បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ជួយថែរក្សាផង! ប្រទះ​ឃើញ​សត្វ​ព្រៃ​ជិត​ផុត​ពូជ​ច្រើន​ប្រភេទ​នៅ​តំបន់​ភាគ​ខាង​ជើង​ប្រទេស​កម្ពុជា

ជួយថែរក្សាផង! ប្រទះ​ឃើញ​សត្វ​ព្រៃ​ជិត​ផុត​ពូជ​ច្រើន​ប្រភេទ​នៅ​តំបន់​ភាគ​ខាង​ជើង​ប្រទេស​កម្ពុជា

កម្ពុជា​រក​ឃើញ​វត្តមាន​សត្វព្រៃជិត ៥០ ប្រភេទនៅក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង ដែល​ស្ថិត​ក្នុង​ភូមិសាស្ត្រ​ខេត្ត​ស្ទឹង​ត្រែង​និង​រតនគិរី ។ ក្នុង​ចំណោមនោះមាន ៧ ប្រភេទស្ថិតក្នុងក្រុមទទួលរងការគំរាមកំហែងនៃការផុតពូជ។

Advertisement

តាមការសិក្សាស្រាវជ្រាវដែលទើបចុះផ្សាយថ្មីៗនេះ បានបញ្ជាក់ពីវត្តមានសត្វព្រៃជិត៥០ប្រភេទនៅក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង ដែលក្នុងចំណោមនោះ មានថនិកសត្វចំនួន ៧ ប្រភេទស្ថិត ក្នុងក្រុមទទួលរងការគំរាមកំហែងនៃការផុតពូជ ។ សត្វព្រៃទាំង៧ប្រភេទនោះរួមមាន៖ សត្វទន្សោង, សត្វពង្រូល , សត្វស្វាកន្ទុយសជើងក្រហម, សត្វទោចថ្ពាល់លឿងឦសាន , សត្វកែះ ,សត្វខ្លាឃ្មុំតូច , សត្វខ្លាពពក ។

លទ្ធផលស្រាវជ្រាវតាមរយៈម៉ាស៊ីនថតស្វ័យប្រវត្តិ រយៈពេល៨ខែ គិតចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ២០២៥ អនុវត្តដោយក្រុមអ្នកវិទ្យាសាស្រ្តចម្រុះមកពីក្រសួងបរិស្ថាន អង្គការអភិរក្សអន្តរជាតិកម្ពុជា (អង្គការCI) និងអង្គការ Wild Earth Allies បានកត់ត្រាវត្តមានសត្វព្រៃសរុប ៤៧ ប្រភេទ រួមមាន ថនិកសត្វ ២៦ប្រភេទ, បក្សី ១៨ប្រភេទ និងសត្វល្មូន៣ប្រភេទ។

លទ្ធផលទាំងនេះបានឆ្លុះបញ្ចាំងពីសារៈសំខាន់ជាសកលនៃឧទ្យានជាតិវើនសៃ-សៀមប៉ាង ហើយក៏បានផ្តល់នូវព័ត៌មានសំខាន់អំពីស្ថានភាពសត្វព្រៃ និងមូលដ្ឋានគាំទ្រដល់ការសម្រេចចិត្តផ្អែកលើភស្តុតាងវិទ្យាសាស្ត្រ ដែលអាចជួយតម្រង់ទិសដល់ការកំណត់យុទ្ធសាស្រ្តបានប្រសើរសម្រាប់ការអភិរក្សនាពេលអនាគត។

ក្នុងការស្រាវជ្រាវនេះ អ្នកវិទ្យាសាស្រ្តបានលើកឡើងថា៖ «ទោះបីជាតំបន់សិក្សានេះមានសារៈសំខាន់ខ្ពស់ផ្នែកប្រព័ន្ធអេកូឡូស៊ីយ៉ាងណាក៏ដោយ ក៏នៅមិនទាន់មានការស្រាវជ្រាវ និងអង្កេតជីវចម្រុះឱ្យបានទូលំទូលាយនៅឡើយទេ ដោយសារវាជាតំបន់មិនទាន់ទទួលបានការចាប់អារម្មណ៍ ពិបាកចូលទៅដល់ហើយធនធានសម្រាប់ការស្រាវជ្រាវនៅមានកម្រិត»។

ទោះជាយ៉ាងណា កិច្ចសហការរវាងស្ថាប័នរដ្ឋ អង្គការក្រៅរដ្ឋាភិបាល វិស័យឯកជន ជនជាតិដើមភាគតិច និងសហគមន៍មូលដ្ឋាន គឺពិតជាចាំបាច់ណាស់ ក្នុងការងារអភិរក្ស និងការពារប្រភេទសត្វកំពុងរងការគំរាមកំហែងទាំងនេះ។ ក្នុងទិវាបរិស្ថានពិភពលោក ក្រោមប្រធានបទ «បណ្តុះគំនិតស្រឡាញ់ធម្មជាតិ ធ្វើសកម្មភាពដើម្បីអាកាសធាតុ និងអនាគតរបស់យើង» សូមចូលរួមទាំងអស់គ្នាឱ្យកាន់តែផុសផុលក្នុងការការពារសត្វព្រៃ និងថែរក្សាមរតកធម្មជាតិរបស់កម្ពុជា សម្រាប់មនុស្សគ្រប់ជំនាន់៕

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា