បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ដាន​ប្រវត្តិសាស្ត្រ​កម្រ! ប្រាសាទ​ក្រវ៉ាន់បង្កប់​អាថ៌កំបាំង​នៃ​គំនូរ​ពណ៌​បុរាណ​លើ​ឥដ្ឋ អាយុកាល​ជាង​១​ពាន់​ឆ្នាំ

ដាន​ប្រវត្តិសាស្ត្រ​កម្រ! ប្រាសាទ​ក្រវ៉ាន់បង្កប់​អាថ៌កំបាំង​នៃ​គំនូរ​ពណ៌​បុរាណ​លើ​ឥដ្ឋ អាយុកាល​ជាង​១​ពាន់​ឆ្នាំ

ប្រាសាទក្រវ៉ាន់ គឺជាត្បូងពេជ្រដ៏មានតម្លៃមួយនៃសិល្បៈខ្មែរនាសតវត្សរ៍ទី១០។ ប្រាសាទ​មួយ​នេះ មិន​គ្រាន់​តែ​ជា​កន្លែង​សក្ការបូជា ប៉ុន្តែ​ជា​វិចិត្រសាល​សិល្បៈ​ដ៏​មហិមា​ដែល​បង្ហាញ​ពី​បច្ចេកទេស​ដុត ​និង​ឆ្លាក់​ឥដ្ឋ​របស់​ខ្មែរ​ដែល​គ្មាន​ពីរ​ក្នុង​ប្រវត្តិសាស្ត្រ​សិល្បៈ​អាស៊ី​អាគ្នេយ៍។

Advertisement

ក្រៅពីប្រវត្តិសាស្ត្រដ៏យូរលង់ ប្រាសាទក្រវ៉ាន់លេចធ្លោដាច់គេដោយសារតម្លៃពិសេសៗចំនួន ៣ យ៉ាង៖ ទី១ គឺតម្លៃស្ថាបត្យកម្មឥដ្ឋនៃក្តីទាំង៥ លើខឿនជួរតែមួយ ដែលខុសប្លែកពីប្រាសាទភ្នំ ឬប្រាសាទដែលមានការរៀបចំជាទម្រង់ប្រាំទិស (បែបផ្កាឈូក) ប្រាសាទក្រវ៉ាន់បង្ហាញពីដួងព្រលឹងស្ថាបត្យកម្មដ៏ប្លែកភ្នែក។ ទី២ គឺស្ថាបត្យកម្មនៃការរៀបជួរក្តីលើបន្តាត់តែមួយ ដែលក្តីឥដ្ឋទាំង៥ ត្រូវបានសាងសង់តម្រៀបគ្នាជាជួរត្រង់ បែរមុខទៅទិសខាងកើត និងទី៣ គឺក្តីតាំង៥ឈរលើខឿនតែមួយដែលសាងខ្ពស់ធ្វើពីថ្មបាយក្រៀម ដែលជានិមិត្តរូបនៃភាពឯកភាព និងតុល្យភាពយ៉ាងល្អឥតខ្ចោះ។ ក្តីកណ្តាលមានទំហំធំជាងគេ រីឯក្តីអមសងខាងមានទំហំតូចទៅៗតាមលំដាប់លំដោយ។

