បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ការតុបតែងខ្លួនបែបបុរាណថតនៅមុខព្រះបរមរាជវាំងកំពុងពេញនិយមទាំងភ្ញៀវជាតិ និងអន្តរជាតិ

ការតុបតែងខ្លួនបែបបុរាណថតនៅមុខព្រះបរមរាជវាំងកំពុងពេញនិយមទាំងភ្ញៀវជាតិ និងអន្តរជាតិ

កាលពីមុន យើងច្រើនតែងឃើញការស្លៀកឈុតបុរាណតែក្នុងពិធីការធំៗ ឬពិធីមង្គលការប៉ុណ្ណោះ។ ប៉ុន្តែថ្មីៗនេះការតុបតែងខ្លួនជាមួយនឹងឈុតសម្លៀកបំពាក់បុរាណខ្មែរថតនៅមុខព្រះបរមរាជវាំងបាន និងកំពុងក្លាយជា trend ដ៏ពេញនិយមរបស់យុវជនខ្មែរច្រើនឡើងៗ។

Advertisement

ជាពិសេសបច្ចុប្បន្នសូម្បីតែជនជាតិបរទេសដែលមកលេងកម្ពុជាក៏បានចាប់ផ្ដើមចូលរួមការស្លៀកសម្លៀកបំពាក់ស្អាតៗថតរូបនៅមុខព្រះបរមរាជវាំង និងតាមតំបន់ទេសចរណ៍មួយចំនួនក្នុងរាជធានីភ្នំពេញផងដែរ។ ការតុបតែងខ្លួនជាមួយនឹងឈុតចងក្បិន ឬឈុតស្បៃខ្មែរ ពិតរំលេចនូវសម្រស់អ្នកពាក់ទាំងបុរស និងនារីឱ្យមានភាពទាក់ទាញ ស្រស់ស្អាត និងថ្លៃថ្នូរយ៉ាងខ្លាំង។ រូបភាពស្អាតៗដែលបង្ហោះនៅលើ Facebook, Instagram ឬ TikTok គឺជាការបង្អួតពិភពលោកថា “វប្បធម៌ខ្មែរគឺពិតជាប្រណីតមិនចាញ់បរទេសឡើយ”។

នៅពេលដែលឈុតបុរាណខ្មែរត្រូវបានយុវជនជំនាន់ថ្មីឱ្យតម្លៃបែបនេះប្រៀបដូចជាកំពុងបង្ហាញពិភពលោកឱ្យបានឃើញ ដឹងឮកាន់តែខ្លាំងឡើងនូវសម្រស់ដ៏ប្រណិតនៃវប្បធម៌ខ្មែរព្រមទាំងមានព្រលឹង និងភាពរស់រវើកក្នុងគ្រប់សម័យកាល។ លើសពីនេះ សកម្មភាពមួយនេះមិនត្រឹមតែជាការថែរក្សាកេរដំណែលមិនឱ្យបាត់បង់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបង្កើតសេដ្ឋកិច្ចវិលជុំយ៉ាងសកម្មទៀតផង ដោយវាបានក្លាយជាកម្លាំងចលករដ៏ខ្លាំងសម្រាប់ជំរុញអាជីវកម្មក្នុងស្រុកដូចជាហាងជួលសម្លៀកបំពាក់បុរាណខ្មែរ ជាងតុបតែងមុខ និងជាងថតរូបឱ្យទទួលបានចំណូលកាន់តែច្រើន។

មួយវិញទៀត នេះក៏ឱកាសដ៏ល្អបំផុតដើម្បីបង្ហាញទៅកាន់ទេសចរថាមកលេងកម្ពុជាពេលនេះមិនមែនត្រឹមតែទៅទស្សនាប្រាសាទបុរាណខ្មែររួចត្រលប់ទៅវិញឡើយ ប៉ុន្តែក៏អាចសាកល្បងបទពិសោធន៍ថ្មីជាមួយនឹងសម្លៀកបំពាក់ចងក្បិន និងគ្រងស្បៃខ្មែរដែលពួកគេនឹងទទួលបានអារម្មណ៍ថាខ្លួនឯងកំពុងតែក្លាយជាតួអង្គម្នាក់ក្នុងប្រវត្តិសាស្រ្តខ្មែរដែរ។ បទពិសោធន៍ល្អៗទាំងនេះនឹងដក់ជាប់ក្នុងចិត្តពួកគេ ហើយពួកគេនឹងក្លាយជាអ្នកផ្សព្វផ្សាយពីកម្ពុជាទៅកាន់មិត្តភក្តិ និងក្រុមគ្រួសាររបស់គេបន្តទៀត។

យ៉ាងណាមិញ ដើម្បីឱ្យសម្លៀកបំពាក់បុរាណខ្មែរយើងកាន់តែល្បីសុសសាយត្រឹមតាមទម្រង់ យើងជាពិសេសម្ចាស់អាជីវកម្មជួលសម្លៀកបំពាក់ត្រូវតែសិក្សាឱ្យបានច្បាស់ពីសម្លៀកបំពាក់បុរាណខ្មែរត្រឹមត្រូវទៅតាមសម័យកាលនីមួយៗ ដើម្បីជៀសវាងការស្លៀកពាក់ច្រលំច្របូកច្របល់ជាមួយនឹងសម្លៀកបំពាក់ប្រទេសផ្សេងដែលនាំឱ្យបាត់បង់អត្ដសញ្ញាណដើម។ ជាមួយគ្នានេះអ្នកស្លៀកផ្ទាល់ក៏គួរតែដឹងពីរបៀបស្លៀកយ៉ាងណាឱ្យមានភាពថ្លៃថ្នូរ មិនបញ្ចេញសាច់ហួសហេតុដែលនាំឱ្យខូចភាពថ្លៃថ្នូរ និងតម្លៃនៃវប្បធម៌ខ្មែរផងដែរ៕

រូបភាព៖ Ajoo Kang, SouthEast Asian Gallery និង 向俊承Kevin

កញ្ញា ទ្រីយ៉ា | Ms. Trya

កញ្ញា ទ្រីយ៉ា | Ms. Trya

នាងខ្ញុំជានិស្សិតបញ្ចប់ការសិក្សាផ្នែកភាសាអង់គ្លេសសម្រាប់ទំនាក់ទំនង និងធ្លាប់ធ្វើការងារការិយាល័យជាង ២ឆ្នាំ ហើយបច្ចុប្បន្ននាងខ្ញុំជាអ្នកសរសេរមាតិកានៅ AMS Infotainment។ នាងខ្ញុំនឹងនាំយកនូវមាតិកាថ្មីៗ ប្លែកៗទាក់ទងម្ហូបអាហារ និងកន្លែងដើរកម្សាន្ត ដើម្បីចែករំលែកដល់ប្រិយមិត្ត។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា