តើអ្នកធ្លាប់ឆ្ងល់ទេថា ហេតុអ្វីបានជាគូស្នេហ៍ជាច្រើនគូតែងមានមុខមាត់ស្រដៀងគ្នា ខណៈចរិតក៏មិនសូវជាខុសគ្នាប៉ុន្មាន? នេះក៏ព្រោះតែថាមពលនៃក្ដីស្រឡាញ់ ដែលធ្វើឱ្យមនុស្សពីរនាក់មានមុខមាត់ និងចរិតដូចគ្នា ស្ទើតែក្លាយជាមនុស្សតែមួយ។

តើអ្នកធ្លាប់ឆ្ងល់ទេថា ហេតុអ្វីបានជាគូស្នេហ៍ជាច្រើនគូតែងមានមុខមាត់ស្រដៀងគ្នា ខណៈចរិតក៏មិនសូវជាខុសគ្នាប៉ុន្មាន? នេះក៏ព្រោះតែថាមពលនៃក្ដីស្រឡាញ់ ដែលធ្វើឱ្យមនុស្សពីរនាក់មានមុខមាត់ និងចរិតដូចគ្នា ស្ទើតែក្លាយជាមនុស្សតែមួយ។

តាមរយៈទ្រឹស្ដីរបស់លោក Robert Zajonc អ្នកចិត្តសាស្រ្តសង្គម បានពន្យល់ថា មនុស្សច្រើនតែងមានទំនោរចម្លងចរិតលក្ខណៈរបស់មនុស្សដែលនៅជុំវិញខ្លួន ដែលសកម្មភាពនេះហៅថា Unconscious Mimicry។ នេះមានន័យថា ពេលខ្លះយើងអាចចម្លងសកម្មភាព ឬទម្លាប់ណាមួយពីមិត្តភក្ដិ និងដៃគូដោយស្វ័យប្រវត្តិដោយមិនដឹងខ្លួន ពេលនៅជិតមនុស្សទាំងនោះ។
ទន្ទឹមគ្នានេះ អ្នកវិទ្យាសាស្ត្របានបញ្ជាក់ថា គូស្នេហ៍មានទំនោរក្នុងការកែប្រែទម្លាប់ និងឥរិយាបថរបស់ខ្លួនទៅតាមដៃគូ ជាពិសេសនៅពេលប្រើប្រាស់ជីវិតគូរួមគ្នាក្រោយរៀបអាពាហ៍ពិពាហ៍រួច។ ការផ្លាស់ប្តូរទម្លាប់នេះ ក៏ជះឥទ្ធិពលឱ្យមនុស្ស ២នាក់មាន “ប្រព័ន្ធភាពស៊ាំ” ស្រដៀងគ្នាផងដែរ ព្រោះតែបុគ្គលនោះមានរបៀបរស់នៅប្រចាំថ្ងៃដូចគ្នា ដូចជាការញ៉ាំ និងការហាត់ប្រាណជាដើម។
បន្ថែមពីនេះ ការសិក្សារបស់លោក Robert Zajonc ក៏បានពន្យល់ទៀតថា គូស្នេហ៍នឹងកាន់តែមានមុខមាត់ស្រដៀងគ្នា ទៅតាមកម្រិតសុភមង្គលរបស់គូស្នេហ៍នោះ។ តាមរយៈការសិក្សា ដែលប្រៀបធៀបទៅលើរូបភាពគូស្នេហ៍ជាច្រើនគូដែលមានមុខមាត់មិនដូចគ្នាទាល់តែសោះកាលពីគ្រាជួបគ្នាដំបូង បែរជាចាប់ផ្ដើមមានមុខមាត់ស្រដៀងគ្នានៅពេលដែលបានរស់នៅជាមួយគ្នាអស់រយៈពេលច្រើនឆ្នាំ។
ហេតុផលដែលស្ថិតនៅពីក្រោយនោះ គឺដោយសារតែ គូស្នេហ៍ដែលរស់នៅជាមួយគ្នារយៈពេលយូរបានចែករំលែកបទពិសោធន៍ជីវិតរួមគ្នា ទាំងគ្រានៃសុភមង្គល កើតទុក្ខ និងការឈឺចាប់ ដែលអារម្មណ៍ទាំងនោះបានជះឥទ្ធិពលដល់សាច់ដុំលើផ្ទៃមុខមនុស្សទាំងគូ។

ដោយឡែក Tony Little អ្នកស្រាវជ្រាវផ្នែកចិត្តវិទ្យា បានលើកឡើងថា មនុស្សតែងតែចាប់អារម្មណ៍ទៅលើមនុស្សដែលមានមុខមាត់ស្រដៀងនឹងខ្លួនឯង។ លោកពន្យល់ថា មនុស្សងាយនឹងផ្ដល់ការទុកចិត្ត ចំពោះមនុស្សដែលមានមុខមាត់ស្រដៀងខ្លួន ដែលខួរក្បាលគិតថាបានស្គាល់បុគ្គលនោះច្បាស់ ដូចជាខ្លួនឯងដូច្នេះដែរ។
បន្ថែមពីនេះ តាមរយៈការសង្កេតរបស់ Emma Pierson ដែលសិក្សាទៅលើមនុស្សរាប់លាននាក់នៅលើគេហទំព័ររកគូ e Harmony បានរកឃើញថា មនុស្សច្រើនតែជ្រើសរើសមនុស្សដែលមានលក្ខណៈស្រដៀងគ្នា មិនថាទាំងរូបរាងខាងក្រៅ អត្តចរិត និងចំណង់ចំណូលចិត្តនោះទេ។
ទាំងនេះហើយ គឺជាហេតុផលដែលនាំឱ្យគូស្នេហ៍ជាច្រើនគូ ចាប់ផ្ដើមមានមុខមាត់ និងអត្តចរិតស្រដៀងគ្នានៅពេលដែលស្រឡាញ់ និងរស់នៅជុំគ្នារយៈពេលយូរ តាមរយៈការពន្យល់តាមបែបចិត្តវិទ្យា និងវិទ្យាសាស្រ្ត៕

