ក្នុងនាមជាម្ចាស់ផ្ទះនៃការរៀបចំ មហាសន្និបាត WAGGGS លើកទី៣៩ និងកិច្ចប្រជុំ OB-PS លើកទី៤២ កម្ពុជាបានបង្ហាញកិច្ចស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះវត្តមានគណៈប្រតិភូមកពីគ្រប់ទិសទីជុំវិញពិភពលោកដើម្បីចូលរួមព្រឹត្តិការណ៍ក្នុងឆ្នាំនេះ។
លើសពីកិច្ចស្វាគមន៍ ក្នុងថ្ងៃទី១ នៃព្រឹត្តិការណ៍មហាសន្និបាត ពោលគឺកាលពីថ្ងៃ១៤ ខែមិថុនា ឆ្នាំ ២០២៦ សមាគមកាយឫទ្ធិនារីកម្ពុជា បានរៀបចំកម្មវិធី «បេសកកម្មស្វែងរកទីតាំង» នៅប្រាសាទអង្គរវត្ត។ បេសកកម្មនេះតម្រូវឱ្យគណៈប្រតិភូ-យុវតី បង្កើតជាក្រុម ហើយប្រណាំងប្រជែងគ្នាដើម្បីស្វែងរកបណ្ណាល័យបុរាណ ដែលជាអគារថ្មភក់ភ្លោះ ព្រមទាំងអាថ៌កំបាំងនៃបន្ទប់គក់ទ្រូង (Echo Chamber) ដែលសំឡេងរំញ័រនៃការគក់ទ្រូងតំណាងឱ្យការតភ្ជាប់ផ្លូវចិត្តដ៏ពិសិដ្ឋ រួមទាំងផ្ទាំងចម្លាក់បុរាណដ៏ល្បីល្បាញ «ការកូរសមុទ្រទឹកដោះ» ដែលបង្ហាញពីតុល្យភាព និងស្មារតីសាមគ្គីភាព។
ទិដ្ឋភាពដ៏សែនរំភើបនៃបេសកកម្មមួយនេះបានបង្ហាញពីការផ្សារភ្ជាប់នៃផ្លូវចិត្តដ៏សែនជ្រាលជ្រៅ ស្មារតីសាមគ្គីភាព និងការព្យាយាមស្វែងយល់ពីវប្បធម៌របស់កម្ពុជា ដែលមាននៅលើទឹកដីអង្គរតាំងពីយូរលង់មកហើយ។ គួរឱ្យដឹងថា ទិដ្ឋភាពនៃ កិច្ចប្រជុំក្រុមប្រឹក្សាភិបាលសហគមន៍ គឺលើសពីការរៀបចំសម្រាប់មហាសន្និបាត ពោលគឺជាការឆ្លុះបញ្ចាំង ការពិភាក្សាផ្លាស់ប្តូរមតិយោបល់ និងការរួមគ្នាគូសវាសទិសដៅអនាគតសម្រាប់កុមារី និងយុវតីនៅជុំវិញសកលលោក។
គួរបញ្ជាក់បន្ថែម មហាសន្និបាត WAGGGS លើកទី៣៩ និងកិច្ចប្រជុំ OB-PS លើកទី៤២ មានការចូលរួមពីប្រតិភូពិភពលោក ៦០០ នាក់មកពីប្រទេសផ្សេងៗគ្នាជាច្រើន។ ជាមួយគ្នា ការរៀបចំក្នុងឆ្នាំនេះធ្វើឡើងក្នុងខេត្តសៀមរាប នៃទឹកដីប្រទេសកម្ពុជា ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ ២០២៦៕
រូបភាព ៖ Girl Guides Association of Cambodia