ទន្ទឹមនឹងនេះ ចម្លាក់ក្រទ្បោតទាបល្អឯកលើជញ្ជាំងឥដ្ឋខាងក្នុងក្តី ដែលជាទូទៅ ស្ថាបត្យករខ្មែរបុរាណច្រើនឆ្លាក់ចម្លាក់របៀបនេះនៅលើថ្មភក់។ ប៉ុន្តែនៅប្រាសាទក្រវ៉ាន់ ភាពអស្ចារ្យបានស្តែងឡើងតាមរយៈការដាប់ឆ្លាក់ដោយផ្ទាល់នៅលើផ្ទៃឥដ្ឋនៅខាងក្នុងតួក្តី ដែលនេះជាបច្ចេកទេសដ៏កម្រ និងធ្វើឡើងដោយភាពផ្ចិតផ្ចង់បំផុត។ នៅក្នុងក្តីកណ្តាល មានចម្លាក់ធំៗចំនួន៣ផ្ទាំង រៀបរាប់ពីមហិទ្ធិឫទ្ធិរបស់ព្រះវិស្ណុ រួមមាន៖ ព្រះវិស្ណុមានដៃ៤ (ទ្រង់ស័ង្ខ ថាស កង ចក្រ និងដំបង) ព្រះវិស្ណុឈានជើងកាត់ភពទាំងបី (ត្រីវិក្រម) និងព្រះវិស្ណុគង់លើគ្រុឌ។ នៅក្នុងក្តីខាងជើង មានចម្លាក់ដ៏វិសេសវិសាលរបស់ព្រះនាងលក្ស្មី (មហេសីព្រះវិស្ណុ) ដែលបង្ហាញពីភាពទន់ភ្លន់ ល្វតល្វន់ ប៉ុន្តែពោរពេញដោយអំណាចចេស្តា។

លើសពីនេះ ប្រាសាទក្រវ៉ាន់មានអាថ៌កំបាំងនៃគំនូរពណ៌បុរាណលើឥដ្ឋ ដែលមានអាយុកាលជាង១០០០ពាន់ឆ្នាំ ដែល​នេះ​គឺជាដានប្រវត្តិសាស្ត្រដ៏រំភើប និងកម្ររកបាននៃភស្តុតាងនៃគំនូរពណ៌បុរាណ។ នៅលើផ្ទៃចម្លាក់ឥដ្ឋទាំងនោះ អ្នកស្រាវជ្រាវបានរកឃើញស្លាកស្នាមនៃជ័រឈើ និងល័ក្ខពណ៌ (ដូចជាពណ៌ក្រហម) ដែលបុព្វបុរសបានលាបលម្អពីលើចម្លាក់ឥដ្ឋ។ នេះបញ្ជាក់ថា កាលពីដើមឡើយ ផ្ទៃខាងក្នុងនៃតួក្តីមិនមែនមានត្រឹមតែពណ៌ដីដុតនៃឥដ្ឋនោះទេ ប៉ុន្តែបានតុបតែងដោយពណ៌ស្រស់ឆើតឆាយ បង្កើតបានជាផ្ទាំងទស្សនីយភាពសិល្បៈដ៏រស់រវើក គួរឱ្យស្ងើចសរសើរខ្លាំងណាស់។

ប្រាសាទ​ដ៏​ល្អ​ឯក​មួយ​នេះ មានទីតាំងស្ថិតនៅភូមិក្រវ៉ាន់ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប។ ផ្អែកតាមសិលាចារឹកលេខ K-269 ប្រាសាទនេះត្រូវបានកសាងឡើងនៅក្នុងឆ្នាំ ៩២១ នៃគ.ស ក្នុងរាជ្យ ព្រះបាទហស៌វរ្ម័នទី១ (គ.ស ៩១០-៩២៣) ដោយមន្ត្រីជាន់ខ្ពស់មួយក្រុមដឹកនាំដោយ ស្តែងអញស្រីវីរេន្ទ្រាធិបតីវម៌្ម, ស្តែងអញមហីធរវម៌្ម និងស្តែងអញជ័យវីរវម៌្ម ដើម្បីឧទ្ទិសថ្វាយដល់ព្រះវិស្ណុ (ព្រះនារាយណ៍) ក្នុងព្រហ្មញ្ញសាសនា ក្រោមព្រះនាមជាទីគោរពថា «ស្រីត្រីភូវនេស្វាមិ» និង «ស្រីត្រៃលោក្យនាថ»៕

រូបភាព ៖ អាជ្ញាធរជាតិអប្សរា

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា