នៅពេលដឹងថា មិត្តជិតស្និទ្ធកំពុងមានសង្សារ អ្នកអាចនឹងរំភើប ចង់ដឹង ចង់ស្គាល់ថា គេនោះជានរណា។ ក៏ប៉ុន្តែនៅពេលដែលបានស្គាល់ហើយ អ្នកបែរជាមានអារម្មណ៍ថា មិនចូលចិត្តសង្សាររបស់មិត្តភក្ដិអ្នកទៅវិញ។ ស្រឡាញ់មិត្តភក្ដិណាស់ តែមិនចូលចិត្តសង្សារគេ តើអ្នកគួរធ្វើបែបណា?

មុននឹងឈានដល់ដំណោះស្រាយ អ្នកត្រូវរកឱ្យឃើញនូវមូលហេតុពិតប្រាកដដែលនាំឱ្យអ្នកមិនចូលចិត្តមនុស្សម្នាក់នោះសិន។ អ្នកជំនាញផ្នែកទំនាក់ទំនង Kaylee Rose Friedman បានពន្យល់ពីមូលហេតុចម្បងៗចំនួន ២ ដែលអាចធ្វើឱ្យអ្នកមិនចូលចិត្តសង្សារមិត្តភក្ដិបាន។
ទី១ អាចមកពី បុគ្គលនោះប្រព្រឹត្តមិនល្អដាក់មិត្តភក្ដិអ្នក ដូចជាការឱ្យមិត្តភក្ដិអ្នកកាន់របស់ធ្ងន់ៗតែឯង និយាយបំបាក់មុខ ឬសូម្បីតែការផិតក្បត់ជាដើម។ ទី២ អាចមកពី អត្តចរិត និងចំណង់ចំណូលចិត្តរបស់អ្នក និងសង្សារមិត្តមិនត្រូវគ្នាជាដើម។
ទោះក្នុងហេតុផលណាក៏ដោយ មនុស្សម្នាក់នោះគឺជាសង្សារមិត្តភក្ដិ ដែលអ្នកគ្មានជម្រើសថា នឹងគួររាប់អាន ឬមិនរាប់អាននោះទេ។ ក្រោមហេតុផលថា អ្នកក៏មិនអាចឈប់រាប់អានមិត្ត ព្រោះតែមិនចូលចិត្តសង្សារគេ ហើយអ្នកក៏មិនអាចមិនមានទំនាក់ទំនងជាមួយនឹងបុគ្គលនោះសោះ នៅពេលដែលចេញទៅជួបជាមួយនឹងមិត្តភក្ដិដែរ។ ខណៈមិត្តភក្ដិរបស់អ្នកក៏អាចមើលឃើញចំណុចល្អរបស់សង្សារគេ ដែលអ្នកមើលមិនឃើញដូចគ្នា។

សម្រាប់បញ្ហានេះ វាមិនមានវិធីសាស្រ្តជាក់លាក់ណាមួយដែលអាចកំណត់ថា ជាវិធីសាស្រ្តដែលត្រឹមត្រូវបំផុតទេ។ យ៉ាងណាមិញ Rachel Sussman អ្នកជំនាញផ្នែកសង្គមកិច្ចបានណែនាំថា អ្នកគួរសង្កេតមើលសិន កុំទាន់អាលនិយាយអ្វីទាំងអស់ ប៉ុន្តែត្រូវពិនិត្យមើលថា តើគេប្រព្រឹត្តដាក់មិត្តអ្នកយ៉ាងដូចម្តេច? តើគេផ្តល់កិត្តិយសឱ្យអ្នក និងមនុស្សជុំវិញខ្លួនដែរឬទេ?
ប្រសិនបើគេគ្រាន់តែមានចរិតមិនត្រូវជាមួយអ្នក តែមិនបានធ្វើបាបមិត្តអ្នកទេ អ្នកគួរតែគ្រប់គ្រងអារម្មណ៍ខ្លួនឯងវិញ។ បើអាចដើរជាមួយគ្នាបានខ្លះ អ្នកអាចបន្តជួបគ្នាហើយព្យាយាមសិក្សាពីគេ តែបើសិនជាអ្នក និងសង្សារមិត្តភក្ដិពិតជាមិនចុះសម្រុងគ្នាពិតមែន អ្នកអាចកាត់បន្ថយការជួបគ្នា ជួបតែក្នុងឱកាសពិសេសក៏បាន។

យ៉ាងណាមិញ ក្នុងករណីដែលមិត្តរបស់អ្នកសួរនាំ ឬចាំបាច់ត្រូវប្រាប់ដោយមិនអាចរំលងបាន អ្នកគួរប្រយ័ត្នចំពោះពាក្យសម្ដីខ្លួនឯង និងគិតដល់អារម្មណ៍របស់មនុស្សម្នាក់ទៀត។ មិត្តភក្ដិអ្នកក៏ប្រហែលជាមិនសប្បាយចិត្តដូចគ្នា នៅពេលដែលគេដឹងថា អ្នកមិនចូលចិត្តមនុស្សដែលគេជ្រើសរើស។ ដូចគ្នាដែរ សូមគោរពការសម្រេចចិត្តរបស់មិត្តអ្នក។
បើទោះបីជាជិតស្និទ្ធគ្នាកម្រិតណា រឿងបេះដូង គឺជារឿងដែលពិបាកនិយាយគ្នា។ ការដែលអ្នកចូលចិត្ត ឬមិនចូលចិត្ត ប្រហែលជាមិនសំខាន់ស្មើនឹងក្តីសុខរបស់មិត្តអ្នកទេ។ ទន្ទឹមគ្នានេះ ក៏មិនប្រាកដថា មនុស្សដែលអ្នកមិនចូលចិត្ត មិនអាចធ្វើជាដៃគូជីវិតដ៏ល្អរបស់មិត្តអ្នកបានឡើយ។ ទំនាក់ទំនងស្នេហារបស់នរណាម្នាក់ មិនគួរជាហេតុផលនៃការបញ្ចប់មិត្តភាពនោះទេ៕
























