ដ្បិតសន្ទុះប្រជាប្រិយភាពរបស់ Matcha បានផ្ទុះឡើងមួយរយៈធំទៅហើយក្តី ក៏ប៉ុន្តែមកទល់បច្ចុប្បន្ននៅតែមានអ្នកនិយមញ៉ាំ Matcha ជាប្រចាំ មិនថាក្នុងទម្រង់ជាភេសជ្ជៈ ឬក្នុងទម្រង់ជាគ្រឿងផ្សំនៃអាហារផ្សេងៗដូចជា នំរសជាតិ Matcha ជាដើម។ Matcha មិនមែនមានត្រឹមតែរសជាតិឈ្ងុយឆ្ងាញ់ប៉ុណ្ណោះទេ ក៏ប៉ុន្តែតែបៃតងមួយនេះក៏សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម និងសារធាតុចិញ្ចឹមដែលមានប្រយោជន៍ចំពោះរាងកាយផងដែរ។
យ៉ាងណាមិញ មនុស្សមួយចំនួននៅមិនទាន់បានដឹងពី “ពេលវេលាល្អសម្រាប់ការទទួលទាន Matcha ដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់បំផុត” នោះឡើយទេ។ ប្រសិនបើញ៉ាំចំពេលត្រឹមត្រូវ វាអាចជួយបង្កើនថាមពល ជំរុញការដុតរំលាយអាហារ និងជួយឱ្យមានអារម្មណ៍មូលល្អ។ ផ្ទុយទៅវិញ បើញ៉ាំខុសពេល វាអាចជះឥទ្ធិពលដល់ការគេងបាន។
ស្គាល់ពីសារធាតុសំខាន់ៗនៅក្នុង Matcha
Matcha គឺជាតែបៃតងប្រភេទម្សៅដែលបានមកពីការកិនស្លឹកតែបៃតងទាំងមូល ដែលជាបណ្តុំនៃសារធាតុសំខាន់ៗដូចជា៖
- EGCG (Epigallocatechin Gallate)៖ សារធាតុប្រឆាំងអុកស៊ីតកម្មដែលមានចំណែកជួយកាត់បន្ថយការខូចខាតនៃកោសិកា។
- L-Theanine៖ អាស៊ីតអាមីណេដែលជួយឱ្យមានអារម្មណ៍ធូរស្រាល កាត់បន្ថយស្ត្រេស និងបង្កើនសមាធិ។
- ជាតិកាហ្វេអ៊ីន (Caffeine)៖ ជួយកាត់បន្ថយការងងុយគេង និងជួយឱ្យមានអារម្មណ៍ស្វាងល្អ។
ការធ្វើការរួមគ្នារវាង L-Theanine និងកាហ្វេអ៊ីន គឺជាចំណុចពិសេសរបស់ Matcha ដែលជួយកាត់បន្ថយការងងុយគេង និងបង្កើនសមាធិដោយសន្សឹមៗ ខុសប្លែកពីកាហ្វេដែលអាចធ្វើឱ្យមនុស្សមួយចំនួនមានអារម្មណ៍ថាញ័រទ្រូងក្រោយពេលទទួលទាន។
ពេលវេលាល្អបំផុតក្នុងការទទួលទាន Matcha
១. ក្រោយអាហារពេលព្រឹក ៣០-៦០ នាទី
ការញ៉ាំ Matcha នៅពេលព្រឹកបន្ទាប់ពីញ៉ាំអាហាររួច នឹងជួយឱ្យរាងកាយទទួលបានជាតិកាហ្វេអ៊ីនបន្តិចម្តងៗ ដែលជួយបង្កើនភាពស្រស់ស្រាយ ជំរុញសមត្ថភាពខួរក្បាល និងធ្វើឱ្យមានសមាធិបានល្អ។
សម្រាប់មនុស្សមួយចំនួន ការញ៉ាំ Matcha នៅពេលពោះទទេអាចបង្កឱ្យមានអាការក្រហាយ ឬឈឺក្រពះ។ ដូច្នេះ ការញ៉ាំ Matcha ក្រោយញ៉ាំអាហាររួច ក៏ជួយកាត់បន្ថយអាការនេះបានដែរ។
២. ចន្លោះពេលរសៀល
ក្រោយរៀន ឬធ្វើការអស់មួយព្រឹក មនុស្សមួយចំនួនអាចនឹងមានអារម្មណ៍ថា ហត់នឿយ និងងងុយគេងនៅពេលថ្ងៃរសៀល។ ការញ៉ាំ Matcha ជំនួសឱ្យការញ៉ាំកាហ្វេ គឺជាជម្រើសមួយដ៏ល្អ។
សារធាតុ L-Theanine នៅក្នុង Matcha ជួយឱ្យខួរក្បាលមានអារម្មណ៍ធូរស្រាលជាងមុន ពង្រឹងសមាធិ និងស័ក្តិសមបំផុតសម្រាប់ការត្រៀមខ្លួនទៅប្រជុំ ឬធ្វើការងារដែលត្រូវការផ្ដោតអារម្មណ៍ខ្លាំង។
៣. មុនពេលហាត់ប្រាណ ៣០-៦០ នាទី
សម្រាប់អ្នកដែលចង់រក្សាទម្ងន់ ឬបង្កើនប្រសិទ្ធភាពក្នុងការហាត់ប្រាណ ម៉ាត់ឆាអាចជាភេសជ្ជៈជំនួយដ៏គួរឱ្យចាប់អារម្មណ៍មួយ។
សារធាតុ EGCG និងកាហ្វេអ៊ីននៅក្នុងតែបៃតង ជួយជំរុញការដុតរំលាយថាមពលក្នុងរាងកាយ និងបង្កើនការប្រើប្រាស់ជាតិខ្លាញ់ មកធ្វើជាប្រភពថាមពលនៅក្នុងពេលហាត់ប្រាណ។ ដូច្នេះ ការញ៉ាំ Matcha មុនពេលហាត់ប្រាណ អាចជួយឱ្យមានអារម្មណ៍ស្វាហាប់ និងហាត់ប្រាណបានយ៉ាងមានប្រសិទ្ធភាពជាងមុន។
ពេលណាដែលគួរចៀសវាងការញ៉ាំ Matcha?
ទោះបីជាម៉ាត់ឆាមានជាតិកាហ្វេអ៊ីនតិចជាងកាហ្វេក៏ពិតមែន ក៏ប៉ុន្តែកម្រិតជាតិកាហ្វេអ៊ីនក្នុងតែបៃតងប្រភេទនេះ ក៏អាចរំខានដល់ការគេងផងដែរ បើសិនជាទទួលទានខុសពេលវេលា។ អ្នកគួរចៀសវាងការញ៉ាំ Matcha ក្រោយម៉ោង ៣:០០ – ៤:០០ រសៀល ជាពិសេសសម្រាប់អ្នកដែលងាយប្រតិកម្មនឹងកាហ្វេអ៊ីន ឬមានបញ្ហាទាក់ទងនឹងការគេងស្រាប់ ដើម្បីចៀសវាងបញ្ហានេះ៕