រាល់ព្រឹត្តិការណ៍ជាតិដែលតែងប្រារព្ធរៀបចំធ្វើជារៀងរាល់ឆ្នាំនៅកម្ពុជានឹងទទួលបានកញ្ចប់ថវិកាជំនួយ ខណៈដែលរដ្ឋាភិបាលសម្រេចដាក់ឱ្យដំណើរការ «កម្មវិធីផ្ដល់មូលនិធិបដិភាគ» ដើម្បីជំរុញការផ្សព្វផ្សាយព្រឹត្តិការណ៍ជាតិកម្ពុជានៅលើឆាកអន្តរជាតិ។
តាមរយៈការជូនដំណឹងនៅលើផេកផ្លូវការក្រសួងទេសចរណ៍បានឱ្យដឹងថា ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) បានដាក់ឱ្យដំណើរការនូវ «កម្មវិធីផ្តល់មូលនិធិបដិភាគ៖ ការផ្សព្វផ្សាយព្រឹត្តិការណ៍ជាតិទៅកាន់ពិភពលោក» (Matching Grant: Overseas Promotion of Events) ដើម្បីគាំទ្រដល់ការផ្សព្វផ្សាយព្រឹត្តិការណ៍ជាតិរបស់កម្ពុជាលើឆាកអន្តរជាតិ។ នៅក្នុងកម្មវិធីនេះ CTB នឹងផ្តល់កញ្ចប់ថវិកាឧបត្ថម្ភរហូតដល់ ២០,០០០ ដុល្លារអាមេរិក ក្នុងមួយព្រឹត្តិការណ៍ ដើម្បីវិនិយោគរួមគ្នា លើការផ្សព្វផ្សាយទៅក្រៅប្រទេសសម្រាប់ព្រឹត្តិការណ៍នានាដែលធ្លាប់បានរៀបចំជារៀងរាល់ឆ្នាំនៅកម្ពុជា។
កម្មវិធីនេះមានគោលបំណងសំខាន់ ដើម្បីបង្កើនភាពលេចធ្លោរបស់ព្រឹត្តិការណ៍កម្ពុជាលើឆាកអន្តរជាតិ ទាក់ទាញភ្ញៀវទេសចរពីជុំវិញពិភពលោក និងធ្វើឱ្យការប្រារព្ធពិធីបុណ្យវប្បធម៌ ក៏ដូចជាបុណ្យប្រពៃណី និងព្រឹត្តិការណ៍ក្នុងស្រុក ក្លាយជាចលករយុទ្ធសាស្ត្រដ៏សំខាន់ក្នុងការជំរុញកំណើនទេសចរណ៍ និងផ្សព្វផ្សាយកិត្តិនាមរបស់កម្ពុជា។ ស្ថាប័នសាធារណៈ អង្គការ ភ្នាក់ងារទីផ្សារ និងទំនាក់ទំនង ត្រូវបានលើកទឹកចិត្តឱ្យដាក់ឱ្យដាក់ពាក្យស្នើសុំចូលរួមក្នុងកម្មវិធីនេះ៕
រូបភាព ៖ ក្រសួងទេសចរណ៍