានយ៉ាងងាយ។

បើមិនចង់បាត់បង់ទាំងមិត្តភក្តិ និងការងារ តើក្នុងគួរធ្វើដូចម្តេចក្នុងស្ថានភាពបែបនេះ?

ទោះបីជាការធ្វើការជាមួយមិត្តភក្តិអាចមានបញ្ហស្មុគស្មាញមួយក្នុងការថែរក្សាមិត្តភាព និងការងារក្នុងពេលតែមួយ ប៉ុន្តែមិនមែនមានន័យថាអ្នកមិនអាចធ្វើការជាមួយគ្នាបាននោះទេ។ វិធីសាស្ត្រដែលអ្នកជំនាញណែនាំមានដូចជា៖

  • កំណត់ព្រំដែនឱ្យច្បាស់លាស់៖ Amy Cooper Hakim ណែនាំឱ្យកំណត់ព្រំដែនរវាងទំនាក់ទំនងក្នុងកន្លែងធ្វើការ និងទំនាក់ទំនងផ្ទាល់ខ្លួនឱ្យច្បាស់។ ក្នុងម៉ោងការងារ អ្នកអាចជាមិត្តរួមការងារដែលមានលក្ខណៈវិជ្ជាជីវៈ ប៉ុន្តែក្រោយម៉ោងការងារ អ្នកក៏អាចត្រឡប់មកជាមិត្តជិតស្និទ្ធនឹងគ្នាដូចដើម។
  • វិភាគជម្លោះ៖ យោងតាម Fast Company អ្នកត្រូវបែងចែកជម្លោះជា ៣ ប្រភេទ រួមមាន បញ្ហាដែលកើតឡើងម្តងម្កាលតែធ្ងន់ធ្ងរ, បញ្ហារ៉ាំរ៉ៃដែលពិបាកកែប្រែ, និងជម្លោះតូចតាច។​ បើជាជម្លោះប្រភេទទីមួយ ដូចជាការមានគំនិតផ្សេងគ្នា នៅពេលអ្នកត្រូវទទួលខុសត្រូវលើគម្រោងធំណាមួយ អ្នកត្រូវស្វែងរកដំណោះស្រាយរួមគ្នា។ ខណៈក្នុងករណីជម្លោះតូចតាចដែលមិនមានផលប៉ះពាល់ដល់លទ្ធផលការងារទេ អ្នកអាចមើលរំលងវាបាន។
  • ពិភាក្សាគ្នាដោយចិត្តត្រជាក់៖ នៅពេលខឹង ខួរក្បាលដែលប្រើប្រាស់ដើម្បីស្វែងរកហេតុផល តែងតែដើរយឺតជាអារម្មណ៍។ ដូច្នេះ សូមរង់ចាំឱ្យចិត្តត្រជាក់សិន ចាំនិយាយគ្នាដើម្បីរកដំណោះស្រាយ។
  • កុំគេចវេះ​ ដោយទុកបញ្ហាចោល ៖ ការគេចវេសមិនមែនជាដំណោះស្រាយទេ។ ការប្រឈមមុខនិយាយគ្នា គឺជាគន្លឹះសំខាន់។
  • ដកឃ្លាខ្លះបើចាំបាច់៖ ប្រសិនបើការងារតឹងតែងពេក ការកាត់បន្ថយការជួបជុំគ្នា​​ ដូចជាការទៅញ៉ាំបាយជាមួយគ្នា ឬការបែរមកផ្ដោតលើការងាររៀងៗខ្លួនវិញ ក៏ជាវិធីជួយកាត់បន្ថយភាពតានតឹងដែរ។

ជារួម ទោះបីជាការធ្វើការជាមួយមិត្តភក្តិអាចមានរឿងចំនួនដែលអ្នកត្រូវប្រយ័ត្ន ប៉ុន្តែប្រសិនបើអ្នកត្រូវធ្វើការជាមួយគ្នា សូមចងចាំជានិច្ចថា “ជម្លោះក្នុងកន្លែងធ្វើការ មិនមែនមានន័យថាទំនាក់ទំនងក្រោយម៉ោងការងារត្រូវបញ្ចប់នោះទេ”។ ការនិយាយគ្នាដោយត្រង់ទៅត្រង់មក និងការបែងចែករឿងការងារចេញពីរឿងផ្ទាល់ខ្លួន នឹងជួយរក្សាមិត្តភាពឱ្យនៅស្ថិតស្ថេរ។​

អ្នកប្រហែលជាធ្វើការនៅកន្លែងនោះត្រឹមតែប៉ុន្មានឆ្នាំ ប៉ុន្តែមិត្តភាពអាចនឹងមានអាយុកាលវែងឆ្ងាយជាងនោះ៕

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